សុភាសិត

ក្ដៅ​ស៊ី​រាក់ ត្រជាក់​ស៊ី​ជ្រៅ

និយមន័យៈ ទង្វើ​ដោយ​ភ្លើង​កំហឹង​បាន​ផល​តិច​ជាង​ទង្វើ​ដោយ​អារម្មណ៍​ស្ងប់ ។

អត្ថាធិប្បាយ

អត្ថានុរូប

ក្ដៅ​ស៊ី​រាក់ៈ ម្ហូប​អាហារ​ដែល​នៅ​ក្ដៅ គេ​ហូប​បាន​តិចៗ សើៗ លើ​មាត់​ចាន គេ​មិន​អាច​លូក​ជ្រៅ​បាន​ទេ ព្រោះ​វា​នាំ​ឲ្យ​រលាក​មាត់ ។
ត្រជាក់​ស៊ី​ជ្រៅៈ ម្ហូប​អាហារ​ដែល​ត្រជាក់​ គេ​ហូប​បាន​ច្រើនៗ គេ​អាច​ចូក​លូក​ជ្រៅ​បន្តិច​ក៏​បាន ព្រោះ​វា​ត្រជាក់ មិន​នាំ​ឲ្យ​រលាក​មាត់​ទេ ។

អត្ថប្បដិរូប

មនុស្ស​ដែល​មាន​អារម្មណ៍​ឆាប់​មួរម៉ៅ​ក្ដៅ​ក្រហាយ គេ​ហៅ​មនុស្ស​ចិត្ត​ស្រាល ។ មនុស្ស​នេះ​ បើ​ធ្វើ​ការ​អ្វី​ឲ្យ​តែ​ទាស់​ចិត្ត​បន្តិច គេ​ច្រលោត​តោតតូង បោក​ប្រាស់​ខូច​ខ្ទេច​ខ្ទីរ​អស់ ។
បើ​គេ​និយាយ​ស្ដី​ទៅ​នឹង​អ្នកណា​ម្នាក់ ហើយ​គេ​ធ្វើ​ឲ្យ​ថ្នាំង​ថ្នាក់​ចិត្ត​តែ​បន្តិច​ គេ​មាន​ប្រតិកម្ម​តប​ត បង្ក​ហេតុ​បណ្ដាល​ឲ្យ​មាន​រឿង​ឈ្លោះ​ប្រែក​គ្នា​ភ្លាម ព្រោះ​គេ​មិន​សូវ​ចេះ​អត់ធ្មត់ សង្កត់​ចិត្ត​ទេ បើ​មាន​ការ​ត្រូវ​ទៅ​និយាយ​ពឹង​ពាក់​គេៗ​មិន​សូវ​ជួយ​យក​អាសារ​ទេ ។
រីឯ​មនុស្ស​ដែល​មាន​អធ្យាស្រ័យ​ត្រជាក់ គេ​ហៅ​មនុស្ស​ចិត្ត​ធ្ងន់ ។ មនុស្ស​នេះ បើ​ធ្វើ​ការ​អ្វី ទោះ​បី​មាន​ខូចខាត​បន្តិច​បន្តួច គេ​ចេះ​អត់ធ្មត់ រួច​ធ្វើ​ត​ទៅ​ទោត​ទាល់​តែ​បាន​សម្រេច​ផល ។
មនុស្ស​ចិត្ត​ត្រជាក់ បើ​ទៅ​និយាយ​កិច្ចការ​អ្វី​នឹង​អ្នក​តូច អ្នក​ធំ ច្រើន​បាន​សម្រេច​ផល ព្រោះ​គេ​ចេះ​ប្រើ​សម្ដី​ទន់​ភ្លន់ សុភាព​រាបសារ​គួរ​ឲ្យ​អាណិត ។
ម្យ៉ាងទៀត បើ​អ្នក​ធំ ឬ​ចៅហ្វាយ​នាយ​ស្ដី​បន្ទោស​ឲ្យ​គេៗ​ចេះ​បន្ទន់​ឥរិយាបថ អង្វរ​ក​ទាល់​តែ​គេ​ទន់​ចិត្ត​អាណិត​អាសូរ យក​ទោស​លែង​កើត ៕

ក្រមុំ​សាប​ដូច​ទឹក​ទន្លេ​ប្រពន្ធ​គេ​ឈ្ងុយ​ដូច​ដូង​ដុត

និយមន័យៈ គ្រោះ​ថ្នាក់​នៃ​ប្រព្រឹត្តិកម្ម​ក្នុង​ផ្លូវ​ស្នេហា​លើ​ប្រពន្ធ​គេ ។

អត្ថាធិប្បាយ

នារី​ដែល​នៅ​ក្នុង​វ័យ​ក្រមុំ​ជា​វ័យ​ដែល​ល្អ​ប្រសើរ ​បំផុត ។ ប៉ុន្តែ​នៅ​ពេល​នេះ លោក​ពុំ​មាន​ចេតនា​ចង់​និយាយ​ពី​តម្លៃ​របស់​ស្ត្រី​ក្រមុំ​ទេ គឺ​លោក​ចង់​និយាយ​អំពី​គ្រោះថ្នាក់​នៃ​អ្នក​ដែល​សហាយ​ស្មន់​នឹង​ប្រពន្ធ​ គេ ។

ក្រមុំ​សាប​ដូច​ទឹក​ទន្លេ

ស្ត្រី​ក្រមុំ​គឺ​ជា​ស្ត្រី​ស្ថិត​នៅ​ក្នុង​វ័យ «រង់ចាំ» ។ ពេល​ដែល​នាង​ស្ថិត​នៅ​ក្នុង​វ័យ​រង់ចាំ​នេះ បើ​មាន​កំលោះ​ណា​ទៅ​ញ៉េះញ៉ោះ លែបខាយ​ពាក្យ​សម្ដី​ក្នុង​ផ្លូវ​លោកីយ៍​ក៏​ដោយ ក៏​ចាស់​ទុំ​ពុំ​សូវ​ចាប់​ទោស​អូស​ដំណើរ​ខ្លាំងក្លា រហូត​ដល់​ប្ដឹង​ឡើង​តុលាការ​ដែរ គឺ​គ្រាន់​តែ​ស្ដីបន្ទោស និង​ធ្វើការ​ព្រមាន​ប៉ុណ្ណោះ ។ ប្រសិនបើ​រឿង​នេះ​ឈាន​ទៅ​ដល់​ការ​ប្រាសចាក​ប្រពៃណី​ដោយ​សាមីជន​ទាំង​ពីរ​ ព្រមព្រៀង​គ្នា​ទៀត​ផង​នោះ គេ​ក៏​ពុំ​សូវ​ដែល​ឃើញ ដែល​ឮ​ថា​ឪពុក​ម្ដាយ អាណាព្យាបាល ឬ​បងប្អូន​ញាតិ​ខាង​ស្រី​ដេញ​បាញ់ ដេញ​កាប់ សម្លាប់​កូន​ប្រុស​នោះ​ដែរ ដោយ​គ្រាន់​តែ​ប្ដឹង​ទៅ​សមត្ថកិច្ច​ដើម្បី​ទាមទារ​ឲ្យ​ភាគី​ខាង​កូនប្រុស​ បង់​ជំងឺ​ចិត្ត​ប៉ុណ្ណោះ ។ ជួនកាល បើ​វាសនា​មាន គេ​ចាប់​ឲ្យ​រៀបការ​ទៀត​ក៏​សឹង​មាន​ដែរ ។

ប្រពន្ធ​គេ​ឈ្ងុយ​ដូច​ដូង​ដុត

ប្រពន្ធ​គេ​គឺ​ស្ត្រី​ដែល​ច្បាប់​រដ្ឋ​ទទួល​ស្គាល់​ ថា​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​ជនណា​ម្នាក់ ។ បាន​សេចក្ដី​ថា ស្ត្រី​ប្រភេទ​នេះ​មាន​ម្ចាស់​ហួងហែង ថែរក្សា​ហើយ ។
ដូង​ដុតៈ គឺ​សាច់​ដូង​ទុំ​ដែល​គេ​ដុត វា​មាន​ក្លិន​ឈ្ងុយ​ឆួល ។ គេ​តែង​យក​វា​ទៅ​ធ្វើ​ជា​នុយ​សម្រាប់​ស្ទូច​ត្រី ។ ត្រី​ធុំ​ក្លិន​ភ្លាម ត្របាក់​ភ្លាម តែ​វា​ក៏​ងាប់​ភ្លាម​ដែរ ។
ហេតុ​បាន​ជា​លោក​ពោល​ថា ប្រពន្ធ​គេ​ឈ្ងុយ​ដូច​ដូង​ដុត ព្រោះ​ប្រសិនណា​បើ​មាន​បុរស​ល្មោភកាម​ណា​ម្នាក់​ប្រថុយ​ផ្សង​ស្នេហ៍​ជាមួយ​ ប្រពន្ធ​គេ វាសនា​របស់​គេ​ប្រហែល​មិន​ខុស​ពី​ត្រី​ដែល​ត្របាក់​ដូង​ដុត​ប៉ុន្មាន​ដែរ ។
ជាញឹកញាប់​ណាស់ គេ​តែង​ឮ​ថា បុរស​ដែល​ផ្សង​ស្នេហ៍​ជាមួយ​ប្រពន្ធ​គេ​នោះ ក្បាល​របស់​គេ​ត្រូវ​គ្រូពេទ្យ​ដេរ​ម្ភៃ​សាមសិប​ថ្នេរ ។ ជួនកាល​ឮ​ថា មិន​ពិបាក​គ្រូពេទ្យ​ដេរ​ទេ ព្រោះ​គេ​ត្រូវ​រលត់​ធាតុ​បាត់​ទៅ​ហើយ ។
ការណ៍​ដែល​លោក​លើក​ឡើង​ថា ក្រមុំ​សាប​ដូច​ទឹក​ទន្លេ​នោះ គឺ​ក្នុង​ន័យ​ចំអក​ផង ក្នុង​ន័យ​ប្រៀបធៀប​ជា​ឧបមាណ​វិធី​ផង ។ ម្យ៉ាង​ទៀត​លោក​ចង់​ពោល​ត្រង់ៗ​ថា ក្រមុំ​សាប​ណាស់​ទៅ​ឬ ? បាន​ជា​ទៅ​ស្រឡាញ់​ប្រពន្ធ​គេ ទោះបី​ដឹង​ថា​មាន​គ្រោះថ្នាក់​ច្រើន​ក៏​ដោយ ៕

កុំ​ខ្វើក​តាម​ខ្យល់​កុំ​ខ្វល់​តាម​ស្រី

និយមន័យៈ ធ្វើ​អ្វីៗ​ត្រូវ​ចេះ​គិត​ពិចារណា​កុំ​ស្ទុះ​តាម​គេ​ញាក់ ។

អត្ថាធិប្បាយ

កុំ​ខ្វើក​តាម​ខ្យល់

ពាក្យ​ថា «ខ្វើក» មាន​ន័យ​ថា​កម្រើក​តិចៗ ។ តែ​ខ្វើក​ក្នុង​ទីនេះ​មាន​ន័យ​ថា «ងាក​ភ្លេត​ទៅ​លិច ងាក​ភ្លេត​ទៅ​កើត» ។ លោក​ចង់​បញ្ជាក់​ប្រាប់​ថា កិច្ចការ​សព្វ​សារពើ​មុន​នឹង​ធ្វើ​ត្រូវ​ចេះ​គិត​ពិចារណា​ឲ្យ​គ្រប់​ ជ្រុងជ្រោយ​ជា​មុន​សិន កុំ​ចេះ​តែ​ខ្វើក​ទៅ​តាម​គេ​ញាក់ គេ​បបួល​ម្ដង​ទៅ​ឆ្វេង ម្ដង​ទៅ​ស្ដាំ​ឲ្យ​សោះ ។

កុំ​ខ្វល់​តាម​ស្រី

ពាក្យ​ថា «ស្រី» ក្នុង​ទី​នេះ​លោក​ ពោល​យក​ស្ត្រី​ដែល​វប្បធម៌​នៅ​មាន​កម្រិត ព្រោះ​ស្ត្រី​ប្រភេទ​នេះ​ច្រើន​ចិត្ត​ស្រាល​គិត​ខ្លី ។ បើ​គេ​ឈ្លោះ​នឹង​អ្នកណា ឬ​ខឹង​នឹង​អ្នក​ណា សឹង​តែ​ស្ទុះ​ទៅ​ប្រហារ​គេ​តាម​កម្លាំង​បាយ ឬ​តាម​កម្លាំង​អំណាច​បុណ្យ​សក្តិ​ប្ដី ។ សម​ដូច​ពាក្យ​លោក​ថា ប្ដី​សក្ដិ​បួន​ប្រពន្ធ​សក្ដិ​ប្រាំ ឬ​ច្រើន​ជាង​នេះ​ទៀត ។
ដូចនេះ អ្នក​ប្រុស​ជា​ប្ដី​ត្រូវ​ចេះ​គិត​ពិចារណា​ឲ្យ​ម៉ដ្ឋចត់​ល្អិតល្អន់​មែនទែន កុំ​ចេះ​តែ​ខ្វល់ខ្វាយ​ខឹង​ច្រឡោត​តោតតូង​ទាំង​កំរោល​ទៅ​តាម​ប្រពន្ធ​ញាក់​ ឲ្យ​សោះ ។
ពាក្យ​ចាស់​លោក​ថា បើ​ស្រីៗ​ឈ្លោះ​គ្នា​ខ្លាំង​ណាស់​ត្រឹម​រហែក​អាវ និង​ដាច់​សាច់​មុខ​ប៉ុណ្ណោះ ។ ប៉ុន្តែ​បើ​ប្រុសៗ​ឈ្លោះ​គ្នា​វិញ គឺ​មាន​ស្លាប់​មាន​រស់ យ៉ាងហោច​ណាស់​ក៏​ត្រូវ​មាន​ចូល​មន្ទីរពេទ្យ​មិន​ខាន ។
ពាក្យ​ខាងលើ​នេះ ព្រះរាជ​សម្ភារ​លោក​សង្កត់​ធ្ងន់​ទៅ​លើ​អ្នក​ជា​ប្ដី​ថា កុំ​ឲ្យ​ខ្វល់​តាម​ប្រពន្ធ​ពេក ៕

កុំ​បោះ​សន្ទូច​រំលង​ភ្នំ

និយមន័យៈ ទង្វើ​អ្វីៗ​ត្រូវ​ធ្វើ​តាម​ឋានានុក្រម ។

អត្ថាធិប្បាយ

សន្ទូច​ក្នុង​ពេល​នេះ លោក​សំដៅ​យក​កិច្ចការ​ដែល​ត្រូវ​ធ្វើ ។ ភ្នំ​ក៏​ជា​តំណាង​តួអង្គ​មន្ត្រី​អ្នក​មាន​បុណ្យសក្តិ​ធំ​ណា​ម្នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​កិច្ចការ​នេះ ។
កិច្ចការ​អ្វី​ក៏​ដោយ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​ គេ​ធ្វើ​ពី​ថ្នាក់​ក្រោម​បញ្ជូន​ឡើង​ទៅ​លើ​ជានិច្ច ។ ដូច្នេះ បើ​ចង់​ធ្វើ​កិច្ចការ​អ្វី​នីមួយៗ​លោក​ប្រាប់​ថា ត្រូវ​ធ្វើ​តាម​លំដាប់​លំដោយ គឺ​ធ្វើ​តាម​ឋានានុក្រម​ពី​ទាប​ទៅ​ខ្ពស់ ដោយ​មិន​អាច​រំលង​មន្ត្រី​ធំ​ណា​ម្នាក់​ឡើយ ។
ឧទាហរណ៍ៈ គេ​ធ្វើ​កិច្ចការ​អ្វី​មួយ​ដែល​ត្រូវ​ឡើង​ទៅ​ដល់​ថ្នាក់​ខេត្ត ។ គេ​ត្រូវ​ធ្វើ​កិច្ចការ​នោះ​ពី​ថ្នាក់​មូលដ្ឋាន​ រួច​ឡើង​ទៅ​ស្រុក​ ទើប​បន្ត​ទៅ​ខេត្ត​ទៀត ។ គេ​មិន​ត្រូវ​រំលង​ផ្លោះ​ចោល​មន្ត្រី​ស្រុក​បាន​ទេ ។ មន្ត្រី​ស្រុក​នេះ​លោក​ចាត់​ទុក​ថា​ជា​ភ្នំ​មួយ​ដែរ​ហើយ ។
ការ​ដែល​គេ​លោត​ផ្លោះ​បោះ​សន្ទូច​រំលង​មន្ត្រី​ស្រុក ​ដែល​លោក​ចាត់​ទុក​ជា​ភ្នំ​មួយ​ដែរ​នោះ គឺ​ជា​ការ​មួយ​ដែល​ធ្វើ​ឲ្យ​ខុស​នឹង​នីតិវិធី ។ កាល​បើ​ទង្វើ​ខុស​នឹង​នីតិវិធី​បែប​នេះ​ហើយ​ អាច​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​ទៀត ។
រួម​សេចក្ដី​មក មន្ត្រី​ថ្នាក់​ណា​ក៏​ដោយ​ឲ្យ​តែ​ពាក់ព័ន្ធ​ក្នុង​ការងារ​នេះ មិន​គួរ​គប្បី​រំលង​ជា​ដាច់​ខាត​ ដើម្បី​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​ច្បាប់ ៕

កុំ​រា​មុខ​ដឹង​កុំ​ទទឹង​មុខ​ទ័ព

និយមន័យៈ កុំ​នៅ​ពី​មុខ​អ្នក​មាន​អំណាច​ខ្លាំង ។

អត្ថាធិប្បាយ

«ដឹង» គឺ​ជា​ឧបករណ៍​ម្យ៉ាង​សម្រាប់​ចាំង​ឈើ ។ វា​មាន​ផ្លែ​រាង​ដូច​ពូថៅ តែ​ផ្លែ​វា​នៅ​ទទឹង​ដង និង​មាន​កន្ទុយ​វែង​ឡើង​លើ​សម្រាប់​ជា​ជំនួយ​ធ្វើ​ឲ្យ​មាន​លំនឹង មិន​ផ្លាត​ទៅ​ឆ្វេង​ទៅ​ស្ដាំ​ផង និង​ជួយ​យោល​យោគ​នៅ​ពេល​ចាំង​ផង ។

កុំ​រា​មុខ​ដឹង

នៅ​ពេល​គេ​កំពុង​ចាំង​ឈើ គេ​មិន​ត្រូវ​ទៅ​នៅ​ពី​មុខ​ដឹង​ឡើយ ព្រោះ​ផ្លែ​វា​អាច​រង្គោះ​ខ្ទាត​ចេញ នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​បង្ក​របួស​ស្នាម​ជា​ទម្ងន់ ។ ម្យ៉ាងទៀត អ្នក​ចាំង​ពុំ​សូវ​បាន​មើល​អ្វី​ក្រៅ​ពី​ចំណុច​ដែល​ត្រូវ​ដាក់​ផ្លែ​ដឹង​ ដើម្បី​ចាំង​នោះ​ទេ ។

កុំ​ទទឹង​មុខ​ទ័ព

កាល​ដើម​ឡើយ ចាស់ៗ​តែង​និយាយ​ប្រាប់​កូនចៅ​ថា ពេល​ស្រុក​មាន​អសន្តិសុខ ក្បួនទ័ព​ត្រូវ​ធ្វើ​ដំណើរ​ទៅ​សមរភូមិ​ដោយ​ថ្មើរ​ជើង ។ ពេល​កំពុង​យាត្រា​ដូច្នេះ ចាស់ៗ​តែង​ចាប់​កូន​ចាប់​ចៅ ដោយ​ខ្លាច​ក្រែង​វា​រត់​កាត់​មុខ​ទ័ព ព្រោះ​កាល​ជំនាន់​នោះ កាលណា​មាន​ក្បួន​យាត្រា​ទ័ព អ្នក​ស្រុក​ប្រយ័ត្ន​ណាស់ ជាពិសេស​មិន​អាច​ស្ត្រី​មាន​ផ្ទៃពោះ​ដើរ​កាត់​មុខ​ទ័ព​ទេ ព្រោះ​គេ​ប្រកាន់​ថា វា​នឹង​នាំ​មក​ភាព​បរាជ័យ ។ ដូច្នេះ គេ​ត្រូវ​តែ​ប្រហារ​ជីវិត​ចោល ។
នៅ​ពេល​ស្រុក​ជឿនលឿន ក្បួន​យាត្រា​ទ័ព គេ​ធ្វើ​តាម​រថយន្ត ប៉ុន្តែ​យាត្រា​ទ័ព​ក៏​នៅ​តែ​មាន​អាជ្ញា​សឹក​ពិសេស​ដដែល ព្រោះ​ទ័ព​នេះ​ហើយ​ជា​អ្នក​ការពារ​ជាតិ​មាតុភូមិ និង​បូរណភាព​ទឹក​ដី ៕

កុំ​ទុំ​មុន​ស្រគាល

និយមន័យៈ កុំ​តាំង​ខ្លួន​ធ្វើ​គ្រាន់​មុន​ចេះ​ដឹង ។

អត្ថាធិប្បាយ

អត្ថានុរូប

ផ្លែ​ឈើ​ទាំងអស់​ត្រូវ​មាន​លក្ខណៈ​៥​យ៉ាង​ទើប​ត្រឹមត្រូវ​តាម​លក្ខណៈ​ធម្មជាតិ​គឺ ៖ ក្ដឹប ខ្ចី ចាស់ ស្រគាល និង​ទុំ ។
ប្រសិនបើ​គ្រប់​លក្ខណៈ​ទាំង​៥​នេះ​ហើយ ផ្លែ​ឈើ​នោះ​ទើប​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ពិសា ។ ប្រសិនបើ​មាន​គេ​យក​ផ្លែឈើ​ដែល​ស្ទើរ​ចាស់​ទៅ​បន្ទុំ​ថ្ម វា​អាច​ទុំ​បាន​ដែរ ប៉ុន្តែ​មិន​សូវ​មាន​រសជាតិ​ផ្អែម​ល្អ មិន​គួរ​ឲ្យ​ចង់​បរិភោគ​ទេ ព្រោះ​វា​ទុំ​ទាំង​បង្ខំ ។

អត្ថប្បដិរូប

ទង្វើ​អ្វី​ក៏​ដោយ ប្រសិនបើ​ធ្វើ​ដោយ​ច្រូត​កាត់​ច្រើន​តែ​ជួប​នឹង​ផលវិបាក​ផ្សេងៗ ។ ម្យ៉ាងទៀត​មុន​នឹង​ចូល​ទៅ​ប្រកប​ការងារ​អ្វី​មួយ ត្រូវ​ស្វែង​យល់ ស្វែង​ចេះ​អំពី​កិច្ចការ​នោះ​ជាមុន​សិន សឹម​ចាប់​ការងារ​នោះ​ជា​ខាង​ក្រោយ​ទើប​មាន​ប្រសិទ្ធភាព ។
ទំនៀមទម្លាប់​ប្រពៃណី​បាន​ដឹក​នាំ​ឲ្យ​ស្ត្រី​ខ្មែរ​មាន​ចរិយា និង​សណ្ដាប់​ធ្នាប់​ល្អ​ណាស់ គឺ​មុន​នឹង​មាន​ប្ដី ត្រូវ​មាន​គេ​ចូល “ចែចូវ” តាម​ច្បាប់​ទម្លាប់ ។ ប៉ុន្តែ​បើ​មាន​ស្ត្រី​ណា​មាន​ប្ដី​ខ្លួនឯង ឬ​មាន​ទម្ងន់​ទើប​រៀបការ​ជា​ក្រោយ អាហ្នឹង​គេ​ហៅ​ថា ទុំ​មុន​ស្រគាល​ហើយ ។
មាន​មន្ត្រី​ខ្លះ​បាន​ចូល​ធ្វើការ​រដ្ឋ ឬ​ចូល​កាន់​តំណែង​ខ្លឹម​ណា​មួយ​តាម​រយៈ​បក្សពួក ឬ​តាម​រយៈ​សំណូក ។ ប៉ុន្តែ​គ្មាន​ចេះ​អ្វី​សោះ ។ លុះ​បាន​ចូល​ធ្វើការ ឬ​ចូល​កាន់​មុខ​តំណែង​ហើយ​ទើប​រៀន​តាម​ក្រោយ ។ អាហ្នឹង​គេ​ហៅ​ថា ទុំ​មុន​ស្រគាល​ហើយ ។
សមណៈ​ខ្លះ​បាន​បួស​រួច​ហើយ ទើប​រៀន​អក្សរ ឬ​រៀន​ធម៌​តាម​ក្រោយ ។ អាហ្នឹង​គេ​ហៅ​ថា ទុំ​មុន​ស្រគាល​ដែរ ៕

កុំ​ពត់​ស្រឡៅ​កុំ​ប្រដៅ​ស្រី​មានះ

និយមន័យៈ ភាព​រឹងត្អឹង​របស់​ស្រី​មានះ ។

អត្ថាធិប្បាយ

កុំ​ពត់​ស្រឡៅ

ស្រឡៅ​ជា​ដើម​ឈើ​ធំ​ខ្ពស់​ដូច​គគីរ ​ដែរ ប៉ុន្តែ​មិន​មូល​ស្រលន​ទេ ព្រោះ​វា​មាន​ពួរ​កំពីក​កំពក សណ្ដូក​តាម​ដើម ។ គេ​តែង​យក​ពួរ​នេះ​មក​ធ្វើ​ដង​ចប កាំបិត ពូថៅ ។ល។ ព្រោះ​វា​មាន​ភាព​រឹង​ល្អ ។ ប៉ុន្តែ​វា​មាន​លក្ខណៈ​ពិសេស​មួយ គឺ​បើ​វា​វៀច ឬ​កោង​បែប​ណា​ហើយ គេ​មិន​អាច​ពត់ ឬ​តម្រង់​វា​បាន​ទេ ។ បើ​គេ​រោល​ភ្លើង​ពត់​វា វា​អាច​ទៅ​តាម​ដៃ​បាន ប៉ុន្តែ​ដល់​ពេល​លែង​ដៃ វា​នឹង​ទៅ​រក​កន្លែង​ដើម​វិញ​ដដែល ។

កុំ​ប្រដៅ​ស្រី​មានះ

ជាទូទៅ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង ស្ត្រី​ ភេទ​តែង​មាន​ចរិត​ទន់ភ្លន់ ចរិយា​ស្លូតបូត អាច​សម្រប​សម្រួល​ទៅ​តាម​បរិយាកាស​បាន​ស្រួល សូម្បី​សម្លៀក​បំពាក់ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា​ក៏​អាច​ផ្លាស់​ប្ដូរ​ទៅ​តាម​ប្ដី​បាន​ដែរ ។
ប៉ុន្តែ​ចំពោះ​ស្រី​មានះ​វិញ រមែង​មាន​អស្មិ​រឹងត្អឹង​ដូច​ដែក​ថែប ។ បើ​មាន​ប្ដី​ក៏​ពុំ​រណប ឬ​ចុះ​ញ៉ម​ដែរ គឺ​គេ​សុខ​ចិត្ត​លែង​លះ​គ្នា​ដ៏​បាន​ដែរ ដែល​ថា​ឲ្យ​ឱន​លំទោន​ចុះ​ចាញ់​អ្នកឯង​ប្រាកដ​ជា​អត់​សោះ​តែ​ម្ដង ។
ហេតុ​នេះ​ហើយ​បាន​ជា​លោក​ពោល​ថា កុំ​ពត់​ស្រឡៅ កុំ​ប្រដៅ​ស្រី​មានះ ៕

កោកៗ​សឹក​តែ​មាត់​ត្រដោក​ឆ្អែត​តែ​ពោះ​ក្របី

និយមន័យៈ ការ​ទូន្មាន​ប្រៀនប្រដៅ​ដែល​គ្មាន​ប្រសិទ្ធភាព ។

អត្ថាធិប្បាយ

អត្ថានុរូប

ត្រដោក ជា​ប្រដាប់​ធ្វើ​ពី​ឈើ ឬ​ឫស្សី និង​មាន​គ្រាប់​នៅ​ខាងក្នុង​សម្រាប់​ចង​នៅ​ក​ក្របី ។ កាលណា​វា​ឱន​ស៊ី​ស្មៅ គ្រាប់​នោះ​ប៉ះទង្គិច​នឹង​មាត់​ត្រដោក​ឮ​សូរ​ប៉ូកៗ ។
ទោះជា​សំឡេង​ត្រដោក​ឮ​សូរ​យ៉ាងណា​ក៏​ដោយ ក៏​ក្របី​នោះ​មិន​រវល់​អើពើ​ដែរ គឺ​វា​គិត​តែ​ពី​ស៊ី​ស្មៅ​តាម​ទម្លាប់​ធម្មតា​របស់​វា ។ គ្រាប់​ត្រដោក​ប៉ះទង្គិច​នឹង​មាត់​ត្រដោក​យូរៗ​ទៅ​ក៏​ធ្វើ​ឲ្យ​សឹក​រេចរឹល​ មាត់​ត្រដោក ឯ​ក្របី​ស៊ី​ស្មៅ​យ៉ាង​ឆ្អែត​តឹង​ពោះ ព្រោះ​សំឡេង​ត្រដោក​គ្មាន​អ្វី​ធ្វើ​ឲ្យ​ខាត ឬ​ចំណេញ​ដល់​វា​ទេ ។

អត្ថប្បដិរូប

លោក​បាន​ប្រៀបធៀប​ន័យ​ខាងលើ​នេះ​ទៅ​នឹង​មនុស្ស​ខ្លះ​ ដែល​ឪពុក​ម្ដាយ អាណាព្យាបាល ឬ​គ្រូបាអាចារ្យ​ខំប្រឹង​ប្រៀនប្រដៅ​អប់រំ​ទូន្មាន​យ៉ាងណា​ក៏​ដោយ ក៏​គេ​ពុំ​ខ្ចី​ធ្វើ​ដឹង ធ្វើ​ឮ​អ្វី​ដែរ ។ គេ​គិត​តែ​ពី​ធ្វើ​អ្វី​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​គេ ។ អ្នកទូន្មាន​ខំប្រឹង​និយាយ​ប៉ោចៗ​បាន​ត្រឹមតែ​សឹក​បបូរ​មាត់​ឥត​ប្រយោជន៍ ។ ឯ​កូនចៅ សិស្ស ធ្វើ​ព្រងើយ​ហាក់​ដូច​គ្មាន​បាន​ដឹង​ឮ​អ្វី​ទាំងអស់ ។ ន័យ​នេះ​មិន​ខុស​ពី​សត្វ​ក្របី​ដែល​មិន​រវល់​នឹង​សំឡេង​ត្រដោក​ដូច្នោះ​ ដែរ ៕

កុំ​តូច​ចិត្ត​នឹង​វាសនា​កុំ​តវ៉ា​នឹង​ព្រហ្មលិខិត

និយមន័យៈ ត្រូវ​ចេះ​តស៊ូ និង​អត់ធ្មត់​នូវ​អ្វី​ដែល​ខ្លួន​បាន​ទទួល ។

អត្ថាធិប្បាយ

វាសនា = សំណាង, សំណាង = ការ​សាង

កុំ​តូច​ចិត្ត​នឹង​វាសនា

វាសនា ជា​បច្ច័យ​បាន​មក​ពី​ការ​កសាង ។ ការ​កសាង​នេះ​ជួន​មាន​មក​ពី​អតីត​ជាតិ ជួន​មាន​ក្នុង​បច្ចុប្បន្ន​ជាតិ ។
តាម​ទ្រឹស្ដី​នៃ​ព្រះពុទ្ធសាសនា​បាន​បញ្ជាក់​ថា វាសនា​របស់​បុគ្គល​ម្នាក់ៗ​សុទ្ធ​តែ​កើត​មាន​ឡើង​អំពី​អំពើ​របស់​ខ្លួន​ ម្នាក់ៗ​ជានិច្ច ។ បើ​ខ្លួន​បាន​សាង​សន្សំ​នូវ​កម្ម​អ្វី កម្ម​នោះ​នឹង​ផ្ដល់​មក​ឲ្យ​ខ្លួន​វិញ ។ ដូចជា បើ​បុគ្គល​សាង​នូវ​សុកល​កម្ម​រមែង​បាន​ទទួល​នូវ​កុសល​ធម៌ (ភាវៈ​ល្អ) ។ បើ​បុគ្គល​សាង​អកុសល​កម្ម​រមែង​បាន​ទទួល​នូវ​អកុសល​ធម៌ (ភាវៈ​អាក្រក់) ។ ន័យ​នេះ​មាន​ការ​ប្រៀបធៀប​ដូច​អ្នក​ដែល​ដាំ​ដើម​ខ្នុរ តែង​ទទួល​បាន​ផ្លែ​ខ្នុរ (ផ្អែម​ល្អ) ។ ឯ​អ្នក​ដែល​ដាំ​ដើម​ស្លែង តែង​បាន​ទទួល​ផ្លែ​ស្លែង (ពុល) ។
បើ​យោល​តាម​ទ្រឹស្ដី​ព្រះពុទ្ធសាសនា​ខាងលើ​នេះ បុគ្គល​ម្នាក់ៗ​មិន​ត្រូវ​តូច​ចិត្ត​នឹង​វាសនា​របស់​ខ្លួន​ទេ ។ ព្រោះ​អ្វីៗ​សុទ្ធ​តែ​កើត​ឡើង​អំពី​អំពើ​របស់​ខ្លួន​ទាំងអស់ ។ សម​ដូច​ពុទ្ធភាសិត​ពោល​ថា ៖ សត្តេ កម្មំ វិភជ្ជតិ សត្វ​ទាំងឡាយ​រមែង​ទទួល​នូវ​កម្ម​ដែល​ខ្លួន​បាន​សាង ។

កុំ​តវ៉ា​នឹង​ព្រហ្មលិខិត

ព្រហ្មលិខិត = ចំណារ​ព្រះព្រហ្ម ឬ​ចំណារ​ដ៏​ប្រសើរ
ព្រហ្មលិខិត ដែល​មាន​ន័យ​ថា ចំណារ​របស់​ព្រះព្រហ្ម​នោះ​ តាម​ពិត​ទៅ​ពុំ​មាន​ព្រះព្រហ្ម​ឯណា​មក​ចារ​ឲ្យ​ទេ ។ វា​គឺ​ជា «កម្ម» ដែល​ខ្លួន​បាន​សាង​នោះ​ឯង​ចារ​មក​ឲ្យ ។
ដូច្នេះ ព្រហ្មលិខិត​មាន​ន័យ​ម្យ៉ាងទៀត​ថា «កម្មលិខិត» ។ កម្ម​លិខិត​នេះ គឺ​ជា​ចំណារ ឬ​ជា​កំណត់ហេតុ​នៃ​ទង្វើ​ដែល​សត្វ​លោក​ម្នាក់ៗ​បាន​ធ្វើ​រួច​មក​ហើយ ។
តាម​ទស្សនៈ​ពុទ្ធនិយម​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រហ្មលិខិត ឬ​កម្មលិខិត​ហ្នឹង​ឯង​ជា​អ្នក​ផ្ដល់​វាសនា ឬ​បែង​ចែក​នូវ​កំណើត​មនុស្ស​លោក​គ្រប់ៗ​គ្នា (កម្ម​យោនី) ។
សុភាសិត​ទាំង​ពីរ​ឃ្លា​ខាងលើ​នេះ គង់​មាន​ន័យ​ប្រហែល​គ្នា ។ បើ​ដូច្នេះ តើ​មាន​អ្វី​ដែល​មនុស្ស​លោក​ត្រូវ​តូច​ចិត្ត ត្រូវ​តវ៉ា បើ​អ្វីៗ​ទាំងអស់​សុទ្ធ​តែ​កើត​ឡើង សម្រេច​ឡើង​ដោយ​ខ្លួនឯង​ជា​អ្នក​ធ្វើ អ្នក​សាង​ទាំងអស់ ។
«ព្រហ្មលិខិត ឬ​កម្មលិខិត» គ្រាន់​តែ​ជា​វិញ្ញាបនបត្រ​បញ្ជាក់​នូវ​កម្រិត​នៃ​ទង្វើ ឬ​ការ​សាង​របស់​មនុស្ស​លោក​ដែល​ធ្វើ​តិច ឬ​ច្រើន​ប៉ុណ្ណោះ ៕

កូន​ក្រោល​បង្គោល​ស្នឹង

និយមន័យៈ មនោសញ្ចេតនា​លើ​អ្នក​ដែល​នៅ​ជាមួយ​គ្នា​យូរ ។

អត្ថាធិប្បាយ

អត្ថានុរូប

គោ ក្របី ដែល​ម្ចាស់​ចិញ្ចឹម​យូរ​ជាង​គេ ទុក​ដូច​ជា​ម្ចាស់​ក្រោល ។ ជា​រៀងរាល់​ថ្ងៃ គេ​ដឹក​វា​ទៅ​បោះ​ស្នឹង​ឲ្យ​ស៊ី​ស្មៅ​នៅ​ឯ​វាល ដោយ​គេ​ចិញ្ចឹម​វា​ទុក​ប្រចាំ​ក្រោល​យូរ​យ៉ាង​នេះ​ហើយ គេ​ក៏​មាន​ចិត្ត​អាណិត​ស្រឡាញ់​វា​ជាង​គេ ។
ដូច្នេះ​ហើយ​ម្ចាស់​ក៏​មិន​លក់ដូរ​វា​ដែរ គឺ​គេ​ទុក​វា​ទ្រព្យ​សម្អប់ ។ គេ​ហៅ​វា​ថា កូន​ក្រោល​បង្គោល​ស្នឹង ។

អត្ថប្បដិរូប

មនុស្ស​ណា​ដែល​រស់​នៅ​ក្នុង​ស្រុក​ភូមិ​យូរ​ជាង​គេ លោក​ហៅ​ថា «ចាស់​ស្រុក» ។ លោក​ប្រៀបធៀប​មនុស្ស​នេះ​ដូច​គោ ក្របី​ប្រចាំ​ក្រោល​ដែរ ។ មនុស្ស​នេះ​បើ​មាន​បញ្ហា​អ្វី​ល្មមៗ គេ​ច្រើន​លើក​អភ័យ​ឲ្យ​ ព្រោះ​គេ​យល់​ថា ជា​ចាស់​ទុំ​ប្រចាំ​ស្រុក​ភូមិ​ទៅ​ហើយ ។
ម្យ៉ាងទៀត មនុស្ស​ណា​ដែល​ធ្វើការ​ក្នុង​អង្គភាព​បាន​យូរ​ជាង​គេ​មិន​ផ្លាស់​ប្ដូរ​ទៅណា ​គឺ​យូរ​ជា​ច្រើន​តំណ​ចៅហ្វាយ​នាយ ។ មនុស្ស​នេះ​ក៏​គេ​ចាត់​ទុក​ថា​ជា​ព្រឹទ្ធាចារ្យ​ប្រចាំ​អង្គភាព​ដែរ ។
ពំនោល​ខាងលើ​នេះ ពុំ​មែន​ជា​ពាក្យ​ប្រៀន​ប្រដៅ​អប់រំ​អ្វី​ទេ គឺ​គ្រាន់​តែ​ចង់​បញ្ជាក់​ថា មនុស្ស​ណា​ដែល​នៅ​យូរ​ក្នុង​កន្លែង​ណាមួយ តែ​មាន​គេ​រាប់អាន​ច្រើន និង​គេ​ស្គាល់​ច្រើន​ពី​សំណាក់​មហាជន​ប៉ុណ្ណោះ ។

កាប់​បំពង់​រង់​ទឹកភ្លៀង

និយមន័យៈ ការ​រង់ចាំ​ដែល​មិន​ច្បាស់​លាស់ ។

អត្ថាធិប្បាយ

អត្ថានុរូប

មាន​មនុស្ស​ខ្លះ​ដោយ​គ្រាន់​តែ​បាន​ឮ​សូរ​ផ្គរលាន់​ ក៏​នឹង​ស្មាន​ថា នឹង​មាន​ភ្លៀង​ធំ​ហើយ ។ គេ​ក៏​បោះបង់​ការងារ​ដែល​កំពុង​ធ្វើ​នៅ​ដៃ​ចោល រួច​ក៏​ប្រញាប់​ប្រញាល់​ទៅ​កាប់​ឫស្សី​ធ្វើ​បំពង់​រង់​ចាំ​ត្រង​ទឹកភ្លៀង​ ដែល​មិន​ទាន់​ទាំង​ដឹង​ច្បាស់​ថា មាន​ភ្លៀង​ឬ​ក៏​អត់​ផង ។

អត្ថប្បដិរូប

កិច្ចការ​អ្វី​ក៏​ដោយ បើ​មិន​ទាន់​ដឹង​ច្បាស់លាស់​ទេ គេ​មិន​ត្រូវ​សង្ឃឹម​ខ្លាំងក្លា​រហូត​ដល់​សុខ​ចិត្ត​ចោល​ការងារ​ដែល​កំពុង​ ធ្វើ​នៅ​ដៃ​នោះ​ទេ ។
ឧទាហរណ៍ៈ មនុស្ស​ម្នាក់​កំពុង​ធ្វើ​ចម្ការ ស្រាប់​តែ​ថ្ងៃ​មួយ​បាន​ដំណឹង​ថា មាន​គេ​បម្រុង​មក​បើក​រោងចក្រ​ក្នុង​ភូមិ​របស់​ខ្លួន ។ មនុស្ស​នោះ​ក៏​លះបង់​ការងារ​កសិកម្ម​ចោល​អស់​រលីង ។ មួយ​ថ្ងៃៗ គេ​គិត​តែ​ពី​ដើរ​ស៊ើប​ការងារ​រោងចក្រ ។ ចំណែក​ក្រុមហ៊ុន​ក៏​ពុំ​ទាន់​ប្រាកដ​ថា មក​បើក​ថ្ងៃ​ណា​ដែរ ។ ឯ​អ្នក​រង់​ចាំ​ក៏​ចេះ​តែ​រង់​ចាំ​រហូត​ទៅ គឺ​រង់​ចាំ​រហូត​ដល់​អស់​លុយ​កាក់​ពី​ខ្លួន ។
ដូច្នេះ​ការ​ដែល​ឮ​សូរ ហើយ​រង់​ចាំ​នេះ​ពុំ​ល្អ​ឡើយ ៕

កាន់​ក​ពស់​កាន់​ឲ្យ​ជាប់​ប្រយ័ត្ន​ក្រឡាប់​ខាំ​ឯ​ប្រាណ

និយមន័យៈ ការ​កាន់​ក្ដីក្ដាំ​ត្រូវ​ក្ដាប់​ឲ្យ​ណែន ប្រយ័ត្ន​គ្រោះ​ថ្នាក់​ដល់​ខ្លួន ។

អត្ថាធិប្បាយ

អត្ថានុរូប

ពស់​ក្នុង​ពេល​នេះ លោក​សំដៅ​យក​ពស់​ដែល​មាន​ពឹស​ខ្លាំង ។ លោក​ចង់​និយាយ​ប្រាប់​ថា បើ​បាន​ជា​ជ្រុល​កាន់​ក​ពស់​ហើយ ត្រូវ​ក្ដាប់​ឲ្យ​ណែន​ជាប់​ក្នុង​ដៃ ។ ព្រោះ​បើ​ធ្វេស​តែ​បន្តិច ពស់​នោះ​នឹង​ក្រឡាស់​បែរ​មក​ចឹក​អ្នក​កាន់​វិញ​មិន​ខាន ។

អត្ថប្បដិរូប

ពំនោល​ខាងលើ​នេះ លោក​ចង់​និយាយ​ថា មុន​នឹង​ចោទ​ប្រកាន់​ទៅ​លើ​ភាគី​ណា​មួយ អ្នក​ដើម​ចោទ​តោង​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ និង​ឲ្យ​បាន​ហ្មត់ចត់​ល្អិតល្អន់​ជាមុន​សិន ។ ព្រោះ​ថា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់ និង​មិន​ត្រឹមត្រូវ វា​នឹង​មាន​ផល​អាក្រក់​ស្រោច​មក​លើ​ដើម​ចោទ​វិញ ជា​ហេតុ​នាំ​ឲ្យ​មាន​ផល​វិបាក​ជា​ខ្លាំង ៕

កុំ​ស្លាប់​ដូច​ពស់​រស់​ដូច​កង្កែប

និយមន័យៈ កុំ​ធ្វើ​ខ្លួន​ឲ្យ​គេ​ខ្លាច​គ្រប់​កាល និង​រស់​គ្មាន​ន័យ ។

អត្ថាធិប្បាយ

ធម្មតា​សត្វ​សាហាវ​យ៉ាងណា​ក៏​ដោយ ពេល​ងាប់​ទៅ​គេ​លែង​ខ្លាច​វា​អស់​ហើយ ។ ប៉ុន្តែ​សត្វ​ពស់​វិញ​ងាប់​ក៏​ដោយ ក៏​គេ​នៅ​តែ​ខ្លាច​ដដែល ។

អត្ថានុរូប

ពស់​នៅ​ពេល​នេះ លោក​សំដៅ​យក​ពស់​ដែល​មាន​ពឹស ។ ពេល​វា​នៅ​រស់ អ្នក​ផង​ទាំង​ពួង​តែងតែ​ខ្លាច​រអា​គ្រប់ៗ​គ្នា​ទាំង​ក្មេង​ទាំង​ចាស់ ។ លុះ​ពេល​វា​ងាប់​ទៅ​ក៏​គេ​នៅ​តែ​ខ្លាច​វា​ដដែល ។ កម្លាច​នេះ​ដោយ​គិត​ថា​វា​មិន​ទាន់​ងាប់​មែន​ទែន ។ បើ​ឃើញ​វា​ហើម​ស្អុយ​រលួយ​ក៏​នៅ​គិត​ថា​ក្រែង​ពឹស​វា​នៅ​ជាប់​តាម​ឆ្អឹង​ ឆ្អែង​ទៀត ។
រីឯ​សត្វ​កង្កែប​គឺ​ជា​សត្វ​ស្លូត​ ហើយ​ល្ងង់ ។ វា​ខ្លាច​គេ​ណាស់ ។ វា​គ្មាន​អាវុធ​សម្រាប់​ការពារ​ខ្លួន​ទេ ។ ធម្មជាតិ​បាន​ធ្វើ​អំណោយ​ដល់​វា​ដោយ​មាន​ការ​ផ្លាស់ប្ដូរ​ពណ៌​សម្បុរ​ស្បែក​ ទៅ​តាម​ទី​កន្លែង​វា​រស់​នៅ​សម្រាប់​បន្លំ​ខ្លួន និង​ឲ្យ​ជើង​ក្រោយ​វែង​មាន​សាច់​ដុំ​ខ្លាំង​ក្លា​សម្រាប់​ចាក់​លោត​បាន​ ឆ្ងាយ​ដើម្បី​គេច​ខ្លួន​ពី​អន្តរាយ​ផ្សេងៗ ។
ម្យ៉ាងទៀត​ដោយ​សារ​វា​ជា​សត្វ​ល្ងង់​ខ្លៅ​យ៉ាង​នេះ​ហើយ​បាន​ជា​វា​មិន​ចេះ​កាយ​រូង​ធ្វើ​ជម្រក​ទេ គឺ​វា​ដើរ​ជ្រក​ជាមួយ​រូង​ក្ដាម ។ វា​សប្បាយ​ចិត្ត​ណាស់​ក៏​ស្រែក​វ៉ែបៗ​នាំ​ឲ្យ​អ្នក​នេសាទ​ឮ​ក៏​ខ្វារ​យក​វា​ដោយ​ទាំង​ក្ដាម​ម្ចាស់​រូង​ទៀត ។

អត្ថប្បដិរូប

សត្វ​ពស់​ក្នុង​ន័យ​ខាងលើ​នេះ លោក​ប្រៀបធៀប​ទៅ​មនុស្ស​ពាល​យង់​ឃ្នង​កាច​សាហាវ ។ មនុស្ស​ពាល​នេះ​កាល​បើ​រស់​នៅ​ត្រង់​ណា អ្នក​ផង​ទាំង​ពួង​តែង​មាន​ការ​ភ័យ​ខ្លាច​រអា​ជា​ខ្លាំង ។ ព្រោះ​វា​បង្ក​អសន្តិសុខ និង​គ្រោះ​មហន្តរាយ ។ វា​គ្មាន​មនោសញ្ចេតនា អាណិតអាសូរ​ដល់​អ្នក​ណា​ម្នាក់​ឡើយ សូម្បី​តែ​ឪពុក​ម្ដាយ បងប្អូន ញាតិមិត្ត​វា​ក៏​ដោយ ។
ដូច្នេះ ពួក​វា​ជា​ទី​ស្អប់​ខ្ពើម​នៃ​សង្គម​មនុស្ស និង​សង្គម​ជាតិ ។ លុះ​ដល់​ពួក​វា​ស្លាប់​ទៅ មនុស្ស​ផង​ទាំង​ពួង​ក៏​នៅ​តែ​ស្អប់​ខ្ពើម មិន​ហ៊ាន​ទៅ​ជិត​ខ្មោច​វា​ដដែល ព្រោះ​គេ​យល់​ថា ខ្មោច​វា​លង​សាហាវ​ណាស់ ហើយ​គេ​ក៏​ពុំ​ចូល​បុណ្យ​ដែរ ។ គេ​ខ្លាច​កើត​ឡើង​ជួប​វា​ទៀត ។
រីឯ​សត្វ​កង្កែប លោក​ប្រៀប​ទៅ​នឹង​មនុស្ស​អាប់​ឥត​ប្រាជ្ញា គ្មាន​ចេះ​គ្មាន​យល់​អ្វី​ទាំង​អស់ គឺ​ជា​មនុស្ស​កំសោយ ។ ប្រសិនបើ​មនុស្ស​នេះ​ស្លូត​ក៏​គ្មាន​ប្រយោជន៍​អ្វី​ប៉ុន្មាន​ដល់​សហគមន៍​ ជាតិ​ដែរ ។ គេ​រស់​នៅ​ដោយ​គ្មាន​ន័យ គឺ​រស់​នៅ​បាន​ត្រឹម​តែ​មាន​ឈ្មោះ​ថា​បាន​រស់​ជា​មនុស្ស​នឹង​គេ​ដែរ​ ប៉ុណ្ណោះ ៕

កុំ​ទុក​ចិត្ត​មេឃ កុំ​ទុក​ចិត្ត​ផ្កាយ កុំ​ទុក​ចិត្ត​ប្រពន្ធ​ថា​គ្មាន​សហាយ កុំ​ទុក​ចិត្ត​ម្ដាយ​ថា​គ្មាន​បំណុល

និយមន័យៈ ក្នុង​លោក​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ទេ ។

អត្ថាធិប្បាយ

កុំ​ទុក​ចិត្ត​មេឃ

មេឃ​ជា​របស់​ធម្មជាតិ គេ​មិន​អាច​កំណត់ ឬ​បង្គាប់​បញ្ជា​បាន​ទេ ដូចជា ពេល​ខ្លះ​មេឃ​រក​កល​ចង់​ភ្លៀង ស្រាប់​តែ​មិន​ភ្លៀង​ទៅ​វិញ ។ ជួន​គេ​ឃើញ​មេឃ​ស្រឡះ​សោះ​ស្រាប់​តែ​ភ្លៀង​ភ្លាម ។ ជួនកាល​ទៀត គេ​ឃើញ​មេឃ​បើក​ថ្ងៃ​ធម្មតា​ទេ ស្រាប់​តែ​មាន​ភ្លៀង​រ៉ុយៗ​ចុះ​មក​ដែល​គេ​ហៅ​ថា មេឃ​ភ្លៀង​បើក​ថ្ងៃ ។ ដូច្នេះ ឃើញ​ថា​គ្មាន​អ្វី​គួរ​ឲ្យ​គេ​ទុក​ចិត្ត​បាន​ឡើយ ។

កុំ​ទុក​ចិត្ត​ផ្កាយ

ផ្កាយ​ក៏​ជា​របស់​ធម្មជាតិ​ដូច​មេឃ ​ដែរ ដូច្នេះ​ក៏​មិន​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ឡើយ ។ ដូចជា​កណ្ដាល​អាធ្រាត្រ​ផ្កាយ​នេះ​ឃើញ​នៅ​ចំ​ពី​លើ​ក្បាល បន្ទាប់​មក​ឃើញ​នៅ​ទិស​ខាងលិច​វិញ ។ ដូច្នេះ ឃើញ​ថា គេ​មិន​អាច​កំណត់ ឬ​ទុក​ចិត្ត​ថា វា​នៅ​នឹង​ន​មួយ​កន្លែង​បាន​ឡើយ ។

កុំ​ទុក​ចិត្ត​ប្រពន្ធ​ថា​គ្មាន​សហាយ

នៅ​ក្នុង​សង្គម​ខ្មែរ ភរិយា​ជា​ ចំនួន​ច្រើន​ណាស់​ដែល​ប្រកាន់​ខ្ជាប់​នូវ​ប្រពៃណី​ជាតិ និង​មួយ​ចំនួន​ធំ​ទៀត​ជា​ឧត្ដម​ភរិយា ទោះ​បាន​រៀន​សូត្រ​ចេះ​តិច​ក្ដី ច្រើន​ក្ដី ។
ប៉ុន្តែ​ទោះ​បី​ភរិយា​នោះ​ស្ថិត​នៅ​ក្នុង​ករណី​ដូច​ ម្ដេច​ក្ដី ក៏​គង់​នៅ​មាន​ភរិយា​មួយ​ចំនួន​តូច​ដែល​បណ្ដោយ​ខ្លួន​ឲ្យ​ដួល​ទៅ​តាម​ ទំនើបនិយម សម្ភារៈ​និយម​អូស​ទាញ ។ ភរិយា​ខ្លះ​ទៀត​ចាក​ប្រពៃណី​ដោយសារ​ភាព​ក្រីក្រ​ ទីទ័ល​ពេក ។ ខ្លះ​ទៀត​ភ្លាត់​ខ្លួន​ដោយសារ​សម្រស់​គេ ។ ខ្លះ​ទៀត​លង់​ខ្លួន​តាម​ពាក្យ​លួងលោម ថ្នាក់​ថ្នម​របស់​គេ ។ ខ្លះ​ទៀត​ភ្លើតភ្លើន​ស្រើប​ស្រាល​តាម​កាម​តណ្ហា​អូស​ទាញ ។ ដោយសារ​មាន​ករណី​ជាច្រើន​ចាំ​អូស​ទាញ​បែប​នេះ​ហើយ ទើប​លោក​ប្រាប់​ថា កុំ​ទុក​ចិត្ត​ខ្លាំង​ពេក ។

កុំ​ទុក​ម្ដាយ​ថា​គ្មាន​បំណុល

អ្នក​ម្ដាយ​ជា​ទី​គោរព​គ្រប់​ មជ្ឈដ្ឋាន ទោះ​ថ្នាក់​លើ មធ្យម និង​ក្រោម​ក្ដី គេ​កម្រ​ជួប​នូវ​អ្នកម្ដាយ​ដែល​មិន​ជំពាក់​បំណុល​គេ​សោះ​នោះ​ទេ ។ អ្នក​ម្ដាយ​ខ្លះ ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ឧត្ដម​មាន​លុយ ឡាន វីឡា មាន​គ្រឿង​ប្រើប្រាស់​សុទ្ធ​តែ​ទំនើប ពាក់​សុទ្ធ​តែ​ត្បូង​មាន​តម្លៃ មើល​ទៅ​មិន​គួរ​ឲ្យ​ជឿ​ថា គាត់​ខ្វះ​លុយ​ទេ ។ ប៉ុន្តែ​ថ្ងៃ​ណា​មួយ​អ្នក​ម្ដាយ​ចាញ់​ល្បែង ជំពាក់​គេ​ម្ដង​ម្កាល​ដែរ ។ អ្នក​ម្ដាយ​ខ្លះ​ទៀត មាន​មុខ​របរ​ពាណិជ្ជកម្ម​យ៉ាង​ធំ គឺ​ដល់​ខ្នាត​អន្តរជាតិ ។ ប៉ុន្តែ​គាត់​ក៏​ជំពាក់​គេ​ដល់​ខ្នាត​អន្តរជាតិ​ដែរ សម​ដូច​ពាក្យ​ចាស់​ថា «ទូក​ធំ​ក្ដោង​ធំ​មែន» ។ សរុប​មក អ្នក​ម្ដាយ​ភាគ​ច្រើន​ណាស់​ដែល​ជំពាក់​គេ​ទៅ​តាម​ឋានៈ​ខ្លួន ៕

ក្របី​ស្នែង​កែក មនុស្ស​ស្រលៀង​ភ្នែក ក្រពើ​កំបុត​កន្ទុយ

និយមន័យៈ អ្វី​ដែល​ខុស​ប្រក្រតី បុគ្គលិក​លក្ខណៈ​ក៏​ខុស​ប្រក្រតី​ដែរ ។

អត្ថាធិប្បាយ

មនុស្ស​ក្ដី សត្វ​តិរច្ឆាន​ក្ដី ដែល​មាន​លក្ខណៈ​កាយវិការ​ដូច​ខាងលើ លោក​ប្រាប់​ថា​គួរ​ឲ្យ​ប្រុងប្រយ័ត្ន ។

ក្របី​ស្នែង​កែក

មាន​សត្វ​ជា​ច្រើន​ដែល​មាន​លក្ខណៈ​មិន​ប្រក្រតី តែ​ពេល​នេះ​លោក​លើក​យក​សត្វ​ក្របី​ស្នែង​កែក​មក ​ធ្វើ​ជា​តួយ៉ាង ។ លោក​ថា​សត្វ​ក្របី​ស្នែង​កែក​តែង​កាច និង​មាន​ភាព​អំនួត​ជាង​ក្របី​ធម្មតា ។ ឫកពា​វា​ក្រអឺត​ក្រទម មិន​ខ្លាច​គេ​ទេ ។ កាលណា​វា​ឃើញ​ក្របី​ដូច​គ្នា ឬ​មនុស្ស​ទៅ​ជិត​វាៗ​តែង​អើត​ក្បាល​ស្ងើន បង្ហាញ​នូវ​ភាព​អំនួត និង​កាច ។

មនុស្ស​ស្រលៀង​ភ្នែក

តាម​ការ​កត់​សម្គាល់​ឃើញ​ថា មនុស្ស​ស្រលៀង​ភ្នែក​តែង​មាន​អ្វី​ដែល​«លើស» គឺ​ថា​ល្អ ក៏​ល្អ​លើស​គេ បើ​អាក្រក់​ក៏​លើស​គេ បើ​ស្លូត​បើ​កាច​ក៏​លើស​គេ​ដែរ ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ប្រាប់​ថា ឲ្យ​ប្រុង​ប្រយ័ត្ន ។ ព្រោះបើ​សេពគប់​ចំ​លើ​អ្នក​ដែល​ល្អ​លើស​គេ​ជា​ការ​ប្រសើរ ។ តែ​បើ​ចំ​លើ​អ្នក​អាក្រក់​លើស​គេ​វិញ​គួរ​ឲ្យ​ស្ដាយ ។

ក្រពើ​កំបុត​កន្ទុយ

ចាស់ៗ​តែង​និយាយ​ប្រាប់​កូន​ចៅ​ថា នៅ​ក្នុង​បឹង​នេះ​មាន​ក្រពើ​កំបុត​កន្ទុយ​ មួយ កាច​សាហាវ​ខ្លាំង​ណាស់ ។ បើ​មាន​សត្វ​ព្រៃ​ណា​ចុះ​ផឹក​ទឹក វា​ត្របាក់​ស៊ី​គ្មាន​ឲ្យ​រួច​ទេ ។ គេ​សម្គាល់​ឃើញ​ថា ក្រពើ​កំបុត​កន្ទុយ​កាច​សាហាវ​ខ្លាំងក្លា​ជាង​ក្រពើ​ធម្មតា ។ មនុស្សម្នា​តែង​ខ្លាច​រអា​នឹង​វា​គ្រប់ៗ​គ្នា ។
ដូច្នេះ ឃើញ​ថា អ្វីៗ​ដែល​ខុស​ប្រក្រតី អត្តចរិត​ក៏​ខុស​ប្រក្រតី​ដែរ ៕

កាត់​ទឹក​មិន​ដាច់ កាត់​សាច់​វា​ឈឺ

និយមន័យៈ វិប្បដិសារី​នៅ​ពេល​កាត់​កាល់​កូន​ចៅ ។

អត្ថាធិប្បាយ

អត្ថានុរូប

ធម្មតា​ទឹក គេ​មិន​អាច​កាត់​ដាច់​ទេ​ព្រោះ​វា​ជា​វត្ថុ​រាវ ។ ឯ​សាច់​មនុស្ស​ជា​សាច់​រស់ បើ​មាន​របួស ឬ​កាត់​ត្រង់​ណាមួយ​ដុំ​ឲ្យ​ដាច់ ទោះបី​ជា​តូច​ប៉ុណ្ណា​ក៏​ដោយ ក៏​ប្រាកដ​ជា​ឈឺ​មិន​ខាន ។

អត្ថប្បដិរូប

ពាក្យ​ថា កាត់​ទឹក​មិន​ដាច់ លោក​លើក​យក​មក​គ្រាន់​តែ​ជា​ការ​ឧបមា និង​ប្រៀប​ធៀប​ប៉ុណ្ណោះ ។ តាម​ការពិត លោក​និយាយ​ទៅ​ដល់​ឪពុក​ម្ដាយ​ខ្លះ​ដែល​ខឹង​ក្រេវ​ក្រោធ​ជា​ខ្លាំង​នឹង​កូន​ ចៅ​ដែល​ប្រព្រឹត្ត​អនាចារ អសីលធម៌ និង​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​រដ្ឋ ។ ជា​ពិសេស​គឺ​កូន​មិន​លុះ​ដោយ​ដំបូន្មាន​ឪពុក​ម្ដាយ ឬ អាណាព្យាបាល ។ ទីបំផុត​ដោយ​ទ្រាំ​មិន​បាន គាត់​ក៏​សម្រេ​ចិត្ត​កាត់​កាល់​វា​ចោល​ទៅ ។ ប៉ុន្តែ​លុះ​ដល់​ថ្ងៃ​ក្រោយ ពេល​រំសាយ​កំហឹង គាត់​ក៏​មាន​វិប្បដិសារី នឹក​អាណិត​អាសូរ​កូន​ចៅ​តាម​ក្រោយ ។
ដោយ​ព្រហ្មវិហារធម៌​ ដែល​គាត់​ធ្លាប់​មាន និង​មិន​អាច​កាត់​ផ្ដាច់​បាន​នោះ ចេះ​តែ​ធ្វើ​ឲ្យ​អារម្មណ៍​គាត់​នឹក​មមៃ​ពី​សុខទុក្ខ​របស់​កូន​ចៅ​ដែល​ឃ្លាត​ មិន​ដឹង​ទៅ​ទី​ណា ។
ទោះ​គាត់​ខំប្រឹង​បំភ្លេច ឬ​ខំ​ប្រឹង​យក​ជ័យជំនះ​លើ​ចិត្ត​របស់​គាត់​យ៉ាងណា​ក៏​គាត់​មិន​អាច​កាត់​ ផ្ដាច់​មនោសញ្ចេតនា​បាន​ដែរ ។ បើ​ទុក​ណា​ជា​គាត់​មិន​សម្ដែង​អាការៈ​ឲ្យ​គេ​ដឹង​ក៏​ដោយ ៕

ក្រពើ​លង់​ទឹក តុលាការ​ចាញ់​ក្ដី

និយមន័យៈ បញ្ហា​យ៉ាង​ធ្ងន់​ដែល​មិន​អាច​ជួយ​សម្រាល​បាន ។

អត្ថាធិប្បាយ

លោក​លើក​យក​សត្វ​ក្រពើ​មក​និយាយ​នៅ ​ពេល​នេះ គឺ​គ្រាន់​តែ​ជា​ការ​ប្រៀបធៀ​ប៉ុណ្ណោះ ។ ធម្មតា​សត្វ​ក្រពើ​មាន​ការ​ស្ទាត់​ជំនាញ​ជា​ទីបំផុត​ក្នុង​ការ​ហែល​ទឹក ។ មួយ​ជីវិត​វា ក្រពើ​មិន​ដែល​លង់​ទឹក​ទេ ។ ប៉ុន្តែ​បើ​បែរ​ជា​វា​លង់​ទឹក​វិញ គឺ​វា​មាន​ជំងឺ​ជា​ទម្ងន់ ឬ​មាន​របួស​ជា​ខ្លាំង​មិន​អាច​ឲ្យ​វា​ហែល​ទឹក​បាន ទើប​ធ្វើ​ឲ្យ​វា​លង់​ទឹក​ងាប់​ទៅ ។
ពាក្យ​ថា តុលាការ ក្នុង​ពេល​នេះ លោក​សំដៅ​យក​មន្ត្រី​កាត់​សេចក្ដី​ក្នុង​តុលាការ ។ តុលាការ​មាន​ភារកិច្ច​កាត់​សេចក្ដី​ទៅ​តាម​នីតិក្រម គឺ​ក្រម​រដ្ឋប្បវេណី និង​ក្រម​ព្រហ្មទណ្ឌ ។ អ្នក​ផង​ដែល​មាន​រឿង​ក្ដីក្ដាំ​នឹង​គ្នា តែង​រត់​ទៅ​រក​តុលាការ​ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្លួន ព្រោះ​តុលាការ​ជា​ខ្លាំង​ច្បាប់ ។ រឿង​ចាញ់ ឬ​ឈ្នះ​សម្រេច​លើ​តុលាការ​ទាំងអស់ ។ បើ​តុលាការ​សម្រេច​យ៉ាងណា គឺ​យ៉ាង​នោះ​ហើយ ។
រឿង​កាត់​ក្ដី​ជា​អាជីព​របស់​តុលាការ ។ ហេតុ​នេះ ហើយ​បាន​ជា​គេ​កម្រ​ឮ​ថា​មាន​មន្ត្រី​តុលាការ​ណា​ម្នាក់​មាន​រឿង​ក្ដីក្ដាំ​ ណាស់ ។ ប៉ុន្តែ​បើបែរ​ជា​មាន​វិញ ហើយ​ចាញ់​ក្ដី​ទៀត​នោះ រឿង​នេះ​មិន​ធម្មតា​ទេ ។ គេ​ជឿ​ថា​ករណី​នេះ តុលាការ​ប្រាកដ​ជា​បាន​ប្រព្រឹត្ត​នូវ​កំហុស​យ៉ាង​ធ្ងន់ធ្ងរ​ដែល​មិន​អាច​ ជួយ​សម្រួល​សម្រាល​បាន​ឡើយ ៕

កំភ្លាញ​ស្លាប់​ពីព្រោះ​មាត់

និយមន័យៈ ការ​និយាយ​ពុំ​ស្គាល់​កាល​គួរ ឬ​ពុំ​គួរ ។

អត្ថាធិប្បាយ

អត្ថានុរូប

ត្រីកំភ្លាញ ទោះ​នៅ​ទីណា​ក៏​មិន​ស្ងាត់​កំបាំង​ដែរ ។ ជាទម្លាប់​ពី​កំណើត​របស់​វាៗ​តែង​ធ្វើ​មាត់​ចឹបៗ នាំ​ឲ្យ​មាន​រលក​ដល់​ផ្ទៃ​ទឹក​ខាងលើ ។ ឯ​មនុស្ស​ឃើញ​ហើយ​ក៏​យក​សន្ទូច​មក​ស្ទូច ឬ​យក​ឈ្នាង​មក​ជញ្ជាត់ ។ ត្រី​កំភ្លាញ​ក៏​ងាប់​អសារ​បង់ ។

អត្ថប្បដិរូប

មាន​មនុស្ស​មាត់​ដាច​ខ្លះ និយាយ​អ្វីៗ​ពុំ​សូវ​បាន​គិត​ដល់​បរិយាកាស​នៅ​ជុំ​វិញ​ខ្លួន​ទេ ។ គេ​និយាយ​តាម​ការ​នឹក​ឃើញ ដោយ​ពុំ​បាន​គិត​ថា រឿង​នេះ​គួរ​និយាយ ឬ​មិន​គួរ​ទេ ។ ជួនកាល គេ​និយាយ​ទៅ​ប៉ះពាល់​ដល់​កិត្តិយស​អ្នក​មាន​អំណាច​ណា​ម្នាក់ ។
មិន​ស្ងាត់​កំបាំង ស្រាប់​តែ​គេ​មក​ចាប់​យក​ទៅ​ធ្វើ​ទោស​ទណ្ឌ ជួន​កាល​រហូត​ដល់​ស្លាប់​ក៏​សឹង​មាន ៕

កុក​ភ្លេច​ជង់ តែ​ជង់​មិន​ភ្លេច​កុក​ទេ

និយមន័យៈ ជនល្មើស​ភ្លេច​គុក តែ​គុក​មិន​ភ្លេច​ជនល្មើស​ទេ ។

អត្ថាធិប្បាយ

អត្ថានុរូប

ជង់ ជា​អន្ទាក់​តឿ​ឥត​ដង មាន​តែ​ជើង​ស្រួច​ខ្លី​សម្រាប់​ដោត​ជាប់​ទៅ​ក្នុង​ដី ។
កុក​ដើរ​មក​ចំ​រង្វង់​ខ្សែ​ធ្នាក់ៗ ​ក៏​រឹត​ជើង​ជាប់ ។ ជួនកាល​វា​រលាស់​ជើង​រួច​ផុត ។ ពេល​វា​ដើរ​ទៅ វា​ឥត​គិត​ខ្វល់​នឹង​ខ្សែ​អន្ទាក់​ជង់​ទៀត​ទេ ។ ប៉ុន្តែ​ខ្សែ​ធ្នាក់​ជង់​នៅ​តែ​រង់​ចាំ​ទទួល​ជើង​កុក​ជានិច្ច ។

អត្ថប្បដិរូប

ជនល្មើស​ដែល​ប្រព្រឹត្ត​កំហុស​ឆ្គង​រួច​ហើយៗ​រត់​គេច ​ខ្លួន ឬ​រត់​ចោល​ស្រុក​បាត់​ទៅ តែ​នឹក​គិត​ថា គ្មាន​អ្នក​ណា​ដឹង​ទេ គឺ​វា​ភ្លេច​សមត្ថកិច្ច​អស់​ហើយ ។ ប៉ុន្តែ​សមត្ថកិច្ច​ឥត​មាន​ភ្លេច​វា​ទេ ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គេ​ខំ​ប្រឹង​ធ្វើការ​តាម​ដាន​ស្រាវជ្រាវ​ជាប់​ជា​ប្រចាំ​ដើម្បី​ឈាន​ទៅ​រក​ ការ​ចាប់​ខ្លួន ។ កាលណា​កិច្ចការ​គេ​មាន​លក្ខណៈ​គ្រប់គ្រាន់​ហើយ គេ​ក៏​ចាប់​ខ្លួន​វា​យក​មក​ដាក់​គុក​ទៀត ៕

ក្ដៅ​ថ្ងៃ​មិន​ស្មើ​ក្ដៅ​ចិត្ត

និយមន័យៈ គ្មាន​ភ្លើង​អ្វី​ក្ដៅ​ស្មើ​នឹង​ភ្លើង​ទោសៈ ។

អត្ថាធិប្បាយ

កម្ដៅ​ព្រះអាទិត្យ ឬ​កម្ដៅ​ថ្ងៃ អ្នក​ប្រាជ្ញ​ខាង​វិទ្យាសាស្ត្រ​បាន​ពោល​ថា វា​មាន​កម្ដៅ​រាប់​ពាន់​ម៉ឺន​អង្សាសេ ។
ប៉ុន្តែ​ទោះបី​វា​មាន​ឋាមពល​ខ្លាំងក្លា​យ៉ាង​ណា​ក៏​ ដោយ ក៏​នៅ​តែ​ចាញ់​កម្ដៅ​ចិត្ត​ទោសៈ​មនុស្ស​លោក​ដែរ ។ ព្រោះ​កម្ដៅ​ថ្ងៃ​មិន​អាច​ដុត​កម្លោច​ភព​ផែនដី ឬ​ដុត​ឲ្យ​ឆេះ​សម្លាប់​មនុស្ស​លោក​បាន​ទេ ។ ផ្ទុយ​ទៅ​វិញ កម្ដៅ​ភ្លើង​ចិត្ត​ទោសៈ​មនុស្ស​លោក​មាន​ឋាមពល​អាច​ដុត​កម្លោច​ភព​ផែនដី ឬ​ដុត​ឲ្យ​ឆេះ​មនុស្ស​លោក​ខ្លួន​ឯង​បាន ។ ព្រោះថា​កាលណា​មនុស្ស​លោក​ក្ដៅ​ចិត្ត​ហើយ គេ​ធ្វើ​អាវុធ​ប្រល័យ​លោក បំផ្លាញ​ភព​ផែនដី និង​ជីវិត​មនុស្ស សត្វ រុក្ខជាតិ ឲ្យ​អន្ដរធាន​តែ​ក្នុង​មួយ​ប៉ព្រិច​ភ្នែក​ប៉ុណ្ណោះ ៕

កក់​ក្ដៅ​ដូច​អាំង​ផេះ

និយមន័យៈ ការ​ទុក​ចិត្ត​ដែល​ឥត​ខ្លឹមសារ ។

អត្ថាធិប្បាយ

មនុស្ស​ដែល​រងា​តែង​រក​អាវ​ក្រាស់ៗ​មក​ពាក់​ដើម្បី​ ឲ្យ​កក់​ក្ដៅ ។ បើ​គ្មាន​អាវ​ពាក់​ការពារ​ទេ គេ​តែង​បង្កាត់​ភ្លើង​អាំង​ឲ្យ​កក់​ក្ដៅ ។
មនុស្ស​រងា​ពេល​នេះ លោក​និយាយ​ប្រៀប​ប្រដូច​នឹង​មនុស្ស​គ្មាន​ទីពឹង ។ ដូច្នេះ​មនុស្ស​នេះ​ត្រូវ​ស្វែង​រក​ទីពឹង គ្រាន់​ជា​បង្អែក​ពឹង​ពាក់​ពំនាក់​អាស្រ័យ ។ ការ​ដែល​ស្វែង​រក​ទីពឹង​នេះ ជួនកាល​ក៏​ពឹង​ទៅ​លើ​អ្វី​ដែល​គ្មាន​ផលប្រយោជន៍​គ្មាន​ខ្លឹមសារ​បន្តិច​ សោះ ។
ឧទាហរណ៍ៈ នាយ «ក» បាន​ទៅ​ពឹង​ពាក់​លោក «ខ» ឲ្យ​ជួយ​រក​ការងារ​ធ្វើ ឬ​រក​មុខ​របរ​អ្វី​មួយ​ដើម្បី​ចិញ្ចឹម​ជីវិត ។ តាំង​ពី​ថ្ងៃ​នោះ​មក នាយ «ក» ចេះ​តែ​សង្ឃឹម និង​កក់​ក្ដៅ​ចិត្ត​ជាប់​ជានិច្ច​ថា គេ​មុខ​ជា​ជួយ​រក​មុខ​របរស ឬ​ការងារ​អ្វី​មួយ​ឲ្យ​ខ្លួន​មិន​ខាន ។ តែ​តាម​ពិត​លោក «ខ» គ្រាន់​តែ​បាន​ទទួល​អ៊ឺ‑អើ តែ​បបូរ​មាត់​ប៉ុណ្ណោះ គឺ​ឥត​បាន​ជួយ​រក​អ្វី​បន្តិច​ឡើយ ។
ម្យ៉ាងទៀត ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ស្រុក​ភូមិ​មួយ​ដែល​មាន​ចោរ​លួច ចោរ​ប្លន់​ជា​ញឹកញាប់ ។ ប៉ុន្តែ​សមត្ថកិច្ច​បង្ក្រាប​ហាក់​ដូចជា​គ្មាន​ប្រសិទ្ធភាព​សោះ ។ ដូច្នេះ ប្រជាពលរដ្ឋ​ហាក់​ដូចជា​គ្មាន​ជំនឿ​ទៅ​លើ​សមត្ថកិច្ច​សោះ គឺ​គេ​កក់​ក្ដៅ​ដូច​អាំង​ផេះ​ដែរ ៕

ក្ដាម​ស្រែ​ណា​កាត់​ស្រែ​នោះ

និយមន័យៈ ជន​ល្មួច​នៅ​ត្រង់​ណា​លួច​នៅ​ត្រង់​នោះ ។

អត្ថាធិប្បាយ

អត្ថានុរូប

ក្ដាម ជា​សត្វ​ចង្រៃ បើ​វា​នៅ​ត្រង់​ណា វា​កាត់​បំផ្លាញ​ត្រង់​នោះ ។ ហេតុ​នេះ​ហើយ បាន​ជា​គេ​ឃើញ​ស្រែ​ណា​ដែល​សម្បូរ​ក្ដាម​ច្រើន ស្រែ​នោះ​ពុំ​សូវ​បាន​ភោគផល​ល្អ​ទេ ។ ព្រោះ​ក្ដាម​កាត់​ស៊ី​ពន្លក​ស្រូវ​ខ្ចីៗ​ខ្ទេចខ្ទីរ​អស់​ហើយ ។
គេ​មិន​ដែល​ឃើញ​ក្ដាម​ដើរ​កាត់​ស្រូវ​នៅ​ស្រែ​ណា​ឆ្ងាយៗ​ពី​កន្លែង​វា​រស់​នៅ​ទេ ។

អត្ថប្បដិរូប

ក្ដាម លោក​ប្រៀប​ទៅ​នឹង​មនុស្ស​ល្មួច ។ ធម្មតា មនុស្ស​ល្មួច បើ​នៅ​ក្នុង​ស្រុក​ភូមិ​ណា វា​តែង​លួច​ក្នុង​ស្រុក​ភូមិ​នោះ ។ ម្យ៉ាងទៀត មនុស្ស​ល្មួច​នេះ បើ​នៅ​ក្នុង​អង្គភាព​វិញ គេ​ឲ្យ​កាន់​អង្ករ លួច​អង្ករ បើ​ឲ្យ​កាន់​សាំង លួច​សាំង ។ល។
សព្វ​ថ្ងៃ​នេះ​ ដោយ​វិទ្យាសាស្ត្រ​ជឿនលឿន ជន​ល្មួច​នេះ​ក៏​ជឿនលឿន​ដែរ គឺ​វា​មិន​នៅ​តែ​មួយ​កន្លែង​ទេ ។ វា​ធ្វើ​ការ​បន្លាស់​ទី​កន្លែង​មួយ​ទៅ​ទី​កន្លែង​មួយ​ទៀត រហូត​ដល់​ផ្លាស់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​ផង ។ ព្រោះ​ការ​លួច​នេះ​គឺ​ជា​អាជីព​សម្រាប់​ពួកវា​ទៅ​ហើយ ៕

ក្បាល​អ្នកណា​សក់​អ្នក​ហ្នឹង

និយមន័យៈ អ្នកណា​ធ្វើ អ្នក​នោះ​ទទួល ។

អត្ថាធិប្បាយ

អត្ថានុរូប

ធម្មតា​ក្បាល និង​សក់ ជា​របស់​នៅ​ជាប់​ជាមួយ​គ្នា ។ សក់​ដុះ​នៅ​លើ​ក្បាល​អ្នកណា វា​ជា​សម្បត្តិ​របស់​អ្នក​នោះ​ឯង ។ គឺ​គ្មាន​អ្នកណា​ផ្សេង​យក​ក្បាល​មក​ទទួល ឬ​រំលែក​បាន​ទេ ឬ​មាន​អ្នកណា​ផ្សេង​មក​តវ៉ា​ថា សក់​លើ​ក្បាល​អ្នក​ឯង​ជា​របស់​ខ្ញុំ​ដែរ 

អត្ថប្បដិរូប

ពាក្យ​នេះ​លោក​និយាយ​ប្រៀប​ធៀប​ទៅ​លើ​ទង្វើ​អ្វី​មួយ ​ដែល​អ្នកណា​ម្នាក់​បាន​ប្រព្រឹត្ត បាន​ធ្វើ បាន​សាង ។ រីឯ​លទ្ធផល​ដែល​ត្រូវ​ផ្ដល់​ឲ្យ​មក​វិញ​គឺ​អ្នក​ធ្វើ​នោះ​ឯង​ជា​អ្នក​ទទួល​ ដោយ​មិន​អាច​អំពាវនាវ​ហៅ​រក ឬ​ជួល​អ្នកណា​ផ្សេង​ឲ្យ​មក​ជួយ​ទទួល​រង​ទុក្ខ​ទោស ឬ​ជួយ​រំលែក​បាន​ទេ ។
ករណី​នេះ សម​ដូច​ពាក្យ​ចាស់​លោក​ពោល​ថា «ភ្លើង អ្នកណា​ជាន់ អ្នក​នោះ​ឯង​ជា​អ្នក​ក្ដៅ» ។

កង់​ត្រាច​កង់​ធ្នង់

និយមន័យៈ វាសនា​កម្ម​មនុស្ស​ម្នាក់ៗ​មិន​មាន​ភាព​ប្រាកដ​និយម​ទេ ។

អត្ថាធិប្បាយ

អត្ថានុរូប

ទេះ​គោ ឬ​ក្របី មាន​កាំ និង​ខ្នង​កង់​ធ្វើ​ពី​ឈើ​ខ្លឹម ស្វិត​ជាប់​ល្អ ។
ខ្នង​កង់ ផ្គុំ​ឡើង​ពី​ឈើ​ច្រើន​កំណាត់ ។ កំណាត់​នីមួយៗ​មិន​ប្រាកដ​ជា​ប្រភេទ​ឈើ​តែ​មួយ​មុខ​ទេ ។ គេ​ជ្រើស​យក​ឈើ​ដែល​ស្វិត​មាំ ។ ជួន​គេ​យក​ឈើ​ត្រាច​ខ្លះ ឈើ​ធ្នង់​ខ្លះ មក​ផ្គុំ​ចម្រុះ​គ្នា ។
ពេល​គេ​បរ​រទេះ​ទៅ គេ​ឃើញ​កំណាត់​ឈើ​ត្រាច​នៅ​លើ ឈើ​ធ្នង់​នៅ​ក្រោម ។ បន្ទាប់​មក ឈើ​ធ្នង់​ឡើង​លើ ឈើ​ត្រាច​មក​នៅ​ក្រោម​ម្ដង​វិញ ។ កង់​ត្រាច កង់​ធ្នង់ ចេះ​តែ​ផ្លាស់​ប្ដូរ​គ្នា​ជា​រហូត​ទៅ ។

អត្ថប្បដិរូប

មនុស្ស​ម្នាក់ៗ​រមែង​មាន​វាសនា​កម្ម​ខុសៗ​គ្នា ។ ជួនកាល គេ​ឃើញ​បុរស «ក» មាន​បុណ្យស័ក្តិ​ខ្ពស់ ឬ​មាន​ទ្រព្យសម្បត្តិ​ស្ដុក​ស្ដុម្ភ ។ ឯ​បុរស «ខ» មាន​ជីវភាព​ជា​ជន​សាមញ្ញ ឬ ក្រីក្រ​តោក​យ៉ាក ។ បន្ទាប់​មក គេ​ឃើញ​លោក «ក» ប្រព្រឹត្ត​ខុស​ធ្លាក់​បុណ្យស័ក្តិ ឬ​ចាញ់​ល្បែង​ធ្លាក់​ខ្លួន​ក្រីក្រ​លំបាក​លំបិន​ពេក​ក្រៃ ។ ឯ​បុរស «ខ» ស្រាប់​តែ​រក​ស៊ី​កាក់​កប មាន​លុយ​ចាយ​សម្បូរ​សប្បាយ មាន​ឡាន​វីឡា ឡើង​ជា​អ្នក​មាន​ស្ដុកស្ដម្ភ មាន​គេ​គោរព​កោតក្រែង​រអែង​បុណ្យស័ក្តិ​ទៀត​ផង ។

កុំ​ប្រដៅ​ក្រពើ​ឲ្យ​ហែល​ទឹក

និយមន័យៈ មុន​ប្រដៅ​គេ ត្រូវ​ដឹង​ពី​សមត្ថភាព​គេ​សិន ។

អត្ថានុរូប

សត្វ​ក្រពើ មាន​ការ​ស្ទាត់​ជំនាញ​បំផុត​ក្នុង​ការ​ហែល​ទឹក​តាំង​ពី​កំណើត​វា​មក ព្រោះ​វា​ធ្លាប់​រស់​នៅ​តែ​ក្នុង​ទឹក​មួយ​ជីវិត ។ ដូច្នេះ​មិន​បាច់​បង្វឹក​វា​ឲ្យ​ចេះ​ហែល​ទឹក​ទេ ។

អត្ថប្បដិរូប

បើ​អ្នក​ចង់​និយាយ​ពី​អ្វី​ដែល​មាន​ន័យ​ប្រហាក់​ប្រហែល​នឹង​ការ​ប្រៀន​ប្រដៅ គេ​តោង​ដឹង​ពី​ជំនាញ​របស់​គេ​សិន ។ ឧទាហរណ៍ៈ
  • មិន​ត្រូវ​និយាយ​ពី​បច្ចេកទេស​ធ្វើ​តុ ទូ តាំង ប្រាប់​ដល់​ជាង​អាជីព​តុ ទូ តាំង​ទេ ។
  • មិន​ត្រូវ​និយាយ​ពី​ច្បាប់​ប្រាប់​បណ្ឌិត​ច្បាប់​ទេ ។
  • មិន​ត្រូវ​និយាយ​ពី​គរុកោសល្យ​ប្រាប់​លោក​សាស្ត្រាចារ្យ​ទេ ។
សរុប​មក គេ​មិន​ត្រូវ​និយាយ​ពី​កិច្ចការ​អ្វី​មួយ​ប្រាប់​ទៅ​អ្នក​ដែល​មាន​អាជីព​ក្នុង​កិច្ចការ​នោះ​ទេ វៀរ​លែង​តែ​គេ​សួរ ។

ក្របី​នឹង​ចេក ក្អែក​នឹង​ពងមាន់

និយមន័យៈ របស់​ជា​ទី​ចូល​ចិត្ត​នៃ​ភាគី​មួយ ។

អត្ថានុរូប

ធម្មតា ក្របី កាលណា​ឃើញ​ស្លឹក​ចេក វា​បោល​តម្រង់​ទៅ​រក​ស៊ី​ភ្លាម ព្រោះ​ស្លឹក​ចេក​ជា​ចំណី​យ៉ាង​ឆ្ងាញ់​សម្រាប់​វា ។ ឯ​ពងមាន់​ក៏​ជាទី​ចូលចិត្ត​នៃ​សត្វ​ក្អែក​ដែរ ។

អត្ថប្បដិរូប

សុភាសិត​ទាំង​ពីរ​ឃ្លា​ខាងលើ​នេះ មាន​ន័យ​តែ​មួយ​ដូច​គ្នា ។ លោក​ចង់​និយាយ​ដៅ​ទៅ​លើ​របស់​ដែល​ជា​កម្មវត្ថុ និង​ជា​ទី​ពេញ​ចិត្ត​នៃ​ភាគី​មួយ ។ ដូចជា មនុស្ស​កាល​ណា​បាន​ឃើញ​មាស​ប្រាក់ កែវ​កង ពិទូរ្យសូរ្យកាន្ត តែង​លោភ​លន់​ចង់​បាន​តាម​តណ្ហា​របស់​ខ្លួន ។
គេ​អាច​ចែក​សុភាសិត​នេះ​បាន​ម្យ៉ាង​ទៀត​ថា មនុស្ស​ដែល​ស្រលាញ់​គ្នា ត្រូវ​ចិត្ត​គ្នា កាលណា​បាន​ឃើញ​គ្នា គេ​តែង​រត់​រក​គ្នា​ជានិច្ច ។

កុំ​ទុក​ចិត្ត​បរទេស កុំ​ទុក​ចិត្ត​អភិនេស្ក្រម៍ កុំ​ទុក​ចិត្ត​អភិប្រាយ

និយមន័យៈ កុំ​ទុក​ចិត្ត​មនុស្ស ទោះ​ក្នុង​ប្រភេទ​ណា​ក៏​ដោយ ។

អត្ថាធិប្បាយ

ព្រះរាជ​សម្ភារ ទ្រង់​មាន​បន្ទូល​ថា ឲ្យ​ប្រយ័ត្ន​មនុស្ស​បី​ពួក​នេះ​គឺ ៖

កុំ​ទុក​ចិត្ត​បរទេស

បរទេស គឺ​ជា​ជាតិ​សាសន៍​ទីទៃ​ពី​ម្ចាស់​ស្រុក ។ គេ​តែង​មាន​ទំនៀម​ទម្លាប់ ប្រពៃណី ជំនឿ​សាសនា វប្បធម៌​ផ្សេង​ពី​ម្ចាស់​ស្រុក ។ ទោះបី​ពួក​នេះ​កើត​ក្នុង​ប្រទេស​ម្ចាស់​ស្រុក ឬ​ចូល​ជាតិ​សាសន៍​ក៏​ដោយ ។ មនុស្ស​ដែល​មាន​ប្រពៃណី វប្បធម៌​ខុស​គ្នា​បែប​នេះ តែង​មាន​ចិត្ត​គំនិត​ប្លែក​គ្នា​ពី​ម្ចាស់​ស្រុក​ដែរ ។ ដូច្នេះ គេ​មិន​ត្រូវ​ទុក​ចិត្ត​ឲ្យ​អស់​ពី​ពោះ​ឡើយ ។

កុំ​ទុក​ចិត្ត​អភិនេស្ក្រម៍

អភិនេស្ក្រម៍ គឺ​ពួក​ជន​ដែល​តាំង​ ខ្លួន​ថា​ជា​អ្នក​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយាធម៌ ប្រកាន់​ខ្ជាប់​នូវ​សីលទាន ភាវនា ។ ពួក​ជន​នេះ រាប់​ទាំង​អ្នក​បួស​ដែល​តាំង​ខ្លួន​ថា​ជា​អ្នក​ស្ងប់ ប្រកប​ដោយ​គុណធម៌​ខ្ពស់ និង​វិសេស​វិសាល​ក្រៃលែង​លើស​គេ ។ គ្រប់​ឥរិយាបថ ពួក​ខ្លះ​ធ្វើ​ឫក​រម្យទម ស្រគត់​ស្រគំ សង្រួម​ឥន្ទ្រីយ៍​គួរ​ឲ្យ​គោរព ។ ប៉ុន្តែ​មាន​ជន​ខ្លះ គ្រាន់​តែ​យក​ខ្លួន​មក​ជ្រក​ក្នុង​ស្បែក​លា ។ ឯ​ធាតុ​ពិត នៅ​ខាង​ក្នុង​គឺ​ជា​សត្វ​ខ្លា​កំណាច​ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់​យ៉ាង​ ក្រៃលែង ។
គេ​មិន​ត្រូវ​សម្គាល់​មនុស្ស​ល្អ ឬ​អាក្រក់​ដោយ​គ្រាន់​តែ​ឃើញ​សម្បក​ក្រៅ​ប៉ុណ្ណោះ​ទេ ។ សម​ដូច​ពុទ្ធភាសិត​ពោល​ថា «អតិ សន្តេបិ នាស្មសេ» មិន​ត្រូវ​ទុក​ចិត្ត​មនុស្ស​ដែល​ធ្វើ​ឫក​រម្យទម​ឡើយ ។

កុំ​ទុក​ចិត្ត​អភិប្រាយ

អភិប្រាយ គឺ​ជន​ដែល​មាន​វោហារ​សព្ទ​ម៉េត​ប្រាយ និង​មាន​សម្ដី​ថ្វី​មាត់​ពូកែ​ប្រាជ្ញ​ប្រោក និយាយ​មិន​ចេះ​ហត់ ទោះ​ទៅ​ទីណា​ក៏​ឮ​សូរ​តែ​មាត់ ។ ព្រោះ​គេ​ជា​មនុស្ស​មាន​ទេពកោសល្យ​ក្នុង​ការ​និយាយ ចេះ​ធ្វើ​ឲ្យ​គេ​ជឿ​តាម​ទស្សនៈ​ខ្លួន ។ ជន​ប្រភេទ​នេះ ក៏​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ទាំង​អស់​បាន​ទេ ។

ការពារ​ប្រសើរ​ជាង​ព្យាបាល

និយមន័យៈ ការ​ទប់​ស្កាត់​មុន​ប្រសើរ​ជាង​ការ​ដោះស្រាយ ។

អត្ថាធិប្បាយ

ហេតុការណ៍​អ្វី​ដែល​គេ​បាន​ដឹង​មុន​ថា​នឹង​មាន​ផល​ អាក្រក់​ជា​វិជ្ជមាន​នោះ គេ​ត្រូវ​ទប់​ស្កាត់​វា​ឲ្យ​បាន​មុន​វា​កើត​ឡើង ។ ដូច​ជា​ដឹង​ថា ៖
  • បើ​គ្មាន​អនាម័យ​នឹង​មាន​ជំងឺ
  • បើ​មិន​អប់រំ​កូនចៅ​ឲ្យ​ល្អ​នឹង​ជាប់​គុក
  • បើ​មិន​ធ្វើ​របង​ការពារ​ភូមិស្ថាន​នឹង​បាត់​បង់​ទ្រព្យសម្បត្តិ
  • បើ​មិន​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ចរាចរ​នឹង​មាន​គ្រោះថ្នាក់
  • បើ​មិន​រៀន​សូត្រ​នឹង​ប្រឡង​ធ្លាក់
ដូច្នេះ គេ​ត្រូវ​ការពារ​មុន កុំ​ឲ្យ​មាន​ជំងឺ កុំ​ឲ្យ​ជាប់​គុក កុំ​ឲ្យ​ចោរ​លួច កុំ​ឲ្យ​គ្រោះ​ថ្នាក់ កុំ​ឲ្យ​ប្រឡង​ធ្លាក់ ។ ព្រោះ​ថា បើ​បណ្ដោយ​ឲ្យ​ផល​អាក្រក់​កើត​ឡើង​ទើប​ព្យាបាល ឬ​ដោះស្រាយ​តាម​ក្រោយ​នោះ នាំ​ឲ្យ​ខាត​បង់​ប្រាក់​កាស និង​ខាត​បង់​ពេល​វេលា ។

កក​ក៏​បាយ មេម៉ាយ​ក៏​ស្រី

និយមន័យៈ ការ​និយាយ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ។

អត្ថាធិប្បាយ

កក​ក៏​បាយ

អ្នក​ទទួល​ទាន​បាយ​កក មក​ពី​គ្មាន​បាយ​ក្ដៅ ។ បើ​មាន​បាយ​ក្ដៅ មុខ​ជា​រុញ​បាយ​កក​ចេញ ។ ព្រោះ​បាយ​ក្ដៅ យ៉ាង​ណា​ក៏​ឆ្ងាញ់​ជាង​បាយ​កក​ដែរ ។ ម្ល៉ោះ​ហើយ ចេះ​តែ​ទទួល​ទាន​ទាំង​បង្ខំ​ចិត្ត​ទៅ ។ ប៉ុន្តែ​ដើម្បី​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ក៏​និយាយ​ថា បាយ​កក​ក៏​បាយ​ដែរ ឆ្អែត​ដូច​តែ​គ្នា ។

មេម៉ាយ​ក៏​ស្រី

អ្នក​ដែល​យក​ប្រពន្ធ​មេម៉ាយ ពុំ​មែន​មាន​ន័យ​ថា រក​ប្រពន្ធ​ក្រមុំ​ពុំ​បាន​នោះ​ទេ ។ ប៉ុន្តែ​មក​ពី​មាន​កត្តា​ផ្សេងៗ​ជាច្រើន​ដូចជា ៖
  • ស្ត្រី​មេម៉ាយ​ខ្លះ​ មាន​រូបរាង​ស្អាត ស្រស់​ប្រិមប្រិយ
  • ស្ត្រី​មេម៉ាយ​ខ្លះ​ មាន​ទ្រព្យ​សម្បត្តិ មាន​កិត្តិយស មាន​បុណ្យស័ក្តិ
  • ស្ត្រី​មេម៉ាយ​ខ្លះ​ មាន​អំណោយ​ទាន ឬ​មាន​ឧបនិស្ស័យ ។
និយាយ​រួម​ទៅ សេចក្ដី​ស្នេហា ឬ​សេចក្ដី​ស្រលាញ់​ពុំ​ប្រាកដ​ថា ក្រមុំ​‑មេម៉ាយ​អ្វី​ទេ ឲ្យ​តែ​ស្រលាញ់ ឬ ត្រូវ​ចិត្ត​គ្នា ឬ​ក៏​មាន​និស្ស័យ​នឹង​គ្នា ក៏​ស្រលាញ់​គ្នា​បាន​ហើយ ។ ព្រោះ​សេចក្ដី​ស្រលាញ់​ពុំ​រើស​ឋានៈ ឬ វណ្ណៈ​ទេ ។ សម​ដូច​ពាក្យ​ចាស់​លោក​ពោល​ថា ឃ្លាន​ឆ្ងាញ់ ស្រលាញ់​ល្អ ។
ដូច្នេះ ដើម្បី​លើក​ទឹកចិត្ត​ខ្លួនឯង គេ​ក៏​ពោល​ថា មេម៉ាយ​ក៏​ស្រី​ដែរ គឺ​ស្រី​ដូច​តែ​គ្នា បង្កើត​កូន​បាន​ដូច​តែ​គ្នា ។

ក្អែក​មួយ​ជា​ក្អែក​ដប់

និយមន័យៈ មាត់​មនុស្ស​និយាយ​តៗ​គ្នា​ក្លាយ​ពី​មួយ​ជា​ដប់ ។

អត្ថាធិប្បាយ

ការ​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ម្នាក់​ពន្លើស​បន្តិច ម្នាក់​ទៀត​ពន្លើស​បន្តិច ។ បន្ត​គ្នា​តែ​ដប់​ដង​ធ្វើ​ឲ្យ​បាត់​ភាព​ដើម​អស់​រលីង ។ រឿង​នេះ លោក​បាន​លើក​ឧទាហរណ៍​ដូច​ត​ទៅ ៖
បុរស​ម្នាក់​ទើប​នឹង​ការ​ប្រពន្ធ​រួច​ថ្មីៗ ។ ព្រឹក​មួយ បុរស​នោះ​ទៅ​បត់​ជើង​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ ក៏​ប្រទះ​ឃើញ​កូន​ពាង​មួយ​ពេញ​ដោយ​មាស ។ បុរស​នោះ​ក៏​កាយ​ដី​កប់​ទុក ។ ពេល​មក​ដល់​ផ្ទះ គេ​មិន​ហ៊ាន​ប្រាប់​ការណ៍​ពិត​ដល់​ប្រពន្ធ​ទេ ខ្លាច​នាង​បិទ​មាត់​មិន​ជិត ។ រួច​គេ​ក៏​និយាយ​ប្រាប់​ប្រពន្ធ​ថា នាង​អើយ​ព្រឹក​មិញ ខ្ញុំ​បត់​ជើង​ក្រោយ​ផ្ទះ ស្រាប់​តែ​មាន​ក្អែក​មួយ​ហើរ​ចេញ​ពី​គូទ​ខ្ញុំ ។ ចូរ​នាង​កុំ​និយាយ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ ។ ប្រពន្ធ​គិត​ថា​រឿង​នេះ​ចម្លែក​ណាស់ មិន​អាច​នៅ​ស្ងៀម​បាន ក៏​ទៅ​ទម្លាយ​ប្រាប់​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​ថា ប្ដី​ខ្ញុំ​បត់​ជើង​ចេញ​ក្អែក​ពីរ ។ មិត្ត​នោះ​និយាយ​បន្ត​ថា ចេញ​ក្អែក​បី ។ ការ​និយាយ​ប្រាប់​គ្នា​បន្ត​បែប​នេះ បាន​កើន​ចំនួន​ឡើង​ដល់​ដប់ ។
រឿង​នេះ​មិន​ស្ងាត់ ក៏​ទ្រង់​ជ្រាប​ដល់​ព្រះមហាក្សត្រ ។ ព្រះរាជា​ត្រាស់​បង្គាប់​ឲ្យ​នាំ​បុរស​នោះ​ចូល​មក​គាល់ ។ ព្រះអង្គ​ត្រាស់​ដណ្ដឹង​សួរ​បុរស​នោះ ។ លុះ​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ក៏​ឈ្វេង​យល់​ថា បុរស​នេះ​មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ​ណាស់ ចេះ​ពិសោធ​រក​កម្លាយ​ដែល​និយាយ​តៗ​គ្នា ។ ព្រះអង្គ​ក៏​ត្រាស់​បង្គាប់​ឲ្យ​រាជ​បុរស​ទៅ​នាំ​យក​ពាង​មាស​នោះ មក​ដាក់​ក្នុង​ឃ្លាំង​ព្រះរាជទ្រព្យ រួច​តែង​តាំង​បុរស​នោះ​ជា​មន្ត្រី​គ្រប់​គ្រង​ឃ្លាំង​ជា​រៀង​រហូត​មក ។

ក្ដិច​សង្អារ​បញ្ជល់​គ្នា

និយមន័យៈ ការ​ញុះញង់​បំបែក​បំបាក់​សាមគ្គី ។

អត្ថាធិប្បាយ

អត្ថានុរូប

សត្វ​សង្អារ បើ​នៅ​ក្នុង​ក្រុម​ជាមួយ​គ្នា វា​មិន​ខាំ​គ្នា​ទេ ទោះ​ជា​គេ​ចាប់​ដាក់​ឲ្យ​ខាំ​គ្នា​ក៏​ដោយ ។ ប៉ុន្តែ​បើ​គេ​ចាប់​វា​ក្នុង​ក្រុម​ជាមួយ​គ្នា​មក​ក្ដិច​គូទ រួច​ដាក់​ឲ្យ​ខាំ​គ្នា វា​នឹង​ខាំ​គ្នា​វក់វី លែ​ស្គាល់​ងាប់​រស់ ព្រោះ​វា​បាត់​បង់​លក្ខណៈ​ធម្មជាតិ ។

អត្ថប្បដិរូប

មនុស្ស​ធ្លាប់​រស់​ក្នុង​សង្គម ឬ​ក្នុង​អង្គភាព​ជាមួយ​គ្នា ធ្លាប់​ស្រលាញ់​រាប់​អាន​គ្នា​ដូច​បង​ប្អូន ។ ប៉ុន្តែ​បើ​មាន​មនុស្ស​ខូច​មក​ញុះញង់ ដោយ​ម្ដង​ទៅ​ចាក់​ពន្យុះ​ខាង​នេះ ម្ដង​ខាង​នោះ ។ មិន​យូរ​ប៉ុន្មាន ភាគី​ទាំង​ពីរ ក៏​ក្លាយ​ទៅ​ជា​សត្រូវ​ស៊ី​សាច់​ហុត​ឈាម​គ្នា ។

កាំបិត​ចិត​ដង​ឯង

និយមន័យៈ រងគ្រោះ​ព្រោះ​ចំណេះ​ខ្លួន​ឯង ។

អត្ថាធិប្បាយ

ចំណេះ​ដែល​ចេញ​ទៅ​ហើយ ស្រាប់​តែ​ត្រលប់​បែរ​មក​ឲ្យ​ទុក្ខ​ទោស​ដល់​ម្ចាស់​ដើម​វិញ ។ ឧទារហណ៍ ៖
គ្រូក្បាច់គុន​ម្នាក់ បាន​បង្រៀន​ក្បាច់​គុន​ដល់​សិស្ស​ឲ្យ​ចេះ​សព្វ​គ្រប់​ទាំងអស់ ។ លុះ​ចេះ​សព្វ​គ្រប់​ស្នៀត​អស់​ហើយ សិស្ស​នោះ​ក៏​សុំ​សាក​ល្បង​ជាមួយ​គ្រូ​ដើម្បី​ពិសោធ​នូវ​ចំណេះ​របស់​ខ្លួន ។ ការ​ប្រយុទ្ធ​សាកល្បង​រវាង​គ្រូ និង​សិស្ស​ក៏​ចាប់​ផ្ដើម ។ លុះ​ប្រយុទ្ធ​បន្តិច​ទៅ ដោយ​គ្រូ​មាន​វ័យ​ចាស់​ខ្សោយ​កម្លាំង​ផង​នោះ ក៏​រាង​ទន់​ដៃ​ជាមួយ​សិស្ស​របស់​ខ្លួន​ដែល​កំពុង​ពេញ​កម្លាំង ។ ទីបំផុត​គេ​ឃើញ​គ្រូ​អុកគូទ​ដោយសារ​ល្បិច​ស្នៀត​ខ្លួន​ឯង​ដែល​បង្រៀន​ឲ្យ​ទៅ ​សិស្ស ។ ហេតុ​នេះ​ហើយ​បាន​ជា​គ្រូ​ពី​ដើម​មួយ​ចំនួន ចេះ​តែ​លាក់​ល្បិច​ស្នៀត​ខ្លះ​ទុក​គ្រាន់​ការពារ​ខ្លួន ។

កំហឹង​ទល់​កំហល់

និយមន័យៈ យក​កំហឹង​ទៅ​ទល់​នឹង​ការ​ក្រេវក្រោធ ។

អត្ថាធិប្បាយ

ភាគី​មួយ​កំពុង​ខឹង​ក្រេវក្រោធ ច្រឡោត​តោងតូង​ទៅ​លើ​ភាគី​មួយ​ទៀត ។ ភាគី​ទី​ពីរ​នេះ កាល​បើ​ដឹង​ថា គេ​កំពុង​ខឹង​នឹង​ខ្លួន​ហើយ​ក៏​មិន​បាន​រំងាប់​ចិត្ត ឬ​ខន្តី​អត់ធន់​ទេ គេ​បែរ​ជា​មាន​ប្រតិកម្ម​តប​ត​វិញ​យ៉ាង​ខ្លាំងក្លា ។
ភាគី​ទី​១ កំពុង​តែ​ខឹង​ក្រេវក្រោធ​ស្រាប់​ផង លុះ​ឃើញ​គេ​មក​តតាំង​ដូច​នេះ វិស័យ​ដូច​សាំង​មក​ជះ​លើ​ភ្លើង​ឆេះ​ព្រៃ ។ កំហឹង​ទល់​កំហល់​បែប​នេះ ទី​បំផុត​ក៏​ក្លាយ​ទៅ​ជា​សោកនាដកម្ម​យ៉ាង​សាហាវ មាន​ស្លាប់​មាន​រស់​គួរ​ឲ្យ​តក់​ស្លុត យ៉ាង​ហោច​ណាស់ ក៏​មាន​ភាគី​ណា​មួយ​ដឹក​ចូល​មន្ទីរ​ពេទ្យ​ជា​មិន​ខាន ។

ក្របី​ស៊ី​ស្មៅ​ក្នុង​អូរ

និយមន័យៈ អ្នក​កណ្ដាល​ស៊ី​រះ​ទាំង​សង​ខាង ។

អត្ថាធិប្បាយ

អត្ថានុរូប

ធម្មតា​អូរប្រឡាយ ពេល​រដូវ​ប្រាំង ទឹក​រីង​អស់ បើ​នៅ​ក៏​រាក់​ដែរ ឬ​ក៏​នៅ​ដក់​ដោយ​អន្លើៗ ។ ឯ​ស្មៅ​ក៏​ដុះ​លាស់​ខៀវ​ខ្ចី​តាម​ច្រាំង​អូរ​ទាំង​សង​ខាង ។
សត្វ​ក្របី តែង​ចុះ​ទៅ​ក្នុង​អូរ​ស៊ី​ស្មៅ​តាម​ច្រាំង​ខាង​ឆ្វេង​ផង ខាង​ស្ដាំ​ផង គឺ​វា​ស៊ី​រះ​ទាំង​សង​ខាង រួច​ផឹក​ទឹក ឬ​ដេក​ត្រាំ​ទឹក​ក្នុង​បាត​អូរ​នោះ​ទៅ ។

អត្ថប្បដិរូប

ន័យ​ខាងលើ​នេះ លោក​ធ្វើ​ការ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​ដែល​តាំង​ខ្លួន​ជា​អ្នក​កណ្ដាល ហើយ​ស៊ី​រះ​ទាំង​សង​ខាង ។ ដូចជា មេ​អណ្ដើក អ្នក​កាត់​សេចក្ដី អ្នក​រត់​ការ​ទិញ​លក់ ។ល។ អ្នក​កណ្ដាល​នេះ គេ​ទាញ​យក​ផល​ប្រយោជន៍​ទាំង​សង​ខាង គឺ​ស៊ី​ពី​អ្នក​ដើម​បណ្ដឹង​ផង ពី​អ្នក​ចុង​បណ្ដឹង​ផង ស៊ី​ពី​ខាង​អ្នក​ទិញ​ផង ពី​ខាង​អ្នក​លក់​ផង ។ល។
ការ​ស៊ី​រះ​ទាំង​សង​ខាង​ដូច​នេះ លោក​ហៅ​ថា ដូច​ក្របី​ស៊ី​ស្មៅ​ក្នុង​អូរ ។

កោរ​សក់​កុហក​ព្រះ

និយមន័យៈ ជ្រក​ក្រោម​ទង់​សាសនា​ដើម្បី​រក​ស៊ី ។

អត្ថាធិប្បាយ

នៅ​ក្នុង​សាសនា​ព្រះពុទ្ធ​ជាម្ចាស់ តែង​មាន​ជន​ខិល​ខូច​មួយ​ចំនួន​តូច​ចូល​ទោ​ជ្រក​ក្រោម​ទង់​សាសនា​ដើម្បី​រក​ ស៊ី​ចិញ្ចឹម​ជីវិត និង​គ្រួសារ ។ ដូចជា អ្នក​ខ្លះ​កោរ​សក់ ស្លៀក​ស​ពាក់​ស តាំង​ខ្លួន​ជា​អ្នក​កាន់​សីល​ប្រាំ ចាំ​សីល​ប្រាំបី ។ ពេល​ទៅ​ណា​ម្ដងៗ គេ​ស្ពាយ​ថង់​យាម​មួយ​ដាក់​បរិក្ខា​ផ្សេងៗ មាន​ទៀន ធូប​ជាដើម មើល​ទៅ​គួរ​ឲ្យ​គេ​ជឿ​ថា ជា​សំណព្វ​របស់​ព្រះ ។
គេ​ឃើញ​ជន​មួយ​ចំនួន​ទៀត ធ្វើ​សកម្មភាព​ជា​លោក​អាចារ្យ ឬ​តាជី យាយជី ដើរ​កាន់​ក្រដាស​កម្មវិធី​បុណ្យ​តាម​តែ​ប្រទះ​វត្ត​ណា​ក៏​បាន ។ ជន​នេះ​តែង​យក​លេស​ថា អង្គាស​បច្ច័យ​យក​ទៅ​កសាង​ព្រះវិហារ​វត្ត​នេះ​វត្ត​នោះ ។ ជួនកាល​គេ​កាន់​ក្រដាស​កម្មវិធី​ហួស​កាល​បរិច្ឆេទ​ទៀត​ផង ។ ជន​ខ្លះ​ទៀត គឺ​ជា​លោក​អាចារ្យ​មែន​ទែន​តែ​ម្ដង ។ ប៉ុន្តែ​មាន​មួយ​ចំនួន​តូច ឆ្លៀត​កេង​យក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ដែរ ។
មាន​ស្រមណ៍​កំណោរ​មួយ​ចំនួន​ទៀត កោរ​សក់​បួស​ក្នុង​សាសនា​ទៅ​ហើយ តែ​ឆ្លៀត​រក​ស៊ី​ក្រោម​ទង់​សាសនា​ដែរ ។ ដូចជា ធ្វើ​គ្រូ​ស្រោចទឹក ធ្វើ​ខ្សែចង្កេះ ខ្សែគាថា​ឲ្យ​រក​ស៊ី ឲ្យ​ឡើង​បុណ្យស័ក្តិ ។ល។ មាន​សង្ឃ​ខ្លះ​ទៀត ធ្វើ​កន្សែង​ស្នេហ៍ មន្តអាគម​អូមអាម កាប់​មិន​មុត​ដុត​មិន​ឆេះ ។ល។
អាចារ្យ​ខ្លះ សង្ឃ​ខ្លះ បើ​មាន​គេ​អញ្ជើញ ឬ​និមន្ត​ទៅ​សូត្រ​មន្ត​រំដោះ​គ្រោះ លើក​រាសី តែង​តែ​សម្លឹង​មើល​អ្នក​ដែល​មក តើ​មាន​ឬ​ក្រ មាន​ឡាន​ថ្មី​ថ្លៃៗ​ឬ​ចាស់ ។ បើ​អ្នក​មាន និង​ជា​ពិសេស​ឡាន​ថ្មី មាន​តម្លៃ​ខ្ពស់ គេ​រៀបចំ​ខ្លួន​យ៉ាង​រហ័ស ។ បើ​ឡាន​ចាស់ ឬ​ថ្មើរ​ជើង គេ​រាង​ច្រិមច្រុម​បន្តិច ជួន​មិន​ទៅ​តែ​ម្ដង ដោយ​ប្រាប់​ថា ជាប់​រវល់ ឬ​មិន​ស្រួល​ខ្លួន ។
អ្នក​កោរ​សក់​ដូច​ករណី​ខាងលើ​នេះ សុទ្ធតែ​បោកប្រាស និង​កោរ​សក់​កុហក​ព្រះ​ទាំងអស់ ។

ក្មេង​អាង​យំ ធំ​អាង​កាប់ ចាស់​អាង​ស្លាប់

និយមន័យៈ ការ​អាង​តាម​វ័យ​របស់​ខ្លួន ។

អត្ថាធិប្បាយ

មនុស្ស​ម្នាក់ៗ​មិន​ថា​ក្មេង ឬ​ចាស់​ទេ សុទ្ធ​តែ​មាន​ការ​អាង​រៀងៗ​ខ្លួន ដើម្បី​ការពារ​ផល​ប្រយោជន៍ ឬ​ការពារ​ខ្លួន ។

ក្មេង​អាង​យំ

កាលណា​ក្មេង​ចង់​បាន​អ្វី​តាម​បំណង វា​បាន​ជ្រើស​យក​ការ​យំ​ជា​អាវុធ​សំខាន់​របស់​វា ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​ឃើញ​ក្មេងៗ​យំ​ច្រើន​ជាង​គេ ទោះ​នៅ​ទីណា​ក៏​ដោយ ។ ការ​យំ​របស់​វា​ជា​អាវុធ​ស័ក្តិសិទ្ធិ​សំខាន់​ណាស់ ព្រោះ​អាច​ឲ្យ​វា​បាន​សម្រេច​នូវ​គោល​បំណង​បាន​ជា​ស្ថាបពរ ។ ដូចជា បើ​ចង់​ញ៉ាំ​អ្វី ឬ​ចង់​បាន​ល្បែង​លេង វា​តែង​យំ​លំអុក​ឲ្យ​ម៉ែឪ​ទិញ​ឲ្យ ។ បើ​ម៉ែឪ​មិន​ទិញ​ឲ្យ​ទេ វា​ប្រើ​ការ​យំ​ខ្លាំងៗ​ភ្លាម ។ ដូចនេះ​ ទោះបី​ម៉ែឪ​មិន​ចង់​ទិញ​ឲ្យ​ក៏​ដោយ ក៏​ត្រូវ​តែ​ទិញ​ឲ្យ​ដែរ ។ ជួនកាល ម៉ែឪ​មិន​ជាប់​លុយ​មក​ក៏​ដោយ ក៏​សុខ​ចិត្ត​ខ្ចី​លុយ​គេ​ទិញ​តម្រូវ​តាម​បំណង​កូន​សិន​ដែរ ។

ធំ​អាង​កាប់

មនុស្ស​ធំ​យំ​លែង​សម ហើយ​ក៏​គ្មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ណា​ដែរ ។ តែ​គេ​មាន​កម្លាំង​ពេញ​ខ្លួន គេ​ក៏​ជ្រើស​យក​កម្លាំង​បាយ​ជា​អាវុធ​សំខាន់​របស់​គេ ។ ដូច្នេះ កាលណា​គេ​ចង់​សម្រេច​នូវ​គោល​បំណង​អ្វី​មួយ គេ​យក​កម្លាំង​ក្នុង​ខ្លួន​មក​ដោះស្រាយ ។ ដូចជា គេ​ចង់​យក​ជ័យជម្នះ​លើ​អ្នក​ណា​ម្នាក់ គេ​តែ​ប្រើ​ការ​ដាល់​តប់​ទាត់​ធាក់ កាប់​សម្លាប់​គូ​ប្រយុទ្ធ​ឥត​ប្រណី ដើម្បី​បន្ថយ​កំហឹង​ក្រេវក្រោធ​របស់​គេ ។

ចាស់​អាង​ស្លាប់

មនុស្ស​ចាស់​កម្លាំង​ខ្សោយ ម៉្លោះ​ហើយ​គ្មាន​អ្វី​អាង​នឹង​គេ ក៏​ជ្រើស​យក​សេចក្ដី​ស្លាប់​មក​អាង ។ កាលណា​គាត់​មាន​កំហឹង គេ​តែង​ឮ​គាត់​និយាយ​ថា អញ​ ចំណាស់​ហ្នឹង​ហើយ អញ​មិន​ខ្លាយ​អា​ណា​ទេ ខ្លាំង​ណាស់​ត្រឹម​ស្លាប់​ គ្មាន​អា​ណា​ជៀស​ស្លាប់​រួច​ទេ​អ៎ា បើ​មិន​ជឿ​ទេ សាក​ចូល​មក​មើល​… បើ​អញ​មិន​ទាន់​ដួល​ទេ គឺ​ឯង​… 

កូន​ខូច​ព្រោះ​មេបា

និយមន័យៈ កង្វះខាត​ការ​អប់រំ​កូន ។

អត្ថាធិប្បាយ

បុរាណាចារ្យ​តែង​បន្ទោស​ថា កូន​ខូច​ព្រោះ​តែ​ឪពុក​ម្ដាយ​ខ្វះ​ការ​អប់រំ​ទូន្មាន​ប្រៀន​ប្រដៅ ។ ម្យ៉ាង​ទៀត ព្រះពុទ្ធ​ដីការ​ក៏​មាន​ចែង​ថា មាតា​បិតា​ជា​បុព្វាចារ្យ គឺ​ជា​គ្រូ​ដើម ឬ​ជា​គ្រូ​ទី​១​របស់​កូន​ប្រុស្រី ។ ដូច្នេះ បើ​គ្រូ​ដើម​ចេះ​អប់រំ​កូន​ឲ្យ​ដើរ​ត្រូវ​តាម​គន្លង​ធម៌ កូនៗ​ច្បាស់​ជា​ក្លាយ​ទៅ​ជា «អតិជាតបុត្ត» គឺ​កូន​ល្អ​លើស​ជាង​ការ​អប់រំ​ទៅ​ទៀត ។ ព្រោះ​កូនៗ​កាល​នៅ​តូច និស្ស័យ​វា​ប្រៀប​ដូច​ក្រដាស «» មួយ​សន្លឹក ។ បើ​គេ​ផាត់​ពណ៌​អ្វី​លើ​ក្រដាស​ស​នេះ វា​នឹង​ដិត​ច្បាស់​ល្អ​ជា​មិន​ខាន ។ តាម​ន័យ​នេះ បើ​ឪពុក​ម្ដាយ​ខ្លះ មាន​ការ​ចេះ​ដឹង​ខ្លួន​ឯង​តិច​មែន តែ​ចេះ​អប់រំ​កូន​ឲ្យ​ល្អ​តាំង​ពី​នៅ​ក្មេង លុះ​ដល់​កូន​ធំ​ឡើង ទោះបី​សង្គម​ដឹកនាំ​ឲ្យ​ខិល​ខូច​ខ្លះ ក៏​គង់​នៅ​ល្អ​មួយ​កម្រិត​ដែរ ។ ជាពិសេស ឪពុក​ម្ដាយ​ខ្លះ​ស្រលាញ់​កូន​ខ្លាំង​ពេក ទំយើ​កូន​ខ្លាំង​ពេក បណ្ដែត​បណ្ដោយ​កូន​ខ្លាំង​ពេក លុះ​ដល់​កូន​ធំ​ឡើង ច្បាស់​ជា​ប្រាសចាក​សីលធម៌ ប្រព្រឹត្ត​តែ​អំពើ​ពាលា មាន​ចោរកម្ម ជាដើម​មិន​ខាន ។
ម្យ៉ាងទៀត ឪពុក​ម្ដាយ​ខ្លះ​ជា​មនុស្ស​អវិជ្ជា ប្រព្រឹត្ត​តែ​អំពើ​ថោក​ទាប មាន​ការ​ឆក់ កាប់​សម្លាប់​គេ​ជាដើម ។ ឪពុក​ម្ដាយ​ប្រភេទ​នេះ មិន​បាន​អប់រំ​កូន​ទាល់​តែ​សោះ ។ ម្ល៉ោះ​ហើយ កូន​ក៏​ក្លាយ​ជា «អវជាតបុត្ត» មិន​ខាន គឺ​កូន​ដែល​អាក្រក់​ជាង​ឪម៉ែ​ទៅ​ទៀត ។