ប្រលោមលោក

                                                                                                                                   រឿង ថៅកែចិត្តចោ
ឆាក​ទី១

ផានី​ត និង​តៃកុង
(គេ ​ឃើញ​ផានី​ត​នៅ​ក្មេង​រាង​ស្គម កំពុង​កត់ត្រា​ចុះ​ដាក់​បញ្ជី​សៀង​ភៅ​ធំ​មួយ​ទើប​ពូ​ហំ​ចំណាស់​ពាក់កណ្ដាល​ មនុស្ស​ដើរចូល​មក​លប។ជន​ទាំងពីរ​ឃើញ​គ្នា​សម្លឹង​គ្នា​យូរ​បន្តិច​ទើប​ពូ​ហំ ​និយាយ)
ពូ​ហំ     :           លោកក្មួយ​មានរឿង​អ្វី បាន​មើល​ពូ​តាំងពី​ក្បាល​ដល់​ចុងជើង​ហាក់ដូចជា​យើង​មិនដែល​ស្គាល់គ្នា?
ផានី​ត  :           ពូ​ក្រែង…ក្រែង​ឡាន​ពូ…
ហំ        :           ថៅកែ​នៅ​ហ្នឹង​ឬទេ?
ផានី​ត  :           ចេញ​បាត់​តាំងពី​ព្រលឹម​ម្ល៉េះ
ហំ        :           យី!ថ្មើរម៉ាន​ទៅ​គាត់​ត្រឡប់​វិញ​ពូ​មានរឿង​ប្រញាប់​ជាមួយនឹង​គាត់​ផង។
ផានី​ត  :           មើលទៅ​បន្តិចទៀត​គាត់​នឹង​អញ្ជើញ​មកវិញហើយ។
ហំ        :           ចុះ​ពួក​អា​ដែង​អស់នោះ​កំពុងតែ​រៀបចំ​ធ្វើ​ឡាន​អា​ផា​គោ​រី?
ផានី​ត  :           បាទ!
ហំ        :           ទៅ​មើល​ពួក​អា​ដែង​អស់នោះ​មួយ​ភ្លែត​សិន!(ដើរ​រួច​ទុ​ច​វិញ)ណ្ហើយ​កុំឱ្យ​វា​ឃើ ញ​មុខ​នាំ​ពិបាកចិត្ត​ទេ។
ផានី​ត  :           អញ្ជើញ​អង្គុយ​ទៅ​ពូ(ពូ​ហំ​ធ្វើតាម)ខ្ញុំ​ឡើងទៅ​ផ្ទះ​សិន(ផានី​ត​ក៏​ដើរ​យ៉ាង​លឿន​ចេញពី​ទីនោះ​ហាក់ដូចជា​ខ្លាច​មិន​ហ៊ាន​អង្គុយ​
                        ជាមួយ​តៃកុង)។
ហំ        :           លោកក្មួយ​កុំទៅ​ណា​អង្គុយ​នៅ​នេះហើយ​ឱ្យបាន​ពីរ​នាក់​គ្រាន់​បានជា​គ្នា(ផានី​ត​ក៏​ត្រឡប់មក​អង្គុយ​វិញ​តែ​ធ្វើជា​បើក​សៀវភៅ​
                       ធ្វើការ)តៃកុង​ឡាន​ជក់​ខ្លះ​ហួច​ខ្លះ​ច្រៀង​ខ្លះ​ទើប​និយាយថា:យី!ចំ​តែម្ដង​ ហើយ​ថៅកែ​ទៅណា​ក៏​ក្រ​មកម្ល៉េះ។លោកក្មួយ​មាន​
                       លឺ​នរណា​គេ​និយាយថា​អ្វី​ពី​ខ្ញុំ​ទេ?
ផានី​ត  :           លឺ​គេ​និយាយ​តែ​រឿង​ហ្នុ​ង?
ហំ        :           រឿង​ស្អី​រឿង​ហ្នុ​ង!
ផានី​ត  :           រឿង​ពី​ម្សិល​នុះ​ណា!ថា​លោក​បើកឡាន​ទៅ​ជល់​ឡាន​អុងប៉ាង​ហុង​លី​ស្លាប់មនុស្ស​អស់៣នាក់​និង​មាន​របួស​ជាច្រើន។
ហំ        :           រួច​ដូចម្តេច​ទៀត?
ផានី​ត  :           ថា​លោកពូ​រត់​បាត់។ឥលូវ…រាជការ​ប្រកាស​ឱ្យគេ​រក​ចាប់ខ្លួន​មានទាំង​ផ្សាយ​តាម​វិទ្យុ​ផង​ថាបើ​នរណា​ឃើញ​រូប​លោកពូ​ឱ្យទៅ​
                        ជម្រាប​រាជការ។ចុះ​ពូ​ឯង​មក​ធ្វើ​អ្វី​កន្លែង​នេះ​តិច​គេញ​មករក​មើល​ម្ដេច​មិន​គេច​ឱ្យ​បាត់​ខ្លួន​ទៅ។
ហំ        :           (សើច)មុខតែ​គេច​ហើយ​តែ​ធ្វើ​ម្ដេច​ឱ្យបាន​ជួប​ថៅកែ​បើក​លុយ​សិន។
ផានី​ត  :           ប្រាក់ខែ ​បន្តិចបន្តួច​ពូ​អើយ​កុំ​ស្តាយ។ចាំទៅៗតិច​មាន​គ្រោះថ្នាក់​ធំ​បើ​លោក​ ស្ដាយពូ​ត្រូវការ​លុយ​ធ្វើ​សា​ហ៊ុយ​ខ្លះ​ខ្ញុំ​ជូន​ខ្លះ​
                       បាន(ផានី​ត​ហូត​កាបូប​លុយ​ចង់​រាប់​លុយ​ឱ្យ​តៃកុង​ខ្លះ)។
ហំ        :           (រាដៃ​មិន​ព្រម​ទទួល​លុយ)ទុក​ចាយ​ចុះ​លោកក្មួយ​ពូ​មាន​ហើយ។លោក
                       ក្មួយ​ឯង​មុននឹង​មក​ធ្វើការ​នៅទីនេះ​នៅឯណា​ពីមុន?
ផានី​ត  :           នៅ​រៀន​វិទ្យាល័យ​ស៊ី​សុ​វ​តិ្ត។ខ្ញុំ​បាន​ខំ​ណាស់ដែរ​តែ​ប្រលង​ចេះតែ​ធ្លាក់​ឥលូវ
                        មិន​ចង់​ត្រលប់​ទៅ​ស្រុក​សោះ​ព្រោះ​ខ្មាស់​គេ​ក៏​មកសុំ​ធ្វើការ​នៅទីនេះ​យកលុយ​រៀន​ឈ្នួលយប់ៗទៀត។
ហំ        :           ក្មួយ​ឯង​អាយុ​ប៉ុន្មាន​ហើយ?
ផានី​ត  :            ចូលឆ្នាំ​នេះ​ទៀត​បាន១៧ហើយ។
ហំ        :           នៅ ​ក្មេង​ណាស់​គ្មាន​ទាន់​បានដឹង​រឿង​កន្លុកកន្លៀត​ជីវិត​បន្តិច​សោះ។ ពូមកនេះ​មក​បើក​លុយ​រង្វាន់​មិនមែន​មក​បើក​ប្រាក់ខែ​                         ទេ​ប្រាក់ខែ​បើក​ចាយ​អស់១ខែ​មុន​ស្រេច​ទៅហើយ។
ផានី​ត  :         រង្វាន់​ដោយ​ពូ​បានធ្វើការ​យូរណាស់​មកហើយ​ឬ?ខ្ញុំ​បើ​ធ្វើការយូរៗទៅ​ថៅកែ​ថា​នឹង​ឱ្យ​រង្វាន់​ខ្ញុំ​ដែរ​គឺ​ប្រាក់ចំណេញ​ដែល​ត្រូវ​
                      ចែកគ្នា​តាមភាគៗនោះ​ឬ!
ហំ        :         រង្វាន់​នោះ​លឺ​គ្រាន់តែ​និយាយ​តែ​គេ​មិនដែល​ចែក​ទេ។រង្វាន់​ពូ​គឺ​រង្វាន់​ក្ដៅ។ គឺ​ថៅកែ​ណា​ដែលជា​អ្នក​បញ្ចេះ​ឱ្យ​ពូ​បុក​ឡាន​
                      អា​ហុង​លី​ឱ្យ​វា​មាន​គ្រោះថ្នាក់​គេ​លែង​ហ៊ាន​ជិះ​ទៀត​គេ​មក​ជិះ​តែ​ឡាន​ យើង​ហើយ​ថៅកែ​សន្យា​ថាបើ​ពូ​ធ្វើបាន​គាត់​ឱ្យ​
                        រង្វាន់១ម៉ឺន​រៀល។ រឿងនេះ​ជា​រឿង​ស្ងាត់​កុំ​និយាយ​ឱ្យសោះ។
ផានី​ត  :           យី!អូ​អញ្ចឹង​ម្សិលមិញ​គឺ​ពូ​បុក​ឡាន​វា​ដោយ​ចេតនា​តែម្ដង។
ហំ        :           នឹង​ហើយ!ដាក់​អា​មួយ​ម៉ោង​មួយរយ​ទាន់​អាឯង​ព្រលែង​ចំ​កណ្ដាល​ឆ្អឹងជំនី។
ផានី​ត  :           យី!ពូ​ហ៊ាន​ធ្វើ​អញ្ចឹង!
ហំ        :           មិន​ហ៊ាន​ឯណា”មួយ​ម៉ឺន​រៀល”...។
ផានី​ត  :           ចុះ​មាន​អ្នកជិះ​បាន​ស្លាប់​ដោយ​ពូ​ឯង​បុក​ឡាន​នោះ។
ហំ        :           ពួក​នោះ​វា​ស៊យ​វា​អាយុ​វា​អស់។អ្នកណា​ដឹង​ធ្វើ​ម៉េច។
ផានី​ត  :           ចុះ​ឥលូវ​បើ​រាជការ​គេ​មករក​ចាប់​ពូ​ឯង?
ហំ        :           ឱ្យតែបាន​មួយ​ម៉ឺន​រៀល​គេច​ប្រាវ​ឥលូវយូរៗភ្លេចខ្លួន​បន្លំ​ផ្លាស់​ឈ្មោះ​មកវិញ​ដដែល។ហើយ​ម្យ៉ាងទៀត​ថៅកែ​គាត់​សន្យាថា​
                       គាត់​ជួយ​គិតគូរ​គេឯង។រឿង​អ្វី​តែមាន​លុយ​ហើយ​វា​មិនដែល​ទៅជា​ធំ​រួច​ទេ។
ផានី​ត  :           ខ្ញុំ​បើ​ថៅកែ​ប្រើ​បែបនេះ​ទុកជា​ឱ្យ​លុយ​ច្រើន​យ៉ាងណា​ក៏​មិន​ហ៊ាន​ដែរ។
ហំ        :           ចុះបើ​ក្មួយ​ធ្វើការ​រាជការ​និយាយ​ឱ្យ​ត្រង់ណា!តើ​លោកក្មួយ​ហ៊ានស៊ី​សំណូកឬទេ? និយាយ​ឱ្យ​ត្រង់ណា!
ផានី​ត  :           ខ្ញុំ​មិន​ហ៊ាន​ថា​ទេ។
ហំ        :           ឃើញ​ទេ​រឿង​ស៊ីសំណូក​និង​រឿង​បែប​ពូ​នេះ​មិន​ខុសគ្នា​ប៉ុន្មាន​ទេ។
ផានី​ត  :           ពូ​ឯង​សម្លាប់​គេ​ទាំង​រស់ណា។
ហំ        :           ចុះ​ស៊ីសំណូក​មិន​កាច់ក​គេ​ទាំង​រស់!ចុះ​បំបាត់​លុយ​រាជ​ការមិន​កាច់ក​គេ​ទាំងរស់!អ្នករកស៊ី​បំបាត់​គេ​គ្រប់យ៉ាង​មិន​កាច់ក​គេ​
                       ទាំង​រស់!
ផានី​ត  :           ឱ​ពុទ្ធោ​អើយ!ខ្ញុំ​យ៉ាងណា​ក៏​មិន​ហ៊ាន​ដែរ​ទុកជា​គេ​ឱ្យ​ប៉ុន្មាន​ក៏​មិន​ហ៊ាន​សម្លាប់​មនុស្ស​ដែរ។
ហំ        :           កុំអាល​រក​ពុ​បើ​មិន​សម្លាប់​គេ​មានតែ​ទុកឱ្យ​គ្នាឯង​ស្លាប់!លាប់!ក្មួយ​រើសយកខាង​ណា?
ផានី​ត  :           ខ្ញុំ​មិន​យល់​ទេ​ពូ​ពូ​ឯង​ចង់​ថា​ដូចម្ដេច​អំបាញ់មិញ?
ហំ        :           ថា”បើ​មិន​ដាច់ចិត្ត​សម្លាប់​គេ​តោង​គ្នាឯង​ស្លាប់”តើ​គ្នាឯង​ស្លាប់​ក្មួយ​ឯង​ធ្វើដូចម្ដេច?
ផានី​ត  :           ម៉េច​អញ្ចឹង?
ហំ        :          ពូ​ត្រូវការ​លុយ​មួយ​ម៉ឺន​គ្មាន​លុយ​មួយ​ម៉ឺន​ប្រពន្ធ​ពូ​ងាប់​ឈឺ​ដើមទ្រូង​ក្អក​ខេះៗត្រូវការ​សម្រាក​មិន​ធ្វើការ​តើ​បាន​អ្វី​ស៊ី។ទៅ
                       ពេទ្យៗឱ្យ​សំបុត្រ​ទិញ​ថ្នាំ​ចាក់។ ពូ​គ្មាន​លុយ​ទិញ​ថ្នាំ​ធ្វើ​ម្ដេច​ទុកឱ្យ​ប្រពន្ធ​ស្លាប់​ឬ?កូនស្រី​ពូ​ ប្រលង​ជាប់​ចូល​អនុវិទ្យាល័យ​នារី​ 
                       សាលា​តម្រូវឱ្យ​ទិញសំពត់​អាវ​សៀវភៅ​មុង​តាមរបៀប​គេ​មិន​ទិញ​ឱ្យ​កូន​កូន​ខាត ​រៀន។ខាត​រៀន​ល្ងង់​ដូច​ពូ​ទៀត។ធំ​ឡើង​
                       វេទនា​ម្ល៉ោះហើយ​ត្រូវ​ពូ​ហ៊ាន​ប្ដូរ​ឱ្យ​កូន​បាន​ចំណេះដឹង​នឹង​គេ​ទើប​ដោះ​ បញ្ហា​នេះ​ឱ្យបាន​ស្រេច​ខំ​វិលវល់​តែដដែលៗនៅតែ​
                       ល្ងង់​ព្រោះ​ហេតុ​ក្រ​នៅតែ​ក្រ​ព្រោះ​ហេតុ​ល្ងង់…ម្ល៉ោះហើយ​ប្រថុយធ្វើ​ ម្ដេច​ឱ្យតែបាន​លុយ​នឹង​បាន​ចំណេះ​ទៅ។ម្ដាយ​ពូ​គាត់​
                       ចាស់​ហើយ​ហើយ​គាត់​ចង់​ធ្វើបុណ្យ​មុននឹង​គាត់​អនិច្ចកម្ម​គាត់​សុំ​លុយ​ពូ​ ឱ្យ​ពូ​ធ្វើ​ដូចម្ដេច​មិនឱ្យ​ពូ​ធ្វើបុណ្យ​ធ្វើ​ទាន​ហាក់ដូចជា​
                       ធ្វើ​ទណ្ឌកម្ម​សំរាប់​គាត់​អញ្ចឹង..
ផានី​ត  :           ពូ​យកលុយ​ក្ដៅ​ក្រា​ហាយ​ទៅជូន​គាត់​យកទៅ​ធ្វើបុណ្យ​ក្រែង​មិនបាន​បុណ្យ​ណា?
ហំ        :           បាន​ឬ​មិនបាន​ទុក​មួយ​ឡែក​សិន​ធ្វើ​ម្ដេច​ឱ្យតែ​ម៉ែ​បាន​ស្រួល​ចិត្ត​ដោយ​ថាអញ​មាន​លុយ​ធ្វើបុណ្យ​នឹង​គេ​ដែរ​ស្រុក​ឥលូវ​អញ្ចឹង​
                        គេ​កាប់​ជ្រូក​ធ្វើបុណ្យ​គេ​ស៊ីសំណូក​បុណ្យ​ដើម្បី​មាន​ផ្លូវ​រកស៊ី​គេ​សំពះ ​ព្រះសង្ឃ​ដើម្បី​ឱ្យគេ​ស្រលាញ់(ផានី​ត​គ្រវីក្បាល​ហួស
                        ចិត្ត)លោកក្មួយ​គ្រវីក្បាល​ហួស​ចិ​ត្នេះ​ហើយ​ជីវិតពិតៗដែល​មិនមែន​ជីវិត​តែ​ ពាក្យសំដី​តែ​ក្បួនខ្នាត​បាន​ថា​សរុបសេចក្តី​ឃើញ
                        ថា​ពូ​ត្រូវតែ​ប្រថុយ​ឱ្យបាន​មួយ​ម៉ឺន​រៀល​សិន។ពូ​គិត​ស្រេច​យូរណាស់​មកហើយ​ ពូ​ល្បង​ស្រាយ​រឿងនេះ​តាម​វិធី​ច្រើនណាស់​
                         ហើយ​តែ​ទៅ​មិន​រួច​បានជា​សល់​ផ្លូវ​មួយ​ហ្នឹង​ទើប​ប្រថុយ​ទទួល​ថៅកែ​គាត់​ត្រូវការ​ស្រាប់​ផង​ចាំ​អីហ្នឹង​លេង​មួយ​ចាន​ដើម្បី​
                         កសាង​ជីវិត​វង្ស​ត្រកូល។ល។
ផានី​ត  :           ខ្ញុំ​ឈប់​ឭ​ឈប់​ឆ្លើយ​ឈប់​ដឹង​ហើយ!(ដើរ​ចូលមក​អង្គុយ)
ហំ        :           កើតមក​ជាម​នុស្សហើយ​ក្មួយ​មិនឱ្យ​ឈប់​ឭ​ឈប់​ឆ្លើយ​ឈប់​ដឹង​បានទេ!ច្បាប់​ជីវិត​បង្ខំ​ក្មួយ​ឱ្យ​ដោះស្រាយ​រឿង​ដែលមាន​
​​​​​​​​​​​​​                       ចោទ​រាល់ថ្ងៃ។បើ​ក្មួយ​គេច​មិន​ដោះស្រាយ​គឺ​ក្មួយ​ព្រម​ទទួល​ងាប់​ជាមុន​ហើយ​ស្រេច។
ផានី​ត  :           ខ្ញុំ​នឹកថា​ខ្ញុំ​ហើយ​ជា​មនុស្ស​អភ័ព្វ​ជាងគេ​កំព្រា​ឥត​ឪពុកម្ដាយ​នៅ​ជាមួយ​មាមីង​គេ​អ្នកមាន​គេ​ធ្វើបាប​គ្រប់​យ៉ាងដូច​ម្ដេចក៏​
                       មិនត្រូវ​ខ្មោច​ចេញ​ខ្មោច​ចូល​និយាយ​តែ​ពី​មាន​ពីស​ប្បាយ​ផ្ទុយ​នឹង​ខ្ញុំ​ដែល​ក្រ។
ហំ        :           មាន​មនុស្ស​វេទនា​ជាង​ក្មួយ​ជាង​មា​ច្រើនណាស់​ទៅទៀត​លោកក្មួយ។មានមនុស្ស​ច្រើន​បាន​ព្រឹក​ខ្វះ​ល្ងាច​គ្មានអ្វី​វ័ណ្ឌ​គ្មាន​
                        ដំបូល​ជ្រក​រស់​ដោយសារ​លក់​កម្លាំង​ប្រចាំថ្ងៃ​លោតែ​ឈឺ​ដេកចាំ​ងាប់។ជន​ទាំង ​នោះគេ​ប្រៀបបាន​ទៅនឹង​សត្វ​ដែល​កើតមក​
                        គេ​ទុកឱ្យ​រស់​គ្រាន់តែ​សម្រាប់ធ្វើ​ការផ្ដល់​ផល​ឱ្យទៅ​ជន​មួយ​ជំពូក​ទៀត​ ដែល​កើតមក​ចាំតែ​ទទួលផល​ស្រាប់​ដោយ​មិន
                        ចាំបាច់​ធ្វើការ​ឬ​ដោយ​ធ្វើការ​តែ​បន្លំ។មួយថ្ងៃ​គិតតែ​ប្រើ​ស្នៀត​បោក​រាប់មិនអស់។
ផានី​ត  :           នេះហើយ ​សង្គម​សក្ដិភូមិ​គ្មាន​របៀប​បណ្ដោយ​មនុស្ស​ប្រយុទ្ធ​គ្នា​តាមចិត្ត​ប្រកាប់ ​ប្រចាក់​គ្នា​បោក​បន្លំ​គ្នា​លួច​ប្លន់​គ្នា​កេងប្រវ័ញ្ច​
                    គ្នា​រហូតដល់​ច្បាំង​គ្នា​ដើម្បី​តែ​ម្យ៉ាង​គឺ​ដើម្បី​រស់​ទៅតាម​សេចក្ដី​ លោភ​មិនចេះ​ឆ្អែត។ នេះហើយ​សង្គម​ពុករលួយ​ដែល​អ្នក​ប្រសប់​
                     ចេះតែ សប្បាយ​នៅ​ចំពោះមុខ​មនុស្ស​ភាគច្រើន​ដែល​វេទ​នាពី​រឿង​រស់។នេះហើយ​សង្គម​ នាយទុន​មនុស្ស​ជិះជាន់​មនុស្ស​ព្រោះ​
                      ពួក​ឈ្នះ​ចេះ​រៀបចំ​គ្នា​ដើម្បី​សង្កត់​ពួក​អ្នកចាញ់​អោយធ្វើ​ការបង្កើត​ផល​អោយ​ខ្លួនរ​ស់បាន​ស្រួល។
ហំ        :         ក្មួយ​បាន​រៀន​ក្មួយ​ចេះ​រកពាក្យចំៗថា​បាន។
ផានី​ត             ពូ​ឯង​ហ្នឹង​ក៏​សម្លាប់​គេ​ដើម្បី​ខ្លួន​រស់​ដែរ។
ហំ        :         ពូ​មាន​ចង់​ឯណា​ក្មួយ​តែ​ជីវិត​វា​បង្ខំ​ទេតើ!ដូច​ពូ​បាន​ជម្រាប​ក្មួយ​រួចមក​ហើយ​ស្រាប់។
ផានី​ត  :           ថៅកែ​ហ្នឹង​បង្ខំ​ពូ​ឯង។
ហំ        :           ថា​ដូចនេះ​ក៏បាន។តែ​ចុះ​នរណា​បង្ខំ​ថៅកែ?
ផានី​ត  :           អ្នកណា!លោភ​ចង់​មាន​តែឯង​ហួសពេក។
ហំ        :           ត្រូវ​ហើយ​ថៅកែ​គាត់​ហ៊ាន​លោភ​ព្រោះ​គ្មាន​ច្បាប់​ណា​មក​កម្រិត​សេចក្ដី​លោភ​គាត់​សោះ។ដល់​ចង់​មានបាន​ហួសកម្លាំង​គាត់​
                        គាត់​យក​ទឹក​លុយ​ទៅ​ទិញ​កម្លាំង​គេ​សម្បត្តិ​គាត់​កើនឡើងយូរៗទៅ​គាត់​ទិញ​ខ្មែរ​ទាំងអស់​មក​ប្រើ។
ផានី​ត  :           ពិតមែន​ហើយ​ចុះ​ផ្លូវ​ដោះស្រាយ?
ហំ        :           កុំ​មាត់​លឺ​សូរសំលេង​អា”មែរ​សឺ​ដេ​ស”ថៅកែ​មកហើយ។នុះ​ថៅកែ​មែនលោកក្មួយ​ខ្ញុំ​លា​លោកក្មួយ​ឱ្យ​ហើយ​ណា​ព្រោះតែ​បាន​
                        លុយ​មួយ​ម៉ឺន​ចាយ​គ្ឌឹង​ហើយ​ខ្ញុំ។
ផានី​ត  :           ចុះ​ខ្ញុំ​ពូ​ឱ្យ​ទៅណា?
ហំ        :           អង្គុយ​បូកលេខ​ហើយ​សង្វេគ​រឿង​សង្គម​តទៅទៀត​ចុះ។
ផានី​ត  :           ពូ​ឯង​ពួន​ត្រង់នេះ​សិន​ទៅ​ក្រែង​ថៅកែ​ឃើញ​គាត់​បើកឡាន​ចេញ​គេច​ទៅ
                       ណា​ទៀត។
ហំ        :           ក្មួយ​ថា​នេះ​សម​ម្យ៉ាងដែរ(តៃកុង​ក៏​ពួន​បន្តិច​សិន)។
សរសេរដោយ អ្នកនិពន្ធ ពៅ យូឡេង   
អង្គារ, ០៤ សីហា ២០០៩ ១២:០០
                                                      ផានី​ត-ហំ-ថៅកែ
ថៅកែ  :           (ដើរ​ចូលមក​មើល​ឃើញតែ​ផានី​ត​ព្រោះ​ពូ​ហំ​ពួន​ទៅហើយ)ផានី​ត​មានមនុស្ស​ចម្លែក​មក​សួរ​អ្វី…អី​ដែរ?
ផានី​ត  :           បាទ​ដូចជា​មិនឃើញ​ទេ។
ថៅកែ  :           អញ​ទៅ​ស្ទាក់​ខ្ទប់​ឯ​ក្រសួង​គិញ​ហើយ​តែ​មិនដឹង​ជា​បាន​ផល​យ៉ាងណា?    តែ​តែ​នៅផ្ទះ​ប្រយ័ត្ន​មើល​បើ​មាន​មនុស្ស​ចម្លែក​មក​
                       សួរ​ឆ្លើយថាមិនដឹងៗទៅ។
ផានី​ត  :           បាទ!
ហំ        :           (ស្ទុះ​ចេញពី​កន្លែង​ពួន​មក)ក្រាប​ប្រណិប័តន៍​ថៅកែ
ថៅកែ  :           យី!អា​ហំ​អាឯង​ឆ្កួត​ទេ​ឬ!មក​ធ្វើ​អ្វី​ហ្នឹង?
ហំ        :           ប្របាទ…មក…សុំ…នែ…នែ…
ថៅកែ  :           អាឯង​មិនដឹង​ជា​គេ​ប្រកាស​តាម​វិទ្យុ​រក​ចាប់​ក្បាល​ទេ?រួច​អាឯង​មកនេះ​គិត​សម្លាប់​ទាំងអស់គ្នា​ហះ?
ហំ        :           ខ្ញុំ​ដឹងថា​គេ​រក​ចាប់ខ្លួន​ខ្ញុំ​ហើយ​បានជា​ខ្ញុំ​ឆ្លៀត​មក​បើក​លុយ​រង្វាន់​រួច​នឹង​អាល​គេច។
ថៅកែ  :           យី​អានេះ​វង្វេង​ខួរ​ហើយ​គិតតែ​រង្វាន់​ជាប់គុក​ឯណោះ​មិន​គិត​ទេ។ទៅ!រត់ឱ្យ​បាត់​ពី​ទីនេះ​ទៅ!
ថៅកែ  :           ថៅកែ​មេត្តា​ឱ្យ​លុយ​មក​សិន!
ថៅកែ  :           (ហូត​កាបូប​យកលុយ)យក២០០រៀល​រួច​ទៅ​ឯណា​ឱ្យ​បាត់ទៅ​អា​ចង្រៃ​វាយ​ក៏
ហំ        :           កាលដែល​ថៅកែ​មានប្រសាសន៍​នឹង​ខ្ញុំ​ថាឱ្យ​ខ្ញុំ​មួយ​ម៉ឺន!ទាល់តែ​ប៉ុណ្ណឹង​ដែរបាន​ខ្ញុំ​ប្រថុយ​លក់​ស្បែក។
ថៅកែ  :           យី​អានេះ!អញ​មិនដឹង!បើ២០០មិន​យក​អញ​មិន​ដឹងអី​ទេ​ទៅ!ចេញទៅ!ធ្វើឱ្យ​អញ​មានរឿង​ដោយសារ​ផង​ឥលូវ​មក​លំ​អុក​
                       រក១ម៉ឺន​ទៀត​អាណា​តាមចិត្ត​ឯង​ទាន់។
ហំ        :           ព្រះ ​តេជគុណ​ខ្ញុំ​ទុកជា​ម៉ែឪ​ហើយ​មេត្តា​ខ្ញុំ​ចុះ។ជីវិត​ខ្ញុំ​ថ្លៃ​តែ១ម៉ឺន​ រៀល​ម្ដេច​ព្រះបាទម្ចាស់​មានប្រសាសន៍​ឯណា​ទៅវិញ។ឱ្យ​ខ្ញុំ​
                        ភ្លាម​មក១ម៉ឺន​ដូចជា​បោះចោល​ឱ្យ​សត្វ​លង់ទឹក​ទៅ​ចុះ។ព្រះ​តេជគុណ​ ស្គាល់ចិត្ត​ខ្ញុំ​ស្រាប់​ហើយ​ស៊ូស្លាប់រ​ស់នឹង​ព្រះ​
                       តេជគុណ​យ៉ាងណា។
ថៅកែ  :           យី​អានេះ​និយាយ​ច្រើនណាស់​អញ​ថាមិនដឹងៗហើយ។យក​ឡាន​អញ​ទៅបុក​គ​បុក​គេ​ខូច​ឡាន​អញ​ងាប់​មនុស្ស៣នាក់​
                       រឿងរ៉ាវ​នឹង​អាឯង​នេះ​សម្បើម​ណាស់​ប៉ោ​គេ​វា​ក្ដី​ផង​ឥលូវ​មក​រឹត​ឯង​ មួយទៀត។ផានី​ត​ជួយ​គិត​មើល​អានេះ​វា​គិត​ជញ្ជក់​
                       ឈាម​ឯង​ឱ្យនៅតែ​ស្បែក​នឹង​ឆ្អឹង​តែម្ដង។    ព្រះ​តេជគុណ​ជ្រៀប​ស្រាប់​ហើយ!ខ្ញុំ​បរ​ឡាន​បុក​គេ​គឺ​ធ្វើ​តំរូវ​ចិត្ត​ព្រះ​តេជគុណ។
ថៅកែ  :           អញ​ឱ្យ​បុក​មែន​តែ​អញ​មិនមែន​ឱ្យ​បុក​ទាល់​តែមាន​ស្លាប់​មនុស្ស​ណា?
ហំ        :           ខ្ញុំ​ក៏​មិនមែន​ចង់ឱ្យមាន​មនុស្ស​ស្លាប់​ដែរ។តែ​នរណា​ប៉ាន់​គ្រោះថ្នាក់​បាន?
ថៅកែ  :           អើ!រួច​អាឯង​មក​ទារលុយ​អញ​ទៀត?
ហំ        :           ចុះ​ថៅកែ​សន្យា​ថាបើ​ខ្ញុំ​បុក​ឡាន​អា​ហុង​លី​បានឱ្យ​ខ្ញុំ១ម៉ឺន។ខ្ញុំ​ទារ​តាមតែថៅកែ​សន្យា(កម្មករ​ចូល)
ថៅកែ  :           អើ!អញ​ឱ្យ​ឯង​បុក​កុំឱ្យ​ស្លាប់​ឥលូវ​មាន​ស្លាប់​រឿង​វា​ធំ​អញ​មិនដឹង​ទេ។
ហំ        :           ថៅកែ​គ្មាន​បានបញ្ជាក់​មុន​ថា​កុំ​ឱ្យមាន​ស្លាប់​ឬ​ឱ្យមាន​ទេ។ថៅកែ​គិតថា​ឱ្យតែ​បុក​វា​យក​ពី​ខាង​សម្បើម​ថា​ពួកយើង​សឿង​
                        ជាង​ពួកវា​ប៉ុណ្ណោះ​ឥលូវ​ធ្វើតាម​បាន​ហើយ​រង្វាន់​ដែល​សន្មត​ថាឱ្យ​ខ្ញុំ​ឱ្យមក​ឥលូវ:១ម៉ឺន​រៀល!
ថៅកែ  :           យី​អា!សំដី​រឹង​ណាស់​ហ្ន!
ហំ      :            ថៅ ​ថៅកែ​ខ្ញុំ​ត្រ​វ​ការ១ម៉ឺន​ណាស់​ប្រពន្ធ​ខ្ញុំ​ឈឺ​កូន​ត្រូវ​ចូល​ អនុវិទ្យាល័យ​ម្ដាយ​ខ្ញុំ​ចង់​ធ្វើបុណ្យ​បន្តិចបន្តួច​នឹង​គេ។ ឱ្យតែបាន
                      ១ម៉ឺន​មក​ខ្ញុំ​យកទៅឱ្យ​ប្រពន្ធ​កូន​ម្ដាយ​ខ្ញុំ​សប្បាយ​យ៉ាងណា​យ៉ាងនោះ​ចុះ ​ខ្ញុំ​ឥត​គិត​ទេ​ខ្ញុំ​សូម​លើកដៃ​សំពះ​ថៅកែ​ម្ដង​បើ​មិន​
                      អាណិត​ខ្ញុំ​ទេ​អាណិត​តែ​ប្រពន្ធ​កូន​ម្ដាយ​ខ្ញុំ​ចុះ​កុំ​តែមាន​វង្ស​ ត្រកូល​ខ្ញុំ​មិនត្រូវ​ការ១ម៉ឺន​ធ្វើ​អ្វី​ទេ។
ថៅកែ  :         ឃើញ​ទេ​អានេះ​មាន​ត្រង់​នឹង​ឯង​ឯណា​វា​ធ្វើ​ការឱ្យ​ឯង​មិនមែន​ស្រលាញ់​ឯង​ទែ​តែ​វា​ធ្វើ​ការឱ្យ​ឯង​ដើម្បី​សម្រេចប្រយោជន៍​វា​ឯ
                     ណោះ​ឯង​ទាំង​មិន​អាណិត​អញ​ផង​ចុះ​ឱ្យ​អញ​អាណិត​ឯង​ម្ដេច​បាន។
ហំ        :         ឥលូវ​ឈប់​និយាយ​ពី​អាណិត​ខ្ញុំ​ចុះ​និយាយ​ពី​ពាក្យ​ដែល​ថៅកែ​ដែល​បានសន្យា​នឹង​ខ្ញុំ។ថៅកែ​បាន​ថា”អា​ហំ​អាឯង​មើល​ស្រឿ​
                      ឡាន​អា​ហុង​លី​ឱ្យចំ​ឆ្អឹងជំនីរ​អញ​ឱ្យ​ឯង១ម៉ឺន​រៀល។ខ្ញុំ​បានបញ្ជាក់​ថៅកែ​ ពីរ​បី​ដង​ថៅកែ​ថាឱ្យ១ម៉ឺន​រៀល​មែន​ឱ្យតែ​ខ្ញុំ​
                      ធ្វើបាន។
ថៅកែ  :           អញ​មិនដឹង​អញ​មិនដែល​និយាយ​ដូចនេះ​ទេ​អាឯង​ចង់ទៅប្ដឹងៗទៅ​អាឯងនិយាយ​ឱ្យ​បែក​មេឃ​ក៏​គ្មាន​លោក​ណា​ជឿ​ឯង​
                      ដែរ។ នាម៉ឺន​គេ​ជឿ​អញ​អា​សំអុយ។
ហំ        :           ថៅកែ ​មិន​ខ្លាច​ឆ្កែ​ទាល់ច្រក​ទេ​ឬ?លេង​បញ្ចេះ​ប្ដឹង​តិច​ខ្ញុំ​ប្ដឹង​មែន​ខ្ញុំ ​មាន​សាក្សី​ខ្ញុំ​ណា​ព្រោះ​ថៅកែ​និយាយ​គឺ​ថៅកែ​និយាយ​នៅ​
                       ចំពោះមុខ​អា​ដែង​អស់នោះ:អា​សុខ​អា​មាន​អា​ទ្រី​អាគង់​សុទ្ធតែ​បានឮ​ពួក​ ទាំងនោះ​វា​ទាំង​បាន​ឃាត់​ខ្ញុំ​កុំឱ្យ​ធ្វើ​ផង។
ថៅកែ  :           (សើច)ពួក​អា​អស់នោះ​វា​មិន​ឆ្កួត​ទៅ​សម្លាប់​អញ​ឱ្យ​អាឯង​រស់​នោះទេ។        ទុកជា​វា​ឮ​មែន​ឱ្យ​លុយ​វា​ខ្លះទៅ​វា​ទៅជា​មិនឮ​វិញ​
                       ហើយ។
ហំ        :           កុំ​អាងទឹក​ប្រាក់​ហើយ​មើលងាយ​មនុស្ស​ពេក​ថៅកែ!
ថៅកែ  :           កុំ​អាងទឹក​ចិត្ត​មនុស្សធម៌​ហើយ​មើលងាយ​កម្លាំង​ប្រាក់​អា​ហំ!
ហំ        :           អ្នកមាន​ស្គាល់​តែ​ពី​លុយ​តែម្ដង​គ្មាន​ចិត្តមេត្តា​គ្មាន​ស​ម្ប​ជ​ញ្ញះ​ទេ។
ថៅកែ  :           បើ​អ្នកក្រ​មិន​ស្គាល់​លុយ​អ្នក​ក្រម​កទារ១ម៉ឺន​រៀល​ធ្វើ​អ្វី?
ហំ        :           ព្រោះ​អ្នកក្រ​ត្រូវការ​លុយ​យកមក​ចិញ្ចឹមជីវិត​ខុសពី​អ្នកមាន​ដែរ​ត្រូវការ​លុយ​សំរាប់​យកទៅ​អួត​ប្រាប់​គេ​ថា​ខ្លួន​មាន​លុយ​ច្រើន​
                        ឬ​ជា​គ្រឿង​សំរាប់​បញ្ឆោត​ចិត្ត​ឱ្យ​សប្បាយ​រីក​ថ្លើមធំ​ជាន់​គេ​ជាន់​ឯង។
ថៅកែ  :           យី​អានេះ​កាន់តែ​ព្រហើនឡើងៗចេញពីផ្ទះ​អញ​ឱ្យ​ឆាប់។
ហំ       :           ផានី ​ត​ជា​សាក្សី​ខ្ញុំ​មួយ​ទៀតថា​ថៅកែ​បាន​ប្រើ​ឱ្យ​ខ្ញុំ​បុក​ឡាន​អា​ហុង​លី​ មែន​ថាឱ្យ​ខ្ញុំ១ម៉ឺន​ឥលូវ​មិនឱ្យ។យើង​និយាយ​គ្នា​ទាំង​
                       ប៉ុន្មាន​ផានី​ត​បាន​ស្ដាប់ឮ​ទាំងអស់។
ថៅកែ  :           ចេញពីផ្ទះ​អញ​ទៅ!
ហំ        :           ឱ្យ១ម៉ឺន​មក!
ថៅកែ  :           ទៅ!
ហំ        :           ទេ។
ថៅកែ  :           អ​ហំ​ទៅ​អាណិត​អញ​ហ៏!អញ​ឱ្យ៥០០រ។
ហំ        :           ថៅកែ​អាណិត​ខ្ញុំ​ឱ្យ​ខ្ញុំ១ម៉ឺន​មក។
ថៅកែ  :           ១ម៉ឺន!១ម៉ឺន!អញ​បាន​មកពីណា​មក?
ហំ        :           បាន​ពី​ខ្ញុំ​ពី​ផានី​ត​ពី​អា​សុខ​ពី​អា​ទ្រី​ពី​អា​មាន​អាគង់​ពី​ខ្មែរ​អ្នកធ្វើការ​ទាំងអស់គ្នា។
ថៅកែ  :           អា​ហំ​ចេញពីផ្ទះ​អញ​ឱ្យ​ឆាប់​ក្រែងលោ…
ហំ        :           ក្រែងលោ​ស្អី​ខ្លាំងណាស់​ចូល​គុក​ទាំងអស់គ្នា។រឿង​បុក​ឡាន​ខ្ញុំ​គ្រាន់​ទេ​ជា​ដៃជើង​ខួរក្បាល​គឺ​ថៅកែ​ឯង។
ថៅកែ  :           អា​ហំ...អា​ហំ...អា​ហំ...អញ​អង្វរ​អាឯង។
ហំ        :           អង្វរ​ខ្ញុំ​ធ្វើ​អ្វី​ឋា​នះ​ថៅកែ​មិនត្រូវ​អង្វរ​ខ្ញុំ​ទេ​ខូច​កិត្តិយស​អ្នកមាន​អស់ហើយ។ ម្យ៉ាងទៀត​ខ្ញុំ​លែង​ឆោត​ហើយ​សំឡេង​ទន់​របស់​
                        ថៅកែ​គ្មាន​ឥទ្ធិពល​មកលើ​ខ្ញុំ​ទៀត​ទេ។លុយ១ម៉ឺន​ដែល​សន្យា​ទើប​លួង​ចិត្ត​ខ្ញុំ​មាន។
ថៅកែ  :           អា​ហំ​ឯង​ចង់​សម្លាប់​អញ​ឬ?បានជា​អញ​និយាយ​អ្វី​ឯង​ធ្វើ​ដូចជា​ថ្លង់​ដូចជា​ស្ដាប់​គ្នា​ពុំបាន!ខំ​ជួយ​ឯង​ពី​នោះមក​ឥតប្រយោជន៍​
                       សោះ​ផ្គត់ផ្គង់​តាំងពី​ខោអាវ​លុយ​ស៊ុប​ខ្លះទៀត​កូន​ប្រពន្ធ​ឯង​ក៏​អញ​មិន​ ធ្មេចភ្នែក​ដែរ។តាំងពី​នោះមក​យើង​មានរឿង​សុខ​ទុក​
                        ជាមួយ​គ្នាច្រើន:អញ​ពឹង​អាឯង​ក៏មាន​ឯង​ពឹង​អញ​ក៏មាន​ម្ដេច​ឥលូវ​ម៉េច​និយាយ​ គ្នា​ស្ដាប់​ពុំមាន។ អញ​អស់​ប៉ុណ្ណឹង​ហើយ!
                        មើល​នាយ​ផានី​ត​ឯណេះ​គ្មាន​ការងារ​ធ្វើ​អញ​យក​មកឱ្យ​ធ្វើការ​ជាមួយ​អញ​ជួយ​ យុវជន។រឿង​អ្វីដែល​រាជ​ការហៅ​ឱ្យជួយ​ជាតិ​
                        អញ​មិនដែល​ខាន​ទេ​តាំងពី​សង់សាលា​ទិញ​ឆ្នោតវត្ថុ​ជួយ​សមាគម​សង់សាលា​បាលី​ សង់​វត្ត​ធ្វើ​បុណ្យទាន​គ្រប់សព្វ​នៅតែ​
                         មិនដឹង​អញ​ទៀត។អញ​សព្វថ្ងៃ​ខ្សោះ​អស់ហើយ​គេ​ជញ្ជក់​គ្រប់​ទិស​នៅតែ​ស្បែក​និង​ឆ្អឹង​ទេ។
ហំ        :           ងឺ!រឿង​ថៅកែ​កម្សត់​មែន​គួរ​សរសេរ​សៀវភៅ​ទុក​ដើម្បី​បញ្ជាក់ថា​ថៅកែ​ជួយ​ជាតិ​សាសនា​យ៉ាងណាខ្លះ។ថៅកែ​នេះ​ជួយខ្ញុំ
                       ​ជួយ​ក្មួយ​ឯណោះ​ដើម្បី​ប្រើ​យក​កម្រៃ​ពី​ខ្ញុំ​នឹង​ពី​ក្មួយ​ឯណោះ។ជួយ​ជាតិ ​យកចំណេញ​ពី​ជាតិ។ជួយ​សាសនា​យកចំណេញ​ពី
                       សា​សនា។ គោរព​សរសើរ​ពី​ស្ដេច​ដើម្បី​យកចំណេញ​ពី​ស្ដេច​កុំ​ត្រដាង​អំពើ​ល្អ​ប្រាប់​ យើងខ្ញុំ​នោះ​ទៅ​មិន​រួច​ទេ​ថៅកែ​និង​ខ្ញុំ​មាន 
                       រឿង​តែ​យ៉ាងខ្លី​ជាមួយគ្នា​ឱ្យ​ខ្ញុំ១ម៉ឺន​ដូច​សន្យា​ឬ​មិនឱ្យ?បើ​ឱ្យ​ខ្ញុំ ​ខ្ញុំ​មិន​ឆ្លើយ​ដាក់​ថៅកែ​ខ្ញុំ​សុខចិត្ត​ធ្មេច​ភ្មែ​ក​ជួយ​ថៅកែ​ទៀត​
                        ចុះ។ បើ​មិនឱ្យ​ទេ…ខ្ញុំ​សូមទោស​ឆ្លើយ​ហើយ។
ថៅកែ  :           ផានី​ត​បើ​មាន​នរណា​រក​អញ​ថា​អញ​ទៅ​ជួបនឹង​គេ​ថា​មិនដឹង​ជា​ថ្មើរម៉ាន​បានមក​វិញ​ទេ។
ហំ        :           ថៅកែ​គិត​ទៅណា​ហ្នឹង?អ​ញ្ចើ​ញ​ទៅណា​មិន​បានទេ។
ថៅកែ  :           អាឯង​ស្អី​ក៏​មក​ផ្ដាច់​សិទ្ធិ​អញ​មិនឱ្យ​ទៅណា​បាន?
ហំ        :           មានរឿង​មួយ​វា​ភ្ជាប់​ថៅកែ​នឹង​ខ្ញុំ
ថៅកែ  :           អញ​ទៅ!
ហំ        :           ខ្ញុំ​មិន​ឱ្យទៅ!
ថៅកែ  :           អញ​នៅតែ​ទៅ។
ហំ        :           ទៅ​ខ្ញុំ​ទៅតាម។
ថៅកែ  :           អញ​ឡើង​ឡាន។
ហំ        :           ខ្ញុំ​ឡើង​ដែរ។
ថៅកែ  :           អញ​ទៅប្ដឹង។
ហំ        :           ហ៊ាន​ទៅប្ដឹង​ល្អ​ហើយ។
ថៅកែ  :           អញ​ទៅហើយ។
ហំ        :           ខ្ញុំ​ទៅតាម​ដែរ។
សរសេរដោយ អ្នកនិពន្ធ ពៅ យូឡេង   

                                                                 ផានី​ត-កម្មករ-សុខ-មាន-ទ្រី-គង់
(ដោយ ​ថៅកែ​និង​តៃកុង​ហំ​ចេញពី​ទីនោះ​ទៅ​ពួកកម្មករ​ធ្វើ​ឡាន​ដោយមាន​លឺ​ជជែក​គ្នា ​យ៉ាងខ្លាំង​នាំគ្នា​មក​សួរ​មើល​តើ​មាន​នរណា​មានរឿង​អ្វី)
ទ្រី        :           លោក​ប្អូន​មានរឿង​អ្វី​លឺមាត់​នរណា​ជជែក​គ្នា​ខ្លាំង​ម្ល៉េះ? ផានី​ត​ងើបមុខ​ឡើង​រួច​ឱន​ទៅវិញ)
សុខ     :           បើ​សួរ​គេ​មិន​ឆ្លើយ​ដដែល​មក​ទៅធ្វើ​ការ​យើង​វិញ។
គង់       :           ទេ​ចង់ដឹង។នែ​លោក​ប្អូន​នរណា​មានរឿង​អ្វី?
ផានី​ត  :           រឿង​ចំណាស់​ខ្ញុំ​មិន​ហ៊ាន​និយាយ​ជំ​ម្រា​ប​ទេ។
មាន     :           យី!យ៉ាងណា​ទៅ​មិន​ស្រួល​ទេ​ដឹង?
ទ្រី        :           ប្រាប់​យើង​ឱ្យ​ដឹងផង​មើល៍។
ផ​ផានី​ត:          នែ!...នែ...ពូ​ហំ​គាត់​មកហើយ​គាត់​ជាប់​ឈ្លោះ​នឹង​ថៅកែ​ពី​រឿង...ណ្ហើយ​កុំ​សួរ​ខ្ញុំ​ខ្ញុំ​និយាយ​មិន​រួច​ទេ​លោក​អើយ​ក្នុង​លោក​នេះ​
                       បើ​ខ្ញុំ​កើតមក​ហើយ​កុំ​ឱ្យមាន​ភ្នែកមាន​ត្រចៀក​ប្រហែលជា​ខ្ញុំ​បាន​សប្បាយ​ ជាង។ខ្វាក់​ថ្លង់​គ​កុំឱ្យ​ឃើញ​លឺ​និយាយ​ចេញ​ឮ​រឿង​
                       តែម្ដងទៅ​វា​ធូរ​ដើមទ្រូង​ជាង!ខ្វាក់​ត្រង់​ជា​អាកា​រះ​អាច​នាំឱ្យ​មនុស្ស​ ពិបាក​ខ្លះ​មែន​តែ​ពិបាក​នោះ​តូច​ជាង​អាកា​រះ​ឃើញ​លឺ​ចេះ​
                       និយាយ​ហើយ​ធ្វើ​អ្វី​មិនកើត។មនុស្ស​យើង​រស់នៅ​សព្វថ្ងៃ​ប្រយុទ្ធ​គ្នា​ក្នុង ​អយុត្តិធម៌​លួចល្បិច​គ្នា​ទៅវិញទៅមក​ដើម្បីម្នាក់ៗមាន​
                       ស្រួល​ល្អ​ពីរោះ​តែ​សំដី​ក្រៅ​តែ​មេ​ទន្ទេញ​ចាំមាត់​សំរាប់​បង្រៀន​ សិស្សានុសិស្ស​ឱ្យ​គ្នា​សូត្រមួយថ្ងៃៗអំពី​សេចក្ដី​ល្អ​ទៀងត្រង់​ស​
                       ម្ប​ជ​ញ្ញះ​ករណី​កិច្ច​ចិត្តមេត្តា​ចិត្ត​បរិសុទ្ធ​ចិត្ត​មនុស្សធម៌​តែ​ ក្នុង​ជីវិត​ក្នុងសង្គម​រឿង​ល្អ​ទាំ​អស់​អំបាញ់មិញ​ដែល​បាន​រៀន​ចេះ​
                      ពីសា​លាមក​ហើយ​យកមកប្រើ​ស្ទើរតែ​មិនកើត​ក្នុង​ជីវិត​នេះ។
គង់       :         លោក​ប្អូន​កុំអាល​ផ្ទុះ​ភ្លាម​អ​ញ្ចើ​ញ​និយាយប្រាប់​យើង​ឱ្យ​ស្រួល​មក​រឿង​យ៉ាងម៉េច?
ផានី​ត  :          រឿង​ឡាន​បុក​ពី​ម្សិល!
សុខ     :           ណ្ហើយ​គិត​ឱ្យសព្វៗទៅ​មិនត្រូវ​ចង់ដឹង​រឿង​គេ​ទេ។មក​ទៅធ្វើ​ការ​វិញ​ពួកយើង។
គង់       :          រឿងនេះ​ទាក់ទង​ដល់​យើងទាំងអស់គ្នា​សុខ​ត្រូវតែ​យើង​ចង់​ដឹងបាន​ត្រូវ។
ផានី​ត  :           បង​ទាំងអស់​សួរ​ខ្ញុំ​ថា​រឿង​បុក​ឡាន​រួច​វា​ម្ដេចទៅ​ចុះ​ក្រែង​ដឹង​ស្រាប់​ហើយ​រឿង​លុយ១ម៉ឺន។
មាន     :          អើ...អើ...អើ...
ផានី​ត  :          ឥលូវ​ស្ងាត់​តូច​ទៅហើយ​ថៅកែ​ថា​គាត់​មិនដឹង​ទេ។
ទ្រី        :         ពួក​អា​នាយទុន​ទុកចិត្ត​មិនបាន​ទេ​ដូច​ត្រី​ឆ្ដោរ​អញ្ចឹង​ដើម្បី​វា​ធំធាត់​វា​គ្មាន​ញញើត​នឹង​ស៊ី​កូន​ឯង​ឡើយ។
សុខ     :          លោក​បង​ហំ​គាត់​មិន​ជឿខ្ញុំៗនិយាយប្រាប់​ថាឱ្យ​ប្រយ័ត្ន​តិច​លោ​ថៅកែ​មិន​ទទួល​ដឹង​យើង​ងាប់​តែម្ដង។
ផានី​ត  :          ឥលូវ​ពូ​ហំ​ឡាំប៉ា​ឱ្យខាងតែបាន។
សុខ     :          អា!លេង​មិនកើត​ទេ​ដូចនេះ​រឿងនេះ​ធំ​ណាស់!
មាន     :      មក​ទៅធ្វើ​ការ​វិញ​តិច​លោ​រាលដាល​ដល់​យើង​រឿងនេះ​អញ​ច្បាស់​ជា​មិន​យក​ជ័រ​ព្នៅ​មក​ត្បៀតក្លៀក​ទេ។អញ​ស្រេច​តែមិន ដឹងៗ
                     រួច​គ្នា​តែ​ប៉ុណ្ណឹង​ហើយ។នុះ​ឮសូរ​ដូចជា​ថៅកែ​មកវិញហើយ​មក​ទៅធ្វើ​ការ​វិញ​ពួកយើង។
ទ្រី        :        លោក​ប្អូន​មើល​ផង​ណា​លោ​កបង​ហំ​តែ​ហួសចិត្តគាត់ៗព្រលែង​ឥត​ស្គាល់​ថៅកែ​ថៅ​កំ​អ្វី​ទេ។
គង់       :        បើ​មានរឿង​មិន​ស្រួល​មើលទៅ​ហៅ​ពួកយើង​ផង។ទាំងអស់គ្នា​ត្រឡប់​ទៅធ្វើ​ការ​វិញ​ទៅ។
 

                រឿង ថៅកែចិត្តចោរ
ឆាក​ទី៤
សរសេរដោយ អ្នកនិពន្ធ ពៅ យូឡេង   

ផានី​ត-ថៅកែ​និង​តៃកុង
ថៅកែ  :           អញ​ថា​ម៉ាត់​ណា​ម៉ាត់​ហ្នឹងហើយ។អា​ហំ​តិច​លោ​ថា​អញ​មិន​ប្រាប់។តែ​គេ​ចាប់អញៗឆ្លើយថា​អញ​មិនដឹង​អ្វី​ទេ​ហើយ​អញ​ត្រូវតែ​
                        ចេញ​ឈ្មោះ​ប្ដឹង​អាឯង​ទៀតផង​ដោយ​ចោទថា​អាឯង​ធ្វើការ​ខ្ជីខ្ជា​បើកឡាន​អញ​ទៅបុក​ឡាន​អុងប៉ាង​ហុង​លី។
ហំ      :             ខ្ញុំ​សូម​អរគុណ​ថៅកែហើយៗដើម្បី​តបគុណ​នេះ​ខ្ញុំ​សូម​ជម្រាប​ថៅកែ​ជាមុន​វិញ​ថា​តែ​គេ​ចាប់​ខ្ញុំ​ខ្ញុំ​ឆ្លើយ​ប្រាប់​រាជការ​នូវ​រឿង​
                       ពិតហើយ​ គឺ​ថៅកែ​បាន​ប្រើ​ខ្ញុំ​ឱ្យធ្វើ​អំពើ​ដ៏​លាមក​នោះ​មែន​ដោយ​សន្យា​ថាឱ្យ​ខ្ញុំ១ម៉ឺន​រៀល។
ផានី​ត  :           សូមទោស…ថៅកែ១ម៉ឺន​រៀល​ល្មម​ឱ្យទៅ​ពូ​ហំ​ដែរ​ដូចជា​ធ្វើ​ទាន​ឱ្យ​ប្រពន្ធ​កូន​ម្ដាយ​ឪពុក​គាត់​ចុះ។
ថៅកែ  :          (គំហក)ខ្ញុំ ​និយាយ​ឯង​ដឹង​រឿង​អ្វី​ដែរ​គិតតែ​កាន់​បញ្ជី​ឱ្យ​ត្រឹមត្រូវ​ទៅ​មិន​គិត​ ទេ។អញ​ទៅ​ជួប​គេ​បន្តិច​ថៅកែ​ធ្វើជា​ដើរចេញ​ទៅ​ពូ​ហំ​
                      ចង់​ដើរចេញ​ទៅតាម​ឃើញ​ដូចនេះ​ថៅកែ​ក៏​ចូល​មកវិញ​ពុទ្ធោ!ពុទ្ធោ!គ្មាន​ឈ្លើង​ ឯណា​មក​ទាម​ខ្ញុំ​ទេ​ឱ្យ​ជាប់​ជាង​ឈ្លើង​មនុស្ស​ទេ។
ហំ        :          មិនដឹង​នរណា​ជា​ឈ្លើង​នរណា​ទេ​ថៅកែ​ជា​ឈ្លើង​គូលី​ឬ​គូលី​ជា​ឈ្លើង​ថៅកែ?
សរសេរដោយ អ្នកនិពន្ធ ពៅ យូឡេង   

មនុស្ស​ដដែល​ថែម​នាង​យ៉ាង(ប្រពន្ធ​ពូ​ហំ)ចូលមក
នាង​យ៉ាន :  (ដើរ​ចូលមក​ដោយ​យំ​បណ្ដើរ​ចូលមក​ឃើញ​ថៅកែ​មុន​មិនទាន់​ឃើញ​ប្ដី​នាង​ទេ)ឱ!ព្រះ​តេជគុណ​ម្ចាស់​អើយ!ជួយ​
                     ខ្ញុំ​ផង​ចុះ​រឿង​អ្វី​បានជា​បាត់​ប្ដី​ខ្ញុំ​មិនឃើញ​មក​ផ្ទះ​ហើយ​ស្រាប់​ តែមាន​លឺ​ពួក​គិញ​មក​ព័ទ្ធ​ផ្ទះ​ខ្ញុំ(យំ)។
ថៅកែ      : ឃើញ​ទេ​អា​ហំ​អញ​និយាយ​អាឯង​មិន​ជឿ(នាង​យ៉ាន​ក៏​ឃើញ​ប្ដី​ខ្លួន)
យ៉ាន       : យី!ពុក​វា!តើ​មានរឿង​អ្វី​ប្រាប់​ខ្ញុំ​ឱ្យ​ដឹងផង។
ហំ          : តើ​ពួក​គិញ​គេ​មក​ធ្វើ​ដូចម្ដេចខ្លះ?
យ៉ាន       : ខ្ញុំ កំពុងតែ​ជាត់បាយ​ម៉ែ​គាត់​ទើបនឹង​មកពី​វត្ត​មី​កា​ទូច​កំពុង​រៀបចំ សៀវភៅចាស់ៗរបស់​វា​ស្រាប់តែ​លោក​មួយ​សួរ​ខ្ញុំ​ថា​នែអ្នក​
                    តៃកុង​ហំ ទៅណា?ខ្ញុំ​ថា:លោក​អើយ​បាត់​តាំងពីព្រឹក​ម្សិល​មិនទាន់​ឃើញ​ត្រលប់មក​ផ្ទះ វិញ​ផង​ខ្ញុំ​មិនដឹង​ដែរ។ លោក​ទាំង
                     នោះ​ក៏​មើល​សម្លឹង​ចោល​ភ្នែក​ពេញ​ខ្ទម​យើង រួច​លោក​ម្នាក់ទៀត​សួរ​ទៅ​ម៉ែ​ថាលោកយាយ ក្រែង​បានដឹងថា​តៃកុង​ហំ​
                     នៅឯណា​ដែរ​ឮ​ម៉ែ​លើកដៃ​សំពះ​ហើយ​និយាយថា:ចាស់​ទេ យក​ព្រះពុទ្ធ​ធ្វើជា​ប្រធាន​ខ្ញុំ​មិនបាន​ដឹង​ទេ។ពួក​អស់លោក​ក៏​ថយ​
                     ទៅវិញ​ទៅ កា​ទូច​លប​មើលថា​ឃើញ​ឡើង​ឡាន​ហ្ស៊ី​ប​ទៅ។ពួក​ជិតខាង​ក៏​មក​រោម​យើង​អ៊ូ សួរថា​ពួក​គិញ​មករក​ចាប់​អ្នក​ហំ​
                      ហើយ។ឱ្យ​ពុទ្ធោ​អើយ​តើ​ឪ​វា​ឯង​ទៅធ្វើ អ្វី​នរណា?
ថៅកែ      :  ខ្យ៉ា​ន​អើយ!អា​ហំ​វា​ឆ្កួត​ហើយ​វាច​ង់​ជាប់គុក​វា​ចង់​ងាប់​អញ​អាណិត​វា​អញ​ប្រាប់​វា​ថាឱ្យ​វា​គេចខ្លួន​ទៅ​វា​មិន​ព្រម។ បន្តិច
                     ទៀត​ពួក​គិញ​អូស​ក្បាល​ពី​កន្លែង​នេះហើយ​បើ​វា​នៅ​រឹងទទឹង​អញ​ដូចនេះ។
យ៉ាន       :  ចុះ​រឿង​អ្វី!មានរឿង​អ្វី​បានជា​គេ​ចាប់?
ថៅកែ      :  វា​ស្រវឹង​ឆ្កួត​បើកឡាន​បុក​ឡាន​ថៅកែ​ហុង​លី​ពី​ម្សិល​ដោយមាន​គ្រោះថ្នាក់​ស្លាប់​អ្នកជិះ​ដល់​ទៅ៣នាក់។
យ៉ាន       :  ឱ​ពុទ្ធោ​អើយ!ដាច់ខ្យល់​ស្លាប់ទៅ​ល្អជា​ជាង។ចុះ​ឥលូវ​ត្រូវធ្វើ​ដូចម្ដេច?
ថៅកែ       : ធ្វើ​ម្ដេច!ថាឱ្យ​វា​គេច​សិន​ឱ្យតែ​រួច​មួយគ្រា​សិន​ទៅ។អញ​នឹង​វែកផ្លូវ​ទៅទៀត​ហើយ​អញ​ក៏​មិនមែន​ធ្មេចភ្នែក​មិន​មើល​ខុសត្រូវ​
                     លើ​ខ្យ៉ា​ន​ឯង​យាយ​ចាន់​និង​កា​ទូច​ដែរ។
យ៉ាន        : ចុះ​ឱ​វា​បើ​ថៅកែ​គាត់​មានប្រសាសន៍​ដូចនេះហើយ​នៅចាំ​ធ្វើ​ស្អី​ទៀត​ក៏​ស្ដាប់​មិនបាន។
ថៅកែ       : អា​ហំ​ឥលូវ​ប្លែក​ណាស់។
យ៉ាន        : ឪ​វា!ខ្ញុំ​អង្វរ​ថៅកែ​ចុះ​តែ​ជាប់គុក​ហើយ​ឈ្មោះ​យើង​មិនល្អ​ទេ។គេឯង​ជិត​ខាងគេ​ធ្លាប់​ស្គាល់​យើង​គេ​ថាន!កូន​នេះ​ឪពុក​វា​
                     ជាប់គុក​ហើយ។ កូន​យើង​ដែល​ទៅ​រៀន​គេ​ថា​ន៎!កូន​នេះ​ឪ​វា​ជាប់គុក​តើ​ឱ្យ​គ្នា​យកមុខ​ទៅ​ ទុក​ឯណា?ម៉ែ​បើ​គាត់​ជ្រាប​រឿងនេះ​
                     ហើយ​គាត់​នឹង​ព្រួយ​ដាច់ខ្យល់​មិន​ខាន។ជាប់គុក​លោតែ​គេ​បណ្ដើរ​ឱ្យ​ឯង​មក​ ធ្វើ​ការជាប់​ខ្នោះដៃ​ស្លៀក​ខៀវ​ពាក់​ខៀវ​ខ្ញុំ​ខ្មាស់​
                    ដាច់ខ្យល់​ហើយ។ ថៅកែ​គាត់​និយាយ​យើង​តោង​ស្ដាប់​តោង​តាម​គាត់​ដែល​ស្រលាញ់​យើង​គាត់​ចង់តែ​ ឱ្យ​យើង​បាន​ស្រួល​ម្ដេចក៏​
                    ឪ​វា​មិន​ព្រមធ្វើ​តាម​កុំ​ឈប់​នៅ​ស្ងៀម​គិត​មើល​ឱ្យ​មែនទែន​អ​ណិ​ត​កេ​រ្ត៍ ​ឈ្មោះ​កូនស្រី​អាណិតម្ដាយ​អាណិត​ខ្ញុំ។ស៊ូ​ឱ្យ​បែក​ព្រាត់
                   ប្រាស់​កុំឱ្យ​មាន​ឮថា​ជាប់គុក​ពូជ​យើង​ក្រ​មែន​តែ​គ្មាន​នរណា​ដែល​ជាប់គុក​ទេ។
ថៅកែ    :    ហ៏​ខ្យ៉ា​ន​យក៣០០៛ទៅ!ហង១០០យាយ​ចាន់១០០មី​កា​ទូច១។
ហំ        :  កុំ​យក!កុំ​ធ្វើ​ថោក​រស់​ដោយសារ​គេ​ដាក់​ទាន​នោះ!
ថៅកែ    :  ខ្យ៉ា​ន​ហង​ជួយ​ស្ដាប់​មើល​សំដី​វា។រស់​តាំងពី​នោះមក​ដោយសារ​អ្នកណា​បើ​មិន​ដោយសារ​អញ?យក៣០០ទៅ​ខ្យ៉ា​ន​អញ
                  ធ្វើបុណ្យ។
ហំ        : កុំ!កុំ​ព្រម​ទទួល​បុណ្យ​ពី​មនុស្ស​បាប។
យ៉ាន     : ឪ​វា​ឯង​ថា​អ្វី​អ​ញ្ចេះ​ថៅកែ​គាត់​ជា​អ្នកមានគុណ​លើ​យើង។
ថៅកែ    :  ហង​លឺ​នឹង​ត្រចៀក​ហង​ស្រាប់​ហើយ​តិច​លោ​ថា​អញ​បញ្ចេះ​ណា។
យ៉ាន     : ចាស៎!ខ្ញុំ​ក៏​ឆ្ងល់​ណាស់ដែរ។ចុះ​គេ​ខឹង​ថៅកែ​ពី​រឿង​អ្វី​រហូតដល់​ដាក់​ទាន​លុយកាក់​មិនឱ្យ​យក?មានតែ​ឯង​ខំ​រកលុយ​ឱ្យបាន​ច្រើន​
                 ហូរហៀរ​មក​កុំ​បាន​ព្រឹក​ខ្វះ​ល្ងាច​គ្មាន​អង្ករ​ប្រចាំ​ពាង​គ្មាន​សំពត់​ អាវ​សំរាប់​ផ្លាស់?គ្មានអ្វី​ជា​ទៀងទាត់​សំរាប់​ទ្រទ្រង់​ជីវិត​សោះ។
ហំ        : កុំ​យកមក​និយាយ​វែង​ពេក​ទៅផ្ទះ​ទៅ​អី​ទៅ!
យ៉ាន     : ឪ​វា!ខ្ញុំ​លែង​យល់​ឯង​ហើយ!
ហំ        : យល់​ឫ​មិន​យល់​ទៅផ្ទះ​ទៅ​រឿ​អញ​ស្រេច​នឹង​អញ​ឯង​កុំ​ចេះដឹង​អ្វី។
យ៉ាន     :  ខ្ញុំ​មិន​ទៅ​ទេ។
ហំ        : នែ​និយាយ​ឱ្យ​ចេះ​ស្ដាប់​ឯង​មិនបាន​ដឹង​រឿង​ក្នុង​កុំមក​ធ្វើជា​ចេះ​ដែរ។
យ៉ាន     :  អាង​អ្វី​អាង​តែ​គេ​មិនដឹង​រឿង។ឯង​អ្នកចេះដឹង​ម្ដេចក៏​ធ្វើឱ្យ​ថៅកែ​ពិបាក​ដោយសារ?
ហំ        :  មីនេះ​គំនិត​ខ្ញុំគេ​ក្រាស់​ណាស់​ជ្រៅ​ណាស់។
យ៉ាន      : (យំ​កាន់តែខ្លាំង)បើ​ខ្ញុំគេ​ក៏​វា​មិន​អី​ដែរ​កុំ​ឱ្យតែ​ជាប់គុក។
ហំ        :  យី!មីនេះ!(ខឹងច្រឡោត)
ផានី​ត    :  ពូ​ហំ!ពូ​ហំ!កុំ​ច្រឡោត​បើ​មីង​គាត់​ល្ងង់​កុំ​យក​សេចក្ដី​ល្ងង់​ទៅ​តប។
ថៅកែ    :  អា​ផានី​ត​អាឯង​ចេះដឹង​អ្វី​ដែរ?រឿង​អាឯង​គិតតែ​បូក​លុយ​ទៅ។តិច​អញ​ដេញ​ចោល​ឱ្យ​ឈប់​ធ្វើការ​ឥលូវ។
ផានី​ត    :  បូកលេខ​មិនកើត​ទៀត​ទេ!វា​ច្រ​លំ​ខ្ទង់​អស់ហើយ​ឯង​ថា​ត្រូវ​ស្រាប់តែ​ខ្ទង់​គេ​ថា​ខុស​ទៅវិញ។ក្បួន​ដែល​គេ​បង្រៀន​ខ្ញុំ​ឯ​សាលា​
                   ទាំង​ប៉ុន្មាន​យកមកប្រើ​ក្នុង​ជីវិត​នេះ​មិនត្រូវ​សោះ។ក្បួន​ប្រាប់ថា​ធ្វើ​នេះល្អជីវិត​ថាឆោតក្បួន​ថាចេះជីវិត​ថា
              “ល្ងង់ក្បួន​ថាទាបជីវិត​ថាខ្ពស់។
ថៅកែ     : អា​ផានី​ត​ឈប់​និយាយ​អញ​ដេញ​អាឯង​ឱ្យ​ឈប់​ធ្វើការ​ឥលូវ​ហើយ។
ផានី​ត     : មិនចាំបាច់​ថៅកែ​ដេញ​ចោល​ទាន់​ទេ​ខ្ញុំ​ឈប់​មុន​ហើយ​ព្រោះ​ច្រមុះ​វា​មិនចៀ​ប​ខ្ញុំ​ទ្រាំ​នៅ​ជិត​គំរង់​មិនបាន​ឡើយ។
ថៅកែ      : អា​ផានី​តអា​ផានី​ត
ផានី​ត      : មានការ​អ្វី​ថៅកែ?
      ឆាកទី៦

សរសេរដោយ អ្នកនិពន្ធ ពៅ យូឡេង   

មនុស្សដដែលថែមកម្មករសុខទ្រីមានគង់
ថៅកែ  :     ចុះ​ពួក​អា​អស់​ទាំងនេះ​ទៅណា​មក​ណា​ដើរចោល​ការ?យី!ពួក​អានេះ​ការ​នៅ​ដៃ​វា​ហ៊ាន​ដើរ​ចោលការ។
គង់     :    ពួក​ខ្ញុំ​ឮសូរ​មានការ​ជជែក​ខ្លាំងពេក​ហាក់ដូចជា​មានរឿង​អ្វី​បានជា​បបួលគ្នា​មក​មើល។
ថៅកែ   :   ទៅ!នាំគ្នា​ទៅធ្វើ​វិញ​ភ្លាម​ទៅ!
ទ្រី      :    បាទ! សួរសុខទុក្ខ​លោក​បង​ហំ​បន្តិច​សិន។
ថៅកែ  :    យី!ឯង​អស់នេះ​វា​ឡើងចាង​ទាំងអស់គ្នា​ហើយ!អញ​និយាយ​អ្វី​ក៏​គ្មាន​នរណា​ស្ដាប់​ដែរ​ឥលូវ។បើ​ដណ្ដើម​តែ​ធំ​ទាំងអស់​បាន​
​ ​                   អ្នកណា​ធ្វើ​គូលី​អ្នកណា​ធ្វើ​ថៅកែ?ឬមួយ​អ​ឯង​អស់នេះ​ដូចជា​ពួក​គូលី​ ឯទៀតមួយថ្ងៃៗគ្មាន​ធ្វើការ​អ្វី​សោះ​ជំនុំ​គ្នា​តែ​ពី​
                   រឿង​បះបោរ​ដំឡើង​ប្រាក់ខែ។អញ​ប្រាប់​ឯង​មុន​ធ្វើ​ជាមួយ​ថៅកែ​ណា​ទៀត​បាន​ជាមួយ​អញ​មិនបាន​ជាដាច់ខាត។កើត​
                   មកជា​មនុស្ស​ក្នុងសង្គម​វា​តែងមាន​ឋា​នះ​ខ្ព​ស់ទាប​ជ​ធម្មតា​តាម​ចង្វាក់​ តាក់តែង​មក។ចុះបើ​យើង​ចេះតែ​បះបោរ​ចង់​ស្មើរ​
                   មុខដូចៗគ្នា​តើ​បាន​នរណា​ធ្វើ​កូន?ស្ដាប់​បានទេ​អា​សុខ​អា​មាន?
សុខ    :    បាទ!
មាន    :    ព្រះបាទម្ចាស់!
ថៅកែ  :    អាគង់!អា​ទ្រី!
អាគង់  :    មិន​យល់​មិនដឹង​ជា​ថៅកែ​ចង់​ថា​អ្វី​អំបាញ់មិញ?
ថៅកែ  :    ណ្ហើយ​ទៅ​អា​មនុស្ស​មិន​យល់​នៅតែ​មិន​យល់​ដដែល​នេះឯង(កម្មករ​ទាំងអស់​រៀប​ទៅ)
ផានី​ត  :    កុំអាល​អញ្ជើញ​ទៅ​បង​ទាំងអស់គ្នា។ខាត​ការ​មួយ​ព្រឹក​ចុះ​ថ្ងៃនេះ​ចាំ​ជួយ​ឮ​ជួយ​ស្ដាប់​រឿង​ពូ​ហំ​ផង។
ថៅកែ  :    អា​ផានី​ត​អាណា​ធ្វើ​អ្វី​ឯង?
ផានី​ត  :    ថៅកែ ​ឯង​ហ្នឹង​ធ្វើ​ខ្ញុំ!ធ្វើឱ្យ​ខ្ញុំ​ឆ្កួតចិត្ត​លើ​មនុស្ស​ដែល​ឃើញតែ​ពី​លុយ ​ពី​មាន។រស់​សព្វថ្ងៃ​រស់​សម្រាប់​តែ​ធ្វើ​ម៉េច​បើក​លុយ​
                   ឱ្យ​ហើយ។ក្នុង​ការគិត​នេះ​គ្មាន​ការគិត​ល្អជា​ទេ​គិតតែ​ពី​រក​ល្បិច​ អយុត្តិធម៌​លេង​ស្នៀត​អាក្រក់​គ្រប់យ៉ាង​តាំងពី​ប្រើ​វិធី​
                    សូកប៉ាន់​វិធី​កៀង​មនុស្ស​ឱ្យចូល​ដៃ​ជាមួយ​ខ្លួន​រហូតដល់​ធ្វើ​គ្រោងការ​ សម្លាប់​មនុស្ស​ដែល​អាច​ក្លាយទៅជា​ចម្បាំង​ចក្រពត្តិ​
                    គ្រប់យ៉ាង​ដើម្បី​ឱ្យតែបាន​លុយ​បាន​លុយច្រើនៗជាងគេ។
ថៅកែ  :    (ស្រែក)អា​ផានី​ត!ចេញពីផ្ទះ​អញ​ឱ្យ​ឆាប់!
ផានី​ត  :    ខ្ញុំ​ចោទ​ថៅកែ​ឯង​ពេញទី​ថា​ជា​ចោរ​ចោរ​ជាន់ខ្ពស់​ព្រោះ​ចេះ​បន្លំ​តែ​ការពិត​មនុស្ស​សម្លាប់​ម​នុស្ស​ដូចជា​សម្លាប់​បីនាក់​ក្នុង​
                   ការបុក​ឡាន​ពី​ម្សិលមិញ។
ថៅកែ  :    មិនមែន​អញ​ទេ​គឺ​អា​ហំ។
ផានី​ត  :    មិនមែន​ពូ​ហំ​ទេ​គឺ​ថៅកែ​ឯង​ជួល​ពូ​ហំ​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នោះ​ដល់​ពូ​ហំ​ធ្វើ​ហើយ​មិន​ព្រមឱ្យ១ម៉ឺន​រៀល​ទៅ​គាត់​
                   ទៀត។នេះហើយ​សេចក្ដី​ពិត។បង​ចូរ​ដឹង​បង​មាន​បង​សុខ​បងគង់​បង​ទ្រី​ជួយ​ស្ដាប់​ជួយ​ឮ​ថៅកែ​យើង​ជា​ចោរ​ចោរប្លន់​តែ​
                   ទាំងអស់គ្នា។
ថៅកែ  :    ទេ!ទេ!អញ​មិនមែន​ចោរ​ទេ។ខ្យ៉ា​ន​ជួយ​អញ​ផង​អា​មាន​អាគង់​អា​សុខ​អា​ទ្រី​បើ​មាន​ពួក​គិញ​មក​សួរ​រឿង​អ្វី​តោង​ឯង​ជួយ​អញ​
                   ផង​ចាំ​អញ​ឱ្យ​លុយ។
ហំ       :   នែ!មិត្ត​ទាំង​បួន!យើង​ជឿថា​ឯង​ទាំងអស់គ្នា​បាន​ភ្លឺភ្នែក​ខ្លះ​ហើយ​ថៅកែ​នេះ​គ្មាន​នឹក​អាណិត​យើង​ស្រលាញ់​យើង​ដូច​សំដី​តែង​
                   និយាយ​នោះទេ​គិតតែ​ពី​ប្រើ​យើង​ដើម្បី​យក​ញើស​ឈាម​យើង​ទៅ​ពូត​ឱ្យ​បានជា​លុយ​ជួនកាល​បោក​យើង​ដើម្បី​យក​ញើស​
                   ឈាម​យើង​ដូច​បាន​បោក​អញ​ជា​ភស្ដុតាង​ស្រាប់។លុះ​អំណាច​ចង់​ចំណេញ​ខ្លាំងពេក​ថៅកែ​មិន​ញញើត​នឹង​ប្រើ​វិធី​អមនុស្ស​
                   ឡើយ​ពួកនេះ​គ្មាន​ចេះ​ស្នេហា​ជាតិ​ដល់​តិចតួច​ទេ​មាតុភូមិ​របស់គេ​គឺលុយនេះឯង
យ៉ាន    :   ពុទ្ធោ​អើយ!
ថៅកែ   :   អា​បួន​នាក់​ឯង​គ្មាន​ដឹងឮ​អ្វី​ទេ​ណា!បើ​គេ​សួរ​ចាំ​អញ​គិត​ឱ្យ​ម្នាក់៥០។
ហំ      :    លុយ៥០០៛ចាយ​តែមួយ​ភ្លែត​អស់ហើយ។ឬ​សេចក្ដី​យុត្តិធម៌​ទៀត​បើ​យើង​យកមក​ដាក់​ក្នុង​ខ្លួន​ហើយ​មិនចេះ​សាប
                   សូន្យ​ទេ។មិត្ត​ទាំង​បួន​ត្រូវ​ពិចារណា​ឱ្យ​មែនទែន។
ថៅកែ  :     សេចក្ដី​យុត្តិធម៌​មានតែ​ឈ្មោះ​ទេ!ក្នុង​លោក​នេះ​គ្មាន​នរណា​ប្រតិបត្តិ​សេចក្ដី​យុត្តិធម៌​បានឡើយ។ពីព្រោះ​ឬមួយ​តាម​ការពិត​
                   គ្មាន​សេចក្ដី​យុត្តិធម៌​ទេ​ឬ​ជន​មួយ​ពួក​ចេះតែមាន​របៀប​យល់​លើ​សេចក្ដី​ យុត្តិធម៌ប្លែកៗគ្នា។យុត្តិធម៌​របស់​ជន​មួយក្រុម​ខុស​នឹង​
                   យុត្តិធម៌​របស់​មួយក្រុម​ទៀត។ទាំងពីរ​ក្រុម​ធ្វើអំពើ​ផ្ទុយគ្នា​ស្រលះ​តែ​ ក្រុមមួយៗសុទ្ធតែ​ប្រកាស​ខ្លួន​ថា​ខ្លួន​ធ្វើតាម​សេចក្ដី​
                ​យុត្តិធម៌​ទាំងអស់។ដូចនេះ​នៅ​ទីបំផុត​មានតែលុយទេ​ដែល​អាច​ធ្វើជា​អាជ្ញាកណ្ដាល​កាត់សេចក្ដី​ជជែក​នៅលើ​សេចក្ដី​យុត្តិធម៌​​
                 ឬ​អយុត្តិធម៌។យកលុយ​វិញ​ទៅ​អា​បួន​នាក់​អញ​ឱ្យ​ម្នាក់១ពាន់​រៀល​បើ​ឯង​ឆ្លើយថា​មិនបាន​ដឹងឮ​រឿង​អ្វី​ទេ។
ផានី​ត ង​ទាំង​បួន​កុំ​ឱ្យគេ​យក​ទឹក​លុយ​មក​ទិញ​ទឹកចិត្ត​យើង​បាន។កុំ​ធ្វើជា​មនុស្សសំបកសុខចិត្ត​លក់​គំនិត​ឱ្យគេ​អស់​នៅតែ
           ”សំបក”   សំរាប់​ការ​ជា​អាយ៉ង​ចាក់​ត្លុក​ទៅតាម​គេ​ញាក់​ដោយ​កម្លាំង​លុយ។
ហំ        : មិត្ត​ទាំង​បួន​ពេលនេះ​ថៅកែ​ត្រូវការ​ឯង​គេ​ថាឱ្យ​ឯង​ម្នាក់១ពាន់​រៀល​ដល់ពេល​គេ​ឈប់​ត្រូវការ​ឯង​គេ​អាច​ប្រើ​ស្នៀត​មួយ​កាច់​ពី
                 ឯងម្នា​ក់ជាង១ពាន់​រៀល​វិញ​ផង​ពីព្រោះ​មនុស្ស​នេះ​គ្មាន​ជឿ​លើ​សេចក្ដី​យុត្តិធម៌​លើ​អំពើ​ល្អ​ខ្ព​ស់ទាប​ឡើយ។
យ៉ាន   :   ឱ!ឪ​វា​អើយ!ខ្ញុំ​ទើបនឹង​ដឹង​រឿង​ថៅកែ​យើង​ចិត្តចោរ​ជា​មនុស្ស​អាក្រក់​ណាស់។
ថៅកែ  : (និយាយ​តែម្នាក់ឯង)នៅ​ទីបំផុត​ខ្ញុំ​នៅតែ​ម្នាក់ឯង​ទេ​ដឹង?ទេ​ដូចនេះ​មិនកើត​ទេ​អញ​យកលុយ​អញ​ចាយ​ទាំងអស់​ឱ្យតែ​អញ​បាន​
                 បក្សពួក​គ្រាន់​ធ្វើជា​គ្នា​កុំឱ្យ​ចិត្ត​អញ​កំព្រា​ពេក(លឺ)អា​មាន!អញ​ឱ្យ​ឯង៣០០ពាន់​អាឯង​ថា​ដូចម្ដេច?
មាន     :  ថៅកែថៅកែចុះ​អា​សុខ?
ហំ        : គេ​ប្រើ​ស្នៀត​បំបែក​ពួកយើង​ហើយ​ត្រូវ​យើង​ចង​គ្នា​ជា​បាច់​វិញ​ឱ្យបាន​ទើប​ផ្ដួល​ពួក​ជិះជាន់​មនុស្ស​បាន។
សុខ     :  ណ្ហើយ​លុយ​ដែល​ថៅកែ​បម្រុង​ឱ្យ​ពួក​ខ្ញុំ​ថៅកែ​វេរ​ទៅឱ្យ​លោក​បង​ផង​ចុះ។
ហំ       : ទេ​អា​សុខ​អញ​មិន​ព្រម​យកលុយ​នេះ​ទៀត​ទេ​អញ​សុខចិត្ត​ឱ្យ​វង្ស​ត្រកូល​អញ​ស្លាប់​ចុះ​ដើម្បី​សេចក្ដី​ពិត​ផ្ទុះឡើង​រួច​ទើបបាន​ដឹងឮ
                គ្រប់ៗគ្នា​ហើយ​រក​ផ្លូវ​ដោះស្រាយ​ឱ្យបាន​ឃើញ។
ថៅកែ  :  អញ​ក៏​មិន​ខ្ចី​ឱ្យ​អាឯង​ដែរ​លុយ​អញ​មាន​អញ​សុខចិត្ត​ដុតចោល។
ផានី​ត  :  លោក​អើយ​ជួយ​ស្ដាប់​ពីរោះ​ណាស់​មាន​លុយ​ស៊ូ​ដុតចោល​ត្រង់​អ្នកក្រ​មិន​ព្រម​ជួយ។
ថៅកែ  : (ចង់​រត់ចេញ)នៅ​ជជែក​ជាមួយ​អា​អស់នេះ​មិនបានការ​សោះ!
ហំ      : ពួកយើង​ស្ទាក់​កុំឱ្យ​ចេញរួច​ហ៊ុម​ថៅកែ​ចិត្តចោរ​នាយទុន​ទុច្ចរិត​នេះ​ឱ្យ​ជាប់(ទាំងអស់គ្នា​ធ្វើតាម​កម្មករ​ទាំង​បួន​ធ្វើ​ដោយញញើត
               ញញើម)។
ថៅកែ  : ណ្ហើយ​អា៤នាក់​អញ​និយាយ​ជា​ចុង​បង្ហើយ​ចុះ​អា​សុខ១ម៉ឺន​អា​ទ្រី១ម៉ឺន​អាគង់១ម៉ឺន។
មាន     : ១ម៉ឺន​ថៅកែ​ហ៊ាន​ឱ្យ១ម៉ឺន។
យ៉ាន   : មាន​អើយ!លុយ​បាន​ដោយ​សំណូក​ក្ដៅក្រហាយ​មាន​ឯង​យកទៅ​ក៏​ទុក​បាន​មិនយូរ​ដែរ។លុយ​រកបាន​ដោយ​ងាយ​ចាយ​ក៏ដោយ
               ​ងាយ​ប្រហែល​ជាមាន​ឯង​យកទៅ​លេងល្បែង​ចាញ់​អស់​ផង​មើលទៅ​ចុះ​ដល់​អស់​លុយ​នោះ​ទៅ​មាន​ឯង​យ៉ាងដូចម្ដេច​ទៅទៀត​
                ក្រៅពី​នឹក​ស្ដាយ​ថា​អញ​បាន​ភរ​គេ​បាន​ក្បត់​មិត្ត​អ្នកក្រ​ដូចគ្នា។រំពឹង​ លើ​ថៅកែ​គេ​មិន​ជួយ​ឯង១ជីវិត​ទេ​គេ​មើល​ឃើញតែ​លុយ​នឹង​
                គ្នា​គេ​បី​បួន​នាក់​ប៉ុ​នោះ។
គង់      : មែន!ពួកយើង​កុំ​ចាញ់បោក​ថៅកែ​កុំ​ចាញ់បោក​អា​ពួក​នាយទុន​មូលធន​ដែលជា​ឈ្លើង​ជញ្ជក់​ឈាម​អា​រក​យើង​ជិះជាន់​យើង​បឺត​
                ញើស​បឺត​ឈាម​យើង​គ្រប់ពេលវេលា។យើង​ត្រូវតែ​រួមគ្នា​ពួតដៃគ្នា​ចង​សាមគ្គី​ ឱ្យ​ស្អិត​មួ​ត​ហើយ​ពុះពារ​រកស​ខ្មៅ​ឱ្យ​ទាល់តែ​ឃើញ។
ទ្រី        : អាគង់​និយាយ​ត្រូវ!ខ្ញុំ​មិន​ព្រម​យកលុយ១ម៉ឺន​របស់​ថៅកែ​ដើម្បីឱ្យ​មិត្ត​អ្នកក្រ​ដូចគ្នា​ស្លាប់​ដោយ​អយុត្តិធម៌​ទេ។
ផានី​ត     : បងគង់​បង​ទ្រី​និយាយ​ត្រូវ​ណាស់។ខ្លួន​ខ្ញុំ​ក៏​សុំចូល​ដៃ​ជាមួយនឹង​ពួកបងៗដែរ។យើងទាំងអស់គ្នា​តោង​រួមដៃគ្នា​ចង្អុលមុខ​ចោរ​
                   ឱ្យចំ​ចោរ​ជាន់ខ្ពស់​ដែល​ចេះ​ប្រើ​វិធី​និង​គ្រឿង​រាប់មិនអស់​សំរាប់​ បំផ្លាញ​សង្គម​ខ្មែរ​សង្គមមនុស្ស។ចោរ​បែបនេះ​ខ្លាំង​ជា​ចោរ​
                   ធម្មតា​ដែល​លួច​ឬ​ប្លន់​ឯកជន​ព្រោះ​ចោរលួច​ហុតឈាម​ខ្មែរ​គ្រប់គ្នា​ដោយ​ប្រើ ​វិធី​បន្លំ​បំបាត់​សូកប៉ាន់​និង​អំពើ​មនុស្ស​ច្រើន
                   ទៀត។
                       ចោរ​នេះ​ជា​ចោរប្លន់​ជាតិ​ព្រោះ​ចោរ​បែបនេះ​មិន​ខ្លា​ចនឹង​ចូល​ដៃ​នឹង​បរទេស​លក់​ជាតិខ្មែរ​ដើម្បី​ខ្លួន​បាន​ចំណេញ​ឡើយ។
                                                                                                                                សូមរង់ចាំវគ្គបន្ត
 

សរសេរដោយ អ្នកនិពន្ធ ពៅ យូឡេង   

                                                  ទាំងអស់គ្នា​ថែម​ពួកក្រុម​នគរបាល​ចូលមក
សែ​ហ្វ       : អ្នកណា​ថា​ឯណា​ចោរ?យើង​ជា​ក្រុមនគរបាល​ប្រាប់​មុខ​ចោរ​យើង​មក​យើង​ចាប់(ទាំងអស់គ្នា​ជ្រួល​ភ័យ)
ភ្នាក់ងារ​ទី​ពីរ: កុំ​ជ្រួល​នៅ​ឱ្យ​ស្ងៀម!
ថៅកែ       : អស់លោក​មករក​ចាប់​តៃកុង​ហំ​ឬ?នុះ​វា!ខ្ញុំ​ជា​ថៅកែ​ឡាន​ឥលូវ​ខ្ញុំ​ប្ដឹង​ថែមទៀត​ព្រោះ​វា​បំផ្លាញ​ឡាន​ខ្ញុំ​ឱ្យ​ខូច​ដែរ។
ហំ         ​​​​  : បាទ!ខ្ញុំបាទ​នេះហើយ​តៃកុង​ហំ​លោក​ចាប់​ខ្ញុំ​ចុះ​ខ្ញុំ​មិន​រត់​ទេ​ខ្ញុំ​ព្រម​ទទួល​ថា​បាន​ប្រព្រឹត្ត​អំពើ​អមនុស្សធម៌​មែន​តែ​សូម
                     លោក​ជ្រាប​ថាបើ​លោក​ចាប់​ខ្ញុំ​លោក​ត្រូវ​ចាប់​មនុស្ស​ដែល​បាន​នែ​នាំ​ខ្ញុំ ​ឱ្យធ្វើ​អំពើ​ឃោរឃៅ​នេះ​ផង។មនុស្ស​នោះ​ខ្ញុំ​
                     មិនបាច់​ជម្រាប​លោក​ទេ​ទុកឱ្យ​ពួក​ទាំង​អស់គេ​ជម្រាប​លោក​ជំនួស​ខ្ញុំ​ចុះ​ ព្រោះ​ខ្ញុំ​ជា​មនុស្ស​មានទោស​ក្រែងលោ​ថា​សំដី​ខ្ញុំ​
                     យក​ធ្វើការ​មិនកើត។
ថៅកែ       : (និយាយ​ខ្សឹប)អា​បួន​នាក់​អញ​ឱ្យ​ពីរម៉ឺន។
សែ​ហ្វ       : ទាំងអស់គ្នា​តើ​មនុស្ស​ណាមួយ?
ផានី​ត          : ថៅកែ​នេះឯង​គាត់​បាន​បញ្ចេះ​ពូ​ហំ​ឱ្យ​បើកឡាន​បុក​ឡាន​អុងប៉ាង​ហុង​លី​ដោយ​សន្មត​ថាឱ្យ​ពូ​ហំ​មួយ​ម៉ឺន​រៀល។
ថៅកែ       : អានេះ​វា​បង្កាច់​ខ្ញុំ​ទេ​លោក​វា​ស្អប់​ខ្ញុំ​ព្រោះ​ខ្ញុំ​មិន​ព្រមឱ្យ​ឡើង​ប្រាក់ខែ។
យ៉ាន        : លោក​សែ​ហ្វ!រឿង​ថៅកែ​បញ្ចេះ​នេះ​ជា​រឿង​ពិត​ពួកកម្មករ​ឡាន​ទាំង​បួន​នាក់​នេះ​ជា​សាក្សី​ស្រាប់​ព្រោះ​បានដឹង​ដែរ។
ហំ           : អា​មាន​ជម្រាប​លោក​ដោយ​ត្រង់​ទៅ។
ថៅកែ       : អា​មាន…នែ…(ខ្សឹប)ពីរម៉ឺន​រៀល។
សែ​ហ្វ       : ម្ដេច​នៅ​ស្ងៀម​ទាំងអស់គ្នា​ហើយ!មើល​ឆ្លើយ​ប្រាប់​ខ្ញុំ​ឱ្យ​ត្រង់​មក​ថា​តើ​ថៅកែ​នេះ​បាន​ប្រើ​តៃកុង​ឱ្យ​បុក​ឡាន​គេ​មែន​ឬទេ​បើ​
                    មែន​ថា​មែន​បើ​ទេ​ថា​ទេ(ចង្អុល​ទៅ​កម្មករ​ទ្រី)មែនឬ​អ្នក​ឯណោះ?
ថៅកែ       :អា​ទ្រី
ហំ           :អា​ទ្រី
ទ្រី           :មែន!
ថៅកែ       : វា​ភរ​ទេ!វា​ភរ​ទេ!
សែ​ហ្វ        : ចុះ​អ្នកនេះ?
ថៅកែ        : អាគង់​អាណិត​អញ!
ហំ            : អាគង់​អាណិត​ខ្លួន​អាឯង!
គង់           :មែន!
ថៅកែ        :លោក​សែ​ហ្វ!កុំ​ជឿ​វា​វា​ចូល​ដៃ​គ្នា​សម្លាប់​ខ្ញុំ​ហើយ។
សែ​ហ្វ        : ចុះ​អ្នក​ឯណោះ​ទៀត?
មាន          : មែន!
សុខ           : មែន!
ថៅកែ          : ឱ​ពុទ្ធោ​អើយ!
សែ​ហ្វ              : អ្នកនេះ​ជា​ប្រពន្ធ​តៃកុង​ហំ​ឬ?
យ៉ាន           : ចា​ស៎លោក!ប្ដី​ខ្ញុំ​បាន​បុក​ឡាន​ថៅកែ​ហុង​លី​ព្រោះ​ចង់បាន​លុយ?១ម៉ឺន​ឱ្យ​ខ្ញុំ​តាម​សេចក្ដី​សន្យា​របស់​ថៅកែ​ដល់​ប្ដី​ខ្ញុំ​
                         បានធ្វើ​អំពើ​នោះ​ហើយ​ថៅកែ​នេះ​មិន​ព្រមទាំង​បើក​លុយ១ម៉ឺន​រៀល​នោះ​ឱ្យ​ប្ដី​ផង។
សែ​ហ្វ           : បាទ!បាទ​ខ្ញុំ​យល់​ហើយ​រឿងនេះ(ចង្អុល​ទៅ​ផានី​ត)ចុះ​លោក​ប្អូន​ឯណោះ​យល់​ដូចម្ដេច​ដែរ។
ថៅកែ           : ក្មួយ​ផានី​ត​ជួយ​មា​ផង។
ផានី​ត           : ខ្ញុំ​បានឱ្យ​យោបល់​ហើយ​តើ​ឈ្មោះ​នេះឯង​ដែល​ខ្ញុំ​ស្រែ​កជ​ង្អុ​ល​ថា​ចោរ​នោះ​ពេលដែល​ពួកលោក​មកដល់(ថៅកែ​អូស​ដៃ​មេ​
                            នគរបាល​ទៅ​ខ្សឹប)។
សែ​ហ្វ           : តាងនាម​ក្រសួង​នគរបាល​ខ្ញុំ​សម្រេច​ថា ត្រូវ​នាំខ្លួន​ឈ្មោះ​ហំ​ទៅ​ក្រសួង​នគរបាលជាតិ​ទៅ​ចូលចាប់(ភ្នាក់ងារនគរបាល​
                          ក៏​ប្រតិបត្តិ​តាម។ចាប់​តែ​ពូ​ហំ)។
ហំ               : អរគុណ​ហើយ​មិត្ត​ទាំងអស់គ្នា។មែ​វា​ថែទាំ​កូន​និង​ម្ដាយ​ឱ្យបាន​ស្រួល​ផង។
ថៅកែ           : ពួក​អាឯង​ទាំងអស់គ្នា​ឈប់​ធ្វើការ​ពី​ផ្ទះ​អញ​ទៅ​ទៅណា​ទៅ​ចុះ!ពួក​អ​ក្រពើ!
សែ​ហ្វ           : ទៅ!ទៅ​ក្រសួង​នគរបាល(ច្រាន​និង​វាយ​ពូ​ហំ)។
យ៉ាន            :(ដោយ​ស្រែកយំ)លោក​អើយ​កុំ​ធ្វើបាប​ប្ដី​ខ្ញុំ(រត់​ចេញទៅ)។
គង់              : ឱ!អ្នកក្រ​អើយ!តើ​ខែ​ណា!ឆ្នាំ​ណា!សតវត្ស​ណា!ទើប​មាន​យ​ត្តិ​ធម៌។
សែ​ហ្វ            : ឈប់!ឈប់​និយាយ(ប្រាប់​នគរបាល)ចាប់​វា​ភ្លាម
ផានី​ត            : បញ្ហាស្រដៀងៗគ្នា​បាន​ចោទ​ពេញទំហឹង​នៅក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ​ដែល​ទើបនឹង​រួច​ពី​ការជិះជាន់​របស់​អាណានិគម​
                           គ្រាន់តែ​ចាប់​ពូ​ហំ​ដាក់គុក​មិនមែន​ដោះស្រាយ​បញ្ហា​ទាំងនោះ​ឱ្យបាន​ស្រឡះ​ ទេ​នាទី​យើង​ឥលូវ​គ្រាន់តែ​ស្ដែងឡើង​ឱ្យ​
                           លោក​ចាប់អារម្មណ៍​លើ​បញ្ហា​សង្គម​ខ្មែរ​ខ្លះ​ឱ្យ​ឱ្យបាន​ច្បាស់​ផ្លូវត្រូវ​ សំរាប់​ដោះស្រាយ​លោក​លោក​ទាំងអស់គ្នា​ជួយ​គិត​ចុះ​
                           នៅពេលដែល​លោកអ្នក​បានមក​ឃើញ​រឿងប្រឌិត​លើ​រឿង​ពិត​នៃ​បញ្ហា​ខ្លះ​នៃ​សង្គម​ខ្មែរ​យើង​រួចហើយ​នេះ។

                                                            ចប់